ភ្នំពេញ៖ ឈ្មោះ អ៊ឹម សុភី ជាគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿងនិងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព អ៊ឹម សុភី ស្ថិតនៅភូមិ៣ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩និងត្រូវបានដាក់ ឲ្យព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រៃវែងនៅថ្ងៃទី៧ មីនានេះ បានឲ្យដឹងបន្ថែមថា ពាក់ព័ន្ធហេតុការណ៍នេះ រដ្ឋបាលបានចាត់តាំងបន្ទាន់ដល់មន្ទីរសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធដឹកនាំចុះស្រាវជ្រាវកំណត់មុខសញ្ញាដែលពាក់ព័ន្ធរួមមាន៖
១.មន្រ្តីបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍
២.អ្នកដែលបានមកសម្រាកនិងពិនិត្យព្យាបាលនៅមន្ទីរសម្រាកព្យាបាលនិងសម្ភព អ៊ឹម សុភី
៣.ក្រុមគ្រួសារ ប្រពន្ធ កូន និងអ្នករស់នៅជាមួយឈ្មោះ អ៊ឹម សុភី
៤. អ្នកដែលមានការពាក់ព័ន្ធផ្សេងៗទៀត
ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍ រដ្ឋបាលខេត្តព្រៃវែង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព អ៊ឹម សុភីគិតចាប់តាំងពីថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ ២០២១សូមសហការជាមួយសមត្ថកិច្ច និងមន្ទីរជំនាញដោយត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកអ្នកលឿង៕