ព័ត៌មានជាតិ

សរុបព្រឹត្តិការណ៍ ព័ត៌មានជាតិ​ ប្រចាំសប្ដាហ៍

សម្ដេចតេជោ ៖ មន្ត្រីនគរបាល ដោះលែងមេក្លោង នាំផ្លូវពលករ គេចវេស ពីការធ្វើចត្តាឡីស័ក្ត ត្រូវដកឋានន្ដរស័ក្តិ ឬបណ្ដេញចេញ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចេញបញ្ជា ចំពោះមន្ត្រីនគរបាលរូបណា ដោះលែងមេក្លោង នាំផ្លូវពលករខ្មែរ មកកម្ពុជា គេចវេសមិនធ្វើចត្តាឡីស័ក្ត ត្រូវដកឋានន្ដរស័ក្តិ ឬបណ្ដេញចេញតែម្ដង ។

តាមរយៈសារសំឡេងរបស់ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា សម្ដេចតេជោ ដាក់ចេញវិធានការ សុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាល ជាអន្តរជាតិ នៃជំងឺកូវីដ-១៩ នៅតាមច្រកចេញ-ចូលកម្ពុជា។

សម្ដេចតេជោ មានប្រសាសន៍ថា «ទាក់ទិនជាមួយនឹងការចាប់បានពួកធ្វើសកម្មភាព ចាប់បានពួកអ្នកនាំផ្លូវហើយ បែរជាដោះលែងទៅវិញ ដែលនាំឲ្យដកឋានន្ដរស័ក្តិ ឬបណ្ដេញចេញជាជួរតែម្ដង ចំពោះមន្ដ្រីនគរបាលណា ដែលអនុវត្តខុសឆ្គងទៅនឹងវិធានការទាំងឡាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធមនុស្ស។ ការរត់ពន្ធមនុស្សនេះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលអាចនាំដល់មហន្ដរាយ នៃសុខភាពសាធារណៈ ដោយការជំងឺឆ្លង»។

សម្ដេចតេជោ ក៏បានអំពាវនាវ ទៅដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចាប់ប្រមូលអ្នកដែលជាប់ពាក់ព័ន្ធនឹងការនាំឆ្លងកាត់ផ្លូវរបៀង ដើម្បីអនុវត្តដាក់ទោស ឬក៏ណែនាំទៅពួកគេ ដើម្បីឲ្យពួកគេបញ្ឈប់នាំមនុស្សឆ្លងដែនបន្ដទៀត។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤៧៩នាក់ ក្នុងនោះ ជាសះស្បើយ ចំនួន៤៦៩នាក់ និងអ្នកជំងឺ១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

គ្រាន់តែភ្លេចដាក់ចំណី ឲ្យសារិកាកែវស៊ី វាយក្មេងស្រី២នាក់ របួសពេញខ្នង

ភ្នំពេញ ៖ កម្លាំងនគរបាលខេត្តឧត្តរមានជ័យ បាននិងកំពុងស្រាវជ្រាវស្វែងរកជនសង្ស័យ និងកសាងកំពុងសំណុំរឿង តាមនិតិវិធីច្បាប់ ករណីប្រើហិង្សាដោយចេតនា លើអនិតិជនដោយសារតែក្មេង២នាក់ ភ្លេចដាក់ចំណីឲ្យសារិកាកែវស៊ី។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្រោយពីទទួលបានព័ត៌មានករណីហិង្សាលើក្មេងស្រីចំនួន២នាក់ភ្លាមៗ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាកម្លាំងអធិការនគរបាលក្រុងសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ ធ្វើការស្រាវជ្រាវ ករណីហិង្សាដោយចេតនាលើអនិតិជន ដែលបានកើតឡើងនៅម៉ោង១៨ ថ្ងៃ១១ កុម្ភៈ នៅចំណុចផ្លូវលេខ៤ ភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។​​ លោកស្នងការបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពែង រដ្ឋា ហៅ រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិកើតហេតុ។

ជនសង្ស័យបានធ្វើសកម្មភាព យករំពាត់មែកឈើ វាយទៅលើជនរងគ្រោះឈ្មោះ ផាត លីហ្សាប ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅភូមិកើតហេតុ និងឈ្មោះ ផាត ស្រីង៉ិក ភេទស្រី អាយុ១០ឆ្នាំ មានទីលំនៅភូមិកើតហេតុ (ទាំង២នាក់ ជាក្មេងកំព្រា ដោយឪពុក-ម្តាយជាប់ពន្ធនាគារ) បណ្ដាលឲ្យមានស្នាមរបួសនៅលើខ្នងជាច្រើនកន្លែង។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា មូលហេតុ ខឹងក្មេងស្រីទាំង២នាក់ ធ្វើឲ្យសត្វសារិកាកែវងាប់ ចំនួន២ក្បាល ព្រោះក្មេងស្រីទាំង ២នាក់ បានភ្លេចដាក់ទឹកនិងចំណី ឲ្យសត្វសារិកាកែវផឹកស៊ី។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យ និងកសាងកំពុងសំណុំរឿង តាមនិតិវិធីច្បាប់ ៕

អភិបាលខេត្តបាត់ដំបង មិនលើកលែង ឲ្យចំពោះបុគ្គលណា ពាក់ព័ន្ធជាមួយអធិការ ស្រុកកំរៀង

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង

ភ្នំពេញ ៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានប្រកាសមិនលើកលែង ឲ្យអ្នកឃុបឃិត ជាមួយអធិការស្រុកកំរៀង ក្នុងករណីដោះលែងមេខ្យល់ នាំពលករខ្មែរ គេចវេះពីការធ្វើចត្តាឡីស័ក ។ នេះបើតាមការផ្សព្វផ្សាយ របស់រដ្ឋបាលខេត្តបាត់ដំបង ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំបន្ទាន់ ស្តីពីការទប់ស្កាត់ការគេចវេះ ធ្វើចត្តាឡីស័ករបស់ពលករ និងពិនិត្យសភាពការ នៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង នៅរសៀលថ្ងៃ១៥ កុម្ភៈ លោក ងួន រតនៈ បានលើកឡើងថា នឹងមិនលើកលែង ចំពោះអ្នកពាក់ព័ន្ធឃុបឃិត នឹងអធិការស្រុកកំរៀង ដែលបានប្រព្រឹត្តខុសនីតិវិធី ដែលនាំពលករគេចវេសពីការធ្វើចត្តាឡីស័ក ។

ជាមួយគ្នានេះ អភិបាលខេត្ត ក៏បានចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់កុំឲ្យពលករគេចវេស ពីការធ្វើចត្តាឡីស័ក ហើយអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តវិធានការមួយចំនួនភ្លាមៗ ក្នុងនោះការរឹតបន្តឹង តាមចាប់ពួកមេខ្យល់នាំពលករ ឆ្លងដែនខុសច្បាប់ ការអប់រំផ្សព្វផ្សាយពីសារសំឡេង របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅតាមមូលដ្ឋាន នៅតាមមណ្ឌលចត្តាឡីស័កជាដើម ។

សូមបញ្ជាក់ថា នៅថ្ងៃ១៥ កុម្ភៈ បន្ទាប់ពីរកឃើញកំហុស របស់លោក គឹម ពន្លក អធិការស្រុកកំរៀង ប្រព្រឹត្តខុសនីតិវិធី ហ៊ានដោះលែងមេខ្យល់ដោយចិត្តឯង ដែលនាំពលករគេចវេស ពីការធ្វើចត្តាឡីស័ក តាមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានផ្អាកការងារបណ្ដោះអាសន្ន នូវអធិការស្រុកកំរៀងរូបនេះ ។

ក្រោយឃើញករណីនេះ សម្តេចតេជោបានប្រកាសដកតំណែង លោកអធិការស្រុករូបនេះភ្លាម ហើយសម្តេចក៏បានចេញ អនុក្រឹត្យបញ្ចប់មុខតំណែងផងដែរ។

គួររំលឹកថា ចាប់តាំងពីមានការផ្ទុះឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ខេត្តសាមុទសាខន ប្រទេសថៃ មានពលករឆ្លងដែនពីថៃ តាមច្រកនានាជាប់ខេត្តបាត់ដំបងជាង ៦០០០នាក់ ហើយបានបញ្ចប់ការធ្វើចត្តាឡីស័កជាង ៣០០០នាក់ និងកំពុងធ្វើចត្តាឡីស័កជាង ២០០០នាក់ ខណៈអាជ្ញាធរក៏បានឃាត់ខ្លួនមេខ្យល់ ដែលនាំពលករឆ្លងដែនខុសច្បាប់ជាបន្តបន្ទាប់ និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ និងបន្តស្វែងរកពួកមេខ្យល់មួយចំនួនទៀត ៕

មន្រ្តីរាជការនៃមន្ទីររៀបចំដែនដី ខេត្តប៉ៃលិន នាំគ្នាផ្ដិតមេដៃ ប្ដឹងទៅកាន់រដ្ឋមន្រ្តី សុំដោះដូរ ប្រធាន និងអនុប្រធានមន្ទីរ

ភ្នំពេញ៖តំណាងមន្ត្រីរាជកានៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តប៉ៃលិនបាននាំគ្នាផ្ដិតមេដៃ ប្ដឹងលោក សូ សុខុន ប្រធានមន្ទីរ និង លោក កែវ សុវត្ថិ អនុប្រធានមន្ទីរទៅកាន់លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដោយធ្វើការចោទប្រកាន់លោកទាំងពីរ ពុំមានសមត្ថភាពដឹកនាំ និងគ្មានជំនាញលើកិច្ចការសុរិយោដី បក្ខពួកនិយម ខ្វះការចូលរួមមតិ ។

យោងតាមលិខិតរបស់តំណាងមន្ត្រីរាជកានៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តប៉ៃលិនចុះថ្ងៃទី៥ ខែ កុម្ភៈ បានបញ្ជាក់ថា “យើងខ្ញុំទាំងអស់គ្នាមិនពេញចិត្តការដឹកនាំរបស់ប្រធានមន្ទីរ សូ សុខុន និងលោកអនុប្រធានមន្ទីរទទួលបន្ទុកសុរិយោដី កែវ សុវត្ថិ ពុំមានសមត្ថភាពដឹកនាំ និងគ្មានជំនាញលើកិច្ចការសុរិយោដី បក្ខពួកនិយម ខ្វះការចូលរួមមតិ និងការសម្រេចចិត្តនានា ពុំស្ថិតក្នុងគន្លងនៃរចនាសម្ព័ន្ធនៃការចាត់តាំង និងសេចក្ដីសម្រេចជាមួយនិងការវាយតម្លៃចំពើបុគ្គល ទាំងពីររូបនេះពុំសាកសមជាមន្រ្តីដឹកនាំអង្គភាព”៕

គ ប ម ទស្សន៍ទាយពី ជោគវាសនា លោក សម រង្ស៊ី – លោកកឹម សុខា ថា នឹងប្រកាស បែកបាក់ជាចំហ

ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលហៅកាត់ថា គ ប ម កើតចេញពីក្រុមបញ្ញវន្ត បានធ្វើការទស្សន៍ទាយពីជោគវាសនារបស់អតីតមេដឹកនាំ បក្សសង្គ្រោះជាតិ(គសជ) គឺលោក សម រង្ស៊ី និងលោក កឹម សុខា ថា នឹងប្រកាសបែកបាក់គ្នាជាចំហរមុន ការបោះឆ្នោតថ្នាក់ជាតិនាឆ្នាំ២០២៣ខាងមុខនេះ។

លោក សម រង្ស៊ី និងលោក កឹម សុខាត្រូវបានគេដឹងថា បានរួមគ្នាបង្កើតគ ណបក្សមួយឈ្មោះថា គណបក្សសង្គ្រោះជាតិដើម្បីចូលរួមបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់នាឆ្នាំ២០១២ និងថ្នាក់ជាតិ២០១៣ ដោយកាលនុះបក្សនេះបានទទួល អាសនៈក្នុងរដ្ឋសភា៥៥ និងគណបក្ស ប្រជាជនកម្ពុជា៦៨អាសនៈ។ ប៉ុន្តែប្រមាណជា៤ឆ្នាំក្រោយ ពោលក្រោយបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣បក្សប្រឆាំងនេះ មិនបានឈរជើងទេទៀត ដោយសារតុលាការកំពូលបានចេញសាលដីការំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមហេតុផលលោក សម រង្ស៊ី ជាប់ក្តីក្តាំងនៅតុលាការ និងលោក កឹម សុខា ត្រូវបានចោទប្រកាន់ ជាប់ពាក់ព័ន្ធអំពើក្បត់ជាតិដែលមានបរទេសនៅពីក្រោយ។

ខណៈនៅសល់២ឆ្នាំទៀតចូលដល់រដូវការឃោសនារកសំឡេងឆ្នោត ដើម្បីឈានទៅរកបោះឆ្នោតឆ្នាំ២០១៣នោះ គណបក្សប្រជាធិបតេយ្ យមូលដ្ឋាននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបង្ហាញសេណារីយ៉ូ៣ចំណុច ពីការបោះឆ្នោតនាពេលខាងមុខ។ ក្នុងនោះ សេណារីយ៉ូទី៣ដែលផ្តោត លើអតីតបក្សសង្រ្គោះជាតិ គ ប ម លើកឡើងថា “ក្រុមលោក សម រង្ស៊ី និងលោក កឹម សុខា ប្រកាសបែកបាក់ជាចំហ ហើយចូលរួមបោះឆ្នោត ដោយមានបក្សតំណាងរៀងៗខ្លួន ។ សេណារីយ៉ូនេះ គណបក្សប្រជាជននៅតែឈ្នះ តែពិបាករកសំឡេងបាន ២/៣ ហើយក្រុមប្រឆាំង ជាពិសេស ក្រុម លោក សម រង្ស៊ី និងលោក កឹម សុខា ឈ្នះបានកៅអីគួរសម ក្នុងរដ្ឋសភា ដែលធ្វើឲ្យរដ្ឋសភាមានលក្ខណៈចម្រុះបក្សល្អ មានការជជែកដេញដោលក្នុងរដ្ឋសភា មានការកោះហៅតំណាងរាជរដ្ឋាភិបាលមកឆ្លើយបំភ្លឺទៅលើរឿងរ៉ាងផ្សេងៗ” ។

បក្សនេះបន្តថា សេណារីយ៉ូ នេះនឹងធ្វើឲ្យស្ថានការណ៍សិទ្ធិមនុស្ស ជាពិសេស សេរីភាពបញ្ចេញមតិ និងការជួបជុំ មានភាពប្រសើរឡើងវិញ។ ការគំរាមកំហែងនិងការចាប់ ដាក់គុកមានភាពចុះថយ។ សហគមន៍អន្តរជាតិចូលរួមសាទរនិងផ្តល់ការសហការល្អជាមួយរាជរដ្ឋាភិបាល ហើយអាច EU ផ្តល់ប្រព័ន្ធ EBA ទាំងស្រុងមកវិញ។ សេណារីយ៉ូនេះអាចនឹងកើតឡើងច្រើនដែរ (៤៩%)។

ចំណែកសេណារីយ៉ូ២ទៀត គឺទី១- គណបក្សសង្រ្គោះជាតិរស់ឡើងវិញ ហើយចូលរួមបោះឆ្នោត
សេណារីយ៉ូនេះជាសេណារីយ៉ូ ដែលអ្នកដឹកនាំ និងអ្នកគាំទ្រ គសជ ចង់ឲ្យកើតមាន តែអ្នកដឹកនាំគណបក្សប្រជាជនបានបិទច្រករួចទៅហើយ តាមរយៈការសម្រេចរបស់សាល ដីកាតុលាការកំពូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ រំលាយ គសជ ហើយបិទផ្លូវតវ៉ា។ អ្នកដឹកនាំ គសជ ចង់បាន តែធ្វើការទាមទារតវ៉ាដ៏ទន់ខ្សោយ ហើយជាមួយនេះ សហគមន៍អន្តរជាតិយកចិត្តទុកដាក់តិចតួច ដែលធ្វើឲ្យសេណារីយ៉ូនេះមានភាគរយ តិចតួចប៉ុណ្ណោះដែលអាចកើតឡើងបាន (១%)។

ចំពោះសេណារីយ៉ូទី២- ការបោះឆ្នោតប្រព្រឹត្តទៅដោយគ្មានវត្តមាន គសជ និងអ្នកដឹកនាំ អតីត គសជ ធ្វើពហិកា ។ សេណារីយ៉ូនេះ ប្រព្រឹត្តទៅស្រដៀងនឹងការបោះឆ្នោតឆ្នាំ ២០១៨ ដោយអ្នកដឹកនាំ គសជ ធ្វើពហិកានិងយុទ្ធការមិនឲ្យពលរដ្ឋទៅបោះឆ្នោត ជាមួយពាក្យស្លោក “ដេកផ្ទះឈ្នះស្រួល”, “ដេកផ្ទះឈ្នះពេក”, ឬ “ទុកម្រាមដៃឲ្យសស្អាត” … ។ គណបក្សផ្សេងៗនឹងចូលរួម ហើយអាចបានកៅអីខ្លះនៅក្នុងរដ្ឋសភា តែគណបក្សប្រជាជននៅឈ្នះដាច់លើសពី ២/៣ នៃកៅអីក្នុងរដ្ឋសភា ហើយបន្តដឹកនាំតាមបែបជិះសេះលែងដៃ។ សហគមន៍អន្តរជាតិមិនសូវស្វាគមន៍ការបោះឆ្នោតនេះទេ តែក៏មិនដឹងធ្វើយ៉ាងម៉េចដែរ មានតែបន្តចាប់ដៃសហការជាមួយរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត។ សេណារីយ៉ូនេះអាចកើតឡើងច្រើន (៥០%)៕

លោក សយ សុភាព បញ្ចេញទស្សនៈថា ជាការពិតហើយលោក សម រង្ស៊ី-លោក កឹម សុខា ចែកចានឆ្នាំងគ្នា

ភ្នំពេញ ៖ ក្រោយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) បានលើកឡើង ពីជោគវាសនារបស់លោក សម រង្ស៊ី និងលោក កឹម សុខា ថានឹងប្រកាសបែកបាក់គ្នា ជាចំហរហើយនោះ លោក សយ សុភាព ដែលអ្នកចូលចិត្ត តាមស្ថានការណ៍នយោបាយ ជាតិ-អន្តរជាតិ បានលើកឡើង ជាទស្សនៈផ្ទាល់ខ្លួនថា ជាការពិតហើយដែល គ ប ម លើកឡើងយ៉ាងដូច្នេះ ។

លោក សយ សុភាព ថ្លែងនៅថ្ងៃ១៧ កុម្ភៈថា “បើ គ ប ម ប្រកាសថាចែកចានឆ្នាំងហើយ គឺវាពិតហើយ គ្មានអ្នកណាស្គាល់ក្រុមអតីតបក្សប្រឆាំងជាងគ ប មទេ។ អនាគត គ ប ម អាចនឹងចូលរួមជាមួយលោក កឹម សុខា ប្រសិនបើគាត់អាចមានវាសនាបង្កើតបក្សក្រោយឆ្លងផុតវិញ្ញាសារតាមផ្លូវតុលាការ” ។

លោកថា ម៉្យាងទៀតសហរដ្ឋអាមេរិកដូរយុទ្ធវិធីដោយព្យាយាមដោះដូរ ជាមួយរដ្ឋាភិបាលភ្នំពេញ ដើម្បីឲ្យលោកកឹម សុខា ឆ្លងផុតតាមផ្លូវតុលាការរួចអាចបង្កើតបក្សថ្មី តែមិនមែនខ្មោចសង្រ្គោះជាតិ។ សហរដ្ឋអាមេរិក នៅពេលនេះ សុខចិត្តដូរសន្លឹកបៀរដោយធិបលោកសម រង្ស៊ី ។ អាមេរិកអត់ខ្វល់ទេសំខាន់ផលប្រយោជន៍។ អ្វីដែលសំខាន់បំផុតជាយុទ្ធសាស្រ្ត របស់ឥណ្ឌូប៉ាស៊ីហ្វិក គឺទប់ស្កាត់ឥទ្ធិពលចិន។

លោក សយ សុភាពសង្កត់ធ្ងន់ថា “វាសនា លោក សម រង្ស៊ីនឹងដូចឪពុកខ្លួន ឬលន់ ណល់ ។ កុំនិយាយឲ្យសោះថា លោក សម រង្ស៊ីមានសមាជិកគាំទ្រច្រើនលើសលោក កឹម សុខា តែអាមេរិក និងសម្ព័ន្អគាំទ្រលោក កឹម សុខា អ្វីពួកគេផ្តល់គ្រប់មធ្យោបាយឲ្យលោក កឹម សុខាទាំងអស់។ ដូច្នេះអ្នកងប់ងល់លោក សម រង្ស៊ី ពិចារណា ។ ជាតិសំខាន់ជាងលោក សម រង្ស៊ី និងក្រុមរបស់គាត់ ហើយក៏ជាមេរៀនម្តងទៀតថា កុំអាមេរិកជាងអាមេរិក។ គេធ្វើតាមយុទ្ធសាស្ត្ររបស់គេ គេមិនស្រលាញ់យើងទេ ។ កុំស្លាប់ដើម្បីគេតែយើងរស់ដើម្បីប្រទេស និងប្រជាជនរបស់យើង”។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានធ្វើការទស្សន៍ទាយពីជោគវាសនារបស់អតីតមេដឹកនាំបក្សសង្គ្រោះជាតិ(គសជ) គឺលោក សម រង្ស៊ី និងលោក កឹម សុខា ថានឹងប្រកាសបែកបាក់គ្នាជាចំហរ មុនការបោះឆ្នោត ថ្នាក់ជាតិ នាឆ្នាំ២០២៣ខាងមុខនេះ ហើយចូលរួមបោះឆ្នោត ដោយមានបក្សតំណាងរៀងៗខ្លួន ៕

ត្រៀមខ្លួនទៅ! អ្នកគេចវេះ និងអ្នកនាំគេគេចវេះ ការធ្វើចត្តាឡីស័ក នឹងពិន័យពី ១-៥០លានរៀល

ភ្នំពេញ៖ អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូន ដែលគេចវេះមិនធ្វើចត្តាឡីស័ក ត្រូវទទួលពិន័យពី ១លានរៀល ទៅ ៥លានរៀល និងតម្រូវឲ្យអនុវត្ត វិធានការសុខាភិបាល ហើយចំពោះអ្នកដែលនាំគេឲ្យ ឱ្យគេចចេញពីការត្រួតពិនិត្យ ឬគេចពីការអនុវត្ត វិធានការចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ ជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល ។

នេះបើយោងតាមអនុក្រឹត្យរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការកែសម្រួលមាត្រា៨ នៃអនុក្រឹតចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាល ជាអន្តរជាតិ នៃជម្ងឺនៅតាមច្រកទ្វាចេញចូល ។

ក្នុងអនុក្រឹត្យថ្មីបានសម្រេចបង្កើន ការផាកពិន័យធ្ងន់ធ្ងរសម្រាប់ អ្នកមិនអនុវត្តការធ្វើចត្តាឡីស័ក និងបានបញ្ចូលបន្ថែមពីការពិន័យចំពោះអ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនា ដល់អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូនឲ្យគេចចេញពីការត្រួតពិនិត្យ ឬគេចវេះពីការអនុវត្តវិធានចត្តាឡីស័កផងដែរ ។

ក្នុងអនុក្រឹត្យបញ្ជាក់ថា «មាត្រា៨ថ្មី បានចែងថា អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូន ដែលគេចវេះមិនឲ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័ក ក្នុងការអនុវត្តវិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទ ដែលមានកំណត់ក្នុងអនុក្រឹត្យចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូល ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល និងតម្រូវឲ្យអនុវត្តវិធានការសុខាភិបាល។

មាត្រា៨ថ្មីនេះ បានចែងទៀតថា ជនណាដែលផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬ ជួយសម្រួលដោយ ចេតនាដល់អ្នកដំណើរឬការីនៃយានដឹកជញ្ជូន ឲ្យគេចចេញពីការត្រួតពិនិត្យ ឬគេចពីការអនុវត្តវិធានការ ចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល។ ការពិន័យអន្តរការណ៍ជាសមត្ថកិច្ច របស់ក្រសួងសុខាភិបាល» ។

ក្នុងករណីជនល្មើសមិនព្រម បង់ប្រាក់ពិន័យអន្តរការណ៍ ក្នុងរយៈពេល ៣០ថ្ងៃគិតចាប់ពីថ្ងៃទទួលបាន សេចក្ដីសម្រេចស្ដីពីការពិន័យអន្តរការណ៍ មន្ត្រីក្រសួងសុខាភិបាលដែលមាន នីតិសម្បទាជានគរបាលយុត្តិធម៌ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការ តាមនីតិវិធីជាធរមាន។ ទម្រង់បែបបទនៃបង្កាន់ដៃពិន័យ និងការគ្រប់គ្រងប្រាក់ដែលបាន មកពីការពិន័យអន្តរការណ៍ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួង របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ក្នុងមាត្រានេះចែងបន្តថា ការទទួលពិន័យអន្តរការណ៍នេះ មិនធ្វើឲ្យជនដែលប្រព្រឹត្តបទល្មើសរួចផុតពីការទទួលខុសត្រូវ ខាងព្រហ្មទណ្ឌផ្សេងទៀត ដែលមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានឡើយ។ ជនណាដែលក្លែងបន្លំឯកសារពាក់ព័ន្ធសុខភាព ក្នុងគោលបំណងគេចវេះពីការអនុវត្ត វិធានការចត្តាឡីស័ក ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។

ក្នុងករណីដែលអ្នកដំណើរ ឬការីនៃយានដឹកជញ្ជូនមិនព្រមអនុវត្ត តាមបទប្បញ្ញត្តិ នៃកថាខណ្ឌខាងលើ មន្ត្រីចត្តាឡីស័កត្រូវសហការជាមួយ នឹងអាជ្ញាធរពាក់ព័ន្ធ ដើម្បីបដិសេធការចេញ-ចូលកម្ពុជា ៕

ពេជ្រ ស្រស់ ៖ បើការពិត អភិបាលរង ខេត្តបាត់ដំបង បោះបង្គោលចំកណ្តាលផ្លូវមែន គឺពុំគួរឲ្យកាន់តំណែងទៀតទេ

ភ្នំពេញ ៖ ទោះបីជាអភិបាលរង ខេត្តបាត់ដំបង ឈ្មោះ ឆាយ ម៉ាទីណាល់ ព្រមដកបង្គោលចេញ ពីកណ្តាលទ្រូងផ្លូវក៏ដោយ ប៉ុន្តែលោក ពេជ្រ ស្រស់ មេបក្សយុវជនកម្ពុជា បានទាមទារឲ្យស្រាវជ្រាវ រកការពិតឲ្យឃើញថា លោកអភិបាលរងខេត្តម្នាក់នេះ ពិតជាបានប្រព្រឹត្តិរឿង ដ៏ថោកទាបនេះ ឬក៏អត់? បើជាការពិត គឺពុំគួរទុកឲ្យកាន់តំណែងធំបែបនេះទៀតទេ។

កាលពីថ្ងៃ១៧ កុម្ភៈ តាមរយៈបណ្តាញសង្គម ករណីអភិបាលខេត្តរង ខេត្តបាត់ដំបងរូបនេះ ដែលបានបង្គោលថ្ម លើកណ្តាលទ្រូងផ្លូវ ទទួលបានការចាប់អារម្មណ៍ ជាខ្លាំងពីសាធារណជន ដែលសម្តែងការហួសចិត្ត ចំពោះទង្វើមន្រ្តីរូបនេះ ។ ក្រោយផ្ទុះការរិះគន់ លោកក៏បានរុះរើរបងចេញ។

លោក ឆាយ ម៉ាទីណាល់ បានអះអាងថា មានគេធ្វើផ្លូវរំលោភលើដី ម៉ាក់គាត់ រួមទាំងអគ្គិសនីផងដែរ ។

លោក ពេជ្រ ស្រស់បានលើកឡើង នៅថ្ងៃ១៧ កុម្ភៈថា “បើសិនជារឿងនេះពិតមែននោះ មន្រ្តីប្រភេទនេះពុំគួរកាន់តំណែងធំ បែបនេះទេ ដោយហេតុថា បើរាស្រ្តធ្វើអំពើថោកទាបគ្រាន់ តែបង្ករជម្លោះជាមួយអ្នកជិតខាង ក៏ប៉ុន្តែបើអ្នកកាន់អំណាចធ្វើអំពើថោកទាប គឺបង្កគ្រោះភ័យដល់ជាតិ និងសេចក្តីសុខរបស់ពលរដ្ឋមួយនគរ ។ ដូច្នេះករណី នៃលោកអភិបាលរងខេត្តម្នាក់នេះ គួរតែស្រាវជ្រាវរកការពិតឲ្យឃើញថា លោកអភិបាលរងខេត្តម្នាក់នេះ ពិតជាបានប្រព្រឹត្តិរឿងដ៏ថោកទាបនេះ ឬក៏អត់?”។

លោកថា បើរកឃើញបានប្រព្រឹត្តមែននោះ រាជរដ្ឋាភិបាលគួរឲ្យគាត់ទៅរៀនសូត្រឡើងវិញ ដោយហេតុថាការពង្រីកផ្លូវរបស់រដ្ឋ គឺម្ចាស់ដីត្រូវតែបរិច្ចាគដីឲ្យរដ្ឋពង្រីកផ្លូវ ដើម្បីជាប្រយោជន៍រួម ។

លោកបន្តថា ព្រោះក្នុងនាមជាមន្រ្តីត្រូវធ្វើគំរូ ដល់ពលរដ្ឋក្នុងការផ្តល់ដីជូនរដ្ឋ ពង្រីកផ្លូវប្រើប្រាស់រួម ហើយធ្វើឲ្យពលរដ្ឋដទៃទៀត បើកចិត្តទូលាយជាមួយរដ្ឋពេល ដែលរដ្ឋត្រូវការពង្រីកផ្លូវ ៕

អ្នកនាំពាក្យក្រសួងសុខាភិបាល៖ មានអ្នកខ្លះយល់ច្រឡំ ការធ្វើចត្តាឡីស័ក ជាការឃុំខ្លួន

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានស្នើប្រជាពលរដ្ឋកុំឲ្យមានការយល់ច្រឡំថា ការធ្វើចត្តាឡីស័ក គឺជាការឃុំខ្លួនព្រោះការ គិតបែបនេះគឺខុសស្រឡះ ដោយសារចត្តាឡីស័កគឺមានភាពងាយស្រួល និងសិទ្ធិសេរីភាពគ្រប់ពេលវេលា ។

ក្នុងសន្និសីទសារព័ត៌មានជុំវិញការ កែសម្រួលអនុក្រឹត្យស្តីពីវិធានការ សុខាភិបាលនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ថា “អ្នកខ្លះយល់ច្រឡំថា ចត្តាឡីស័កជាការឃុំខ្លួន តែកុំគិតចឹងព្រោះរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការរៀបចំ ចត្តាឡីស័កយ៉ាងត្រឹមត្រូវ មានសេរីភាពគ្រប់គ្រាន់” ។

លោកស្រីបន្តថា គ្មានប្រទេសណាដូចកម្ពុជា ឡើយរឿងចត្តាឡីស័កនេះ ព្រោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានគិតគូ ជាពិសេសបានផ្តល់ថវិកា ២ម៉ឺន ផ្តល់អាហារ ៣ពេល មានកន្លែងស្នាក់នៅ ផ្តល់មី ទឹកសុទ្ធ និងឃីតជាដើម ។

លោកស្រីក៏បានលើកពី អ្នកមួយចំនួនដែលបានបញ្ចប់ ធ្វើចត្តាឡីស័កហើយក្នុងរយៈពេល ១៤ថ្ងៃហើយ មិនចង់ត្រឡប់ទៅផ្ទះវិញទេ ។ លោកស្រីថា ពួកគេចង់នៅបន្ត ដោយអះអាងថា រស់នៅស្រួលមានទាំងគ្រូពេទ្យ មានថវិកាទៀត និងអាហារ ៣ពេលទៀត។

ចំពោះអ្នកបំភ្លៃព័ត៌មានថា មានអ្នកស្លាប់ដោយការចាក់វ៉ាក់សាំងស៊ីណូហ្វាម លោកស្រីបានហៅពួកគេថា អ្នកបំពុលសង្គម ជាមនុស្សគ្មានបេះដូង និងគ្មានសារជាតិមនុស្សជាតិឡើយ ។

លោកស្រីឱ វណ្ណឌីន ចាត់ទុកពួកគេថា ជាឧក្រិដ្ឋជន។ លោកស្រីបានស្នើឲ្យអ្នកផ្សាយព័ត៌មាន បំពុលសង្គមត្រូវបញ្ឈប់ការ ផ្សព្វផ្សាយព័ត៌មានប្រឌិតភ្លាម។
ចំពោះអ្នកចាក់វ៉ាក់រួចគិតមកដល់ថ្ងៃ១៨ កុម្ភៈ មានចំនួន ៣៨០៣នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ១៩ កុម្ភៈ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៤៨៤ នាក់ អ្នកជាសះស្បើយចំនួន៤៧០ នាក់ និងអ្នកកំពុងព្យាបាលចំនួន១៤ នាក់ ៕

អ្នកនាំពាក្យ ក្រសួងសុខាភិបាលច្រានចោលថា គ្មានអ្នកស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងកូវីដ១៩ស្លាប់ទេ

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខានិងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានបញ្ជាក់ក៏ដូចជាច្រានចោលថា រហូតមកដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ គ្មានអ្នកស្ម័គ្រចិត្តណាម្នាក់ ដែលចាក់វ៉ាក់សាំងកូវីដ១៩ បានស្លាប់បាត់បង់ជីវិតនោះទេ។

ការចេញច្រានចោលរបស់អ្នកនាំពាក្យ ក្រោយមានការផ្សាយថា មានមនុស្ស៣នាក់ហើយបានស្លាប់ និងជាង១០នាក់ផ្សេងទៀត កំពុងសង្រ្គោះបន្ទាន់ ដោយការចាក់វ៉ាក់សាំងកូវីដ១៩។

លោកស្រីឱ វណ្ណឌីនបានបញ្ជាក់ថា “ក្រសួងសុខាភិបាល សូមប្រកាសច្រានចោល ទាំងស្រុង នូវព័ត៌មានប្រឌិត មានចេតនាបំពុលសង្គម ធ្វើឲ្យប្រជាពលរដ្ឋ បាត់ជំនឿលើការចាក់វ៉ាក់សាំងកូវីដ-១៩ នេះ។ ក្រសួង សូមបញ្ជាក់ថា មកទល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ មិនមានបុគ្គលណាម្នាក់ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម នៅកម្ពុជារួចហើយនោះ បានស្លាប់បាត់បង់ជីវិតដោយសារចាក់ ( វ៉ាក់សាំងនោះឡើយ”។

លោកស្រីបានស្នើអាជ្ញាធរមានសមត្ថ កិច្ច ជួយចាត់ការតាមផ្លូវច្បាប់ផង ចំពោះបុគ្គលដែលផ្សាយព័ត៌មាន បំភ័យពលរដ្ឋនិងបំពុលសង្គម៕

To Top