ព័ត៌មានជាតិ

គ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ ជាង១៥តោន ត្រូវបានយកចេញ ពីនាវាចម្បាំងលិច ក្នុងទន្លេមេគង្គ នាខេត្តកំពង់ចាម

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ចាប់តាំងពីខែតុលា ឆ្នាំ២០២០ រហូតមកដល់ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារបានបើកប្រតិបត្តិការ បោសសំអាតគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ ក្នុងនាវាចម្បាំងលិច ក្នុងទន្លេមេគង្គ ស្ថិតក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានចំនួន១៥,២៨២គីឡូក្រាម រួមទាំងឆ្អឹងសពមនុស្ស និងសម្ភារសឹកមួយចំនួនទៀត។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក របស់សម្ដេចក្រឡាហោម ស ខេង។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំនិងតាមដាន ប្រកបដោយការយកចិត្តទុកដាក់ ខ្ពស់ចំពោះប្រតិបត្តិការរបស់ ក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សានិងដោះស្រាយករណី រកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវា ដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ដោយឡែកនៅក្នុងសប្ដាហ៍ទី១ នៃខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារប្រតិបត្តិការ បានបន្តបេសកកម្ម មុជទឹក ចុះស្រង់គ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ បានជាបន្តបន្ទាប់ទៀត ក្នុងនោះរួមមាន គ្រាប់ប្រភេទ១២.៧ម.មចំនួន១៩,០៨៧គ្រាប់, គ្រាប់៦០ ម.ម ៨៧គ្រាប់, គ្រាប់៨១ ម.ម ៦១គ្រាប់, ឆ្អឹងសពមនុស្ស១៦បំណែក, អាវុធAK៤៧៨ដើម និងសម្ភារសឹកមួយចំនួន។

សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សានិងដោះស្រាយករណី រកឃើញគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយមាននាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាប្រចាំការក្រសួងការពារជាតិ ជាប្រធាន អមដោយអគ្គស្នងការនគរបាលជាតិ និងអគ្គនាយកមជ្ឈមណ្ឌលជាតិ សម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសំអាតមីន និងគ្រប់មិនទាន់ផ្ទុះជាអនុប្រធាន។

ក្នុងកិច្ចប្រតិបត្តិការ បោសសំអាតគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ ក្នុងនាវាចម្បាំងលិចនោះ រាជរដ្ឋាភិបាលបានកំណត់ឱ្យ ក្រុមការងារអន្តរក្រសួង ធ្វើសេចក្តីរាយការណ៍ និងស្នើសុំយោបល់ដឹកនាំ ជាប្រចាំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម បានដឹកនាំកិច្ចប្រជុំជាបន្តបន្ទាប់ និងអញ្ជើញទៅពិនិត្យ ទីតាំងប្រតិបត្តិការ និងជួបសំណេះសំណាល ដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងក្រុមការងារប្រតិបត្តិការ កាលពីថ្ងៃទី១២ ខែកុម្ភៈ កន្លងទៅ។
ប្រតិបត្តិការស្វែងរក គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានកំណត់លើទីតាំងទំហំ១៥០០០ម៉ែត្រការ៉េ ឬស្មើនឹង១៥០ហិកតា។ ប្រតិបត្តិការនេះបានចាប់ផ្ដើមពីខែតុលា ឆ្នាំ២០២០ ហើយគ្រោងបញ្ចប់នៅខែឧសភា ពោលគឺមុនការមកដល់នូវរដូវវស្សា។

យ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ថា ប្រតិបត្តិការមិនអាចធ្វើ ដោយប្រញាប់ប្រញាល់ពេក នោះឡើយ ពោលគឺត្រូវគិតលើសុវត្ថិភាព ក្រុមការងារជាអាទិភាពបំផុត។ ជាការកត់សម្គាល់ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល បានសម្រេចបន្ថែម សមាសភាព សមាជិកក្រុមការងារ មួយចំនួនទៀត។ តាមរយៈសេចក្ដីសម្រេចចុងក្រោយនេះ កិច្ចប្រតិបត្តិការក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណី រកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ នឹងត្រូវបន្តអនុវត្តនៅភូមិសាស្រ្តមួយចំនួនទៀត រួមមានស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងស្រុកពាមជរ ស្រុកពាមរក៍ ខេត្តព្រៃវែង ៕

To Top