ព័ត៌មានជាតិ

ជប៉ុនផ្តល់ថវិកា ជាង៨៥ម៉ឺនដុល្លារអាមេរិក សម្រាប់ការលើកកម្ពស់សុខភាព អនាម័យ សហគមន៍ និងបង្កើនការ យល់ដឹងអំពីបញ្ហាបរិស្ថាននៅកម្ពុជា 

ភ្នំពេញ៖រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី ៩ ខែមីនាបានឯកភាពផ្តល់ថវិកាសរុបចំនួន ៨៥២,១៨៩ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយ ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោង របស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឲ្យដឹងថាក្នុងនោះ ថវិកា ៧៦០,៣៤១ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការ World Vision Japan (WVJ) ដើម្បីអនុវត្ត “គម្រោងការរួមបញ្ចូលគ្នា សុខភាព អាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យក្នុងខេត្តព្រះវិហារ (ឆ្នាំទី២) ហើយថវិកា ៩១,៨៤៨ ដុល្លារអាមេរិក ទៀត ត្រូវបានផ្តល់ទៅអង្គការ Nature Center Risen ដើម្បីអនុវត្តគម្រោង “ការសម្រេចឱ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការលើកកម្ពស់ និងអប់រំការយល់ដឹងអំពីបញ្ហាបរិស្ថាន (ឆ្នាំទី១)” ។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នកតំណាងមកពីអង្គការទាំងពីរ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។

ឯកអគ្គរាជទូតជប៉ុនបានសម្ដែងការជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយកែលម្អគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងនៃគម្រោងនីមួយៗ។
ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ ដាច់ដោយឡែកពីគ្នា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការរីករាលដាលចូលសហគមន៍នៃវីរុសកូវីត១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ”៕

To Top