ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ សោកស្តាយទង្វើអធិការស្រុកសៀមប៉ាង ធ្វើទៅលើស្រ្តីនគរបាលបំបៅកូន ពេលធ្វើការ ដោយមិនវែកញែកឲ្យច្បាស់

ភ្នំពេញ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ប) បានស្នើឲ្យ អភិបាលស្ទឹងត្រែង ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងថ្នាក់ដឹកនាំទាំងអស់ ត្រូវពិនិត្យឡើងវិញ ចំពោះករណីលោកអធិការស្រុកសៀមប៉ាង បានកោះហៅលោកស្រីនគរបាលម្នាក់មកធ្វើកិច្ចសន្យា ក្រោយពេលគាត់បំបៅដោះកូន នៅតុធ្វើការងារ ដោយលោកស្រីបានបង្ហាញការសោកស្តាយជាខ្លាំង។

នៅរសៀលថ្ងៃ ៩ មីនា អធិការស្រុក សៀមប៉ាង បានហៅនគរបាលស្រ្តីមកធ្វើកិច្ចសន្យា ក្រោយបំបៅដោះកូនពេលធ្វើការ ក្រោមហេតុផលថាប៉ះពាល់ ដល់កិត្តិយសនគរបាល និងស្ត្រីខ្មែរ។ ក្នុងនោះនគរបាលស្ត្រីក៏បាន ធ្វើកិច្ចសន្យាដោយឈប់ធ្វើបែបនេះទៀត។ ក្រោយហៅស្រី្តនគរបាលមកធ្វើកិច្ចសន្យា មានមតិរិះគន់យ៉ាងច្រើនទៅលើថ្នាក់ដឹកនាំ ។ ក្នុងនោះក៏មានការប្រៀបធៀប ទៅស្រ្តីរដ្ឋមួយចំនួនរបស់បរទេសផងដែរ ដែលពួកគាត់បំបៅកូនក្នុងពេលបំពេញការងារ ។ ជាក់ស្តែងមានស្រ្តីជាសមាជិកសភានៃ បរទេសក៏បានបំបៅកូនក្នុងពេលប្រជុំដែរ។

យោងតាមលិខិតផ្ញើជូន អភិបាលខេត្តស្ទឹងត្រែងនៅថ្ងៃ១០ មីនា លោកស្រី ជូ ប៊ុនអេង បានបង្ហាញការសោកស្តាយជាខ្លាំង ដែលលោកអធិការបានប្រើឥរិយាបទបែបនេះ និងមិនបានវែកញែកឲ្យច្បាស់ ពីកំហុស និងពីគុណសម្បត្តិ ។

លោកស្រីបញ្ជាក់ថា «សូមឯកឧត្តមអភិបាល លោកជំទាវអភិបាលរង លោកស្នងការ និងថ្នាក់ដឹកនាំ ទាំងអស់ ពិនិត្យ ករណីនេះ និងរិះរកវិធីលើកទឹកចិត្ត លោកស្រីអនុសេនីយទោរូបនេះ និងស្រ្តីជាមន្ត្រីរាជការដទៃទៀត តាមតែអាចធ្វើទៅបាន ដើម្បីកុំឲ្យបាក់ទឹកចិត្ត ជាពិសេស ក្នុងឱកាសទិវាអន្តរជាតិនារី ខួបលើក ទី ១១០ និងសូមជូនពរដល់ស្ត្រីទាំងឡាយ ជាកូនស្រី ជាបងស្រី ជាម្តាយ ជាជីដូន ជាមន្ត្រីរាជការ ជាអ្នកទ្រទ្រង់គ្រួសារ សូមរួចផុតពីអំពើហិង្សា ការប្រមាថមាក់ងាយ ការរើសអើង និងការរំលោភបំពានគ្រប់រូបភាព និងសូមទទួលបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ ការគោរព ការឲ្យតម្លៃ និងការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែង នៅក្នុងការងារគ្រួសារ ការងារសង្គម និងការងារប្រទេសជាតិ»។

លោកស្រីក៏បានបញ្ជាក់ថា ក្នុងស្ថានភាពជាស្ត្រីដែលមាន ភារកិច្ចទទួលខុសត្រូវទ្វេដង លើសពីបុរស គឺបំពេញការងារស្នូលក្នុងអង្គភាពស្ថាប័នផង និងត្រូវចិញ្ចឹមបីបាច់ថែទាំកូន តាំងពីនៅក្នុងផ្ទៃរហូតកើតមក និងបន្តទៅទៀតដល់ពេញវ័យ បើទោះបីជាបុរស ជាស្វាមី ឬអ្នកដែលជាថ្នាក់ដឹកនាំមិនបានយកចិត្តទុកដាក់បង្កលក្ខណៈឲ្យនាងទទួល បាននូវឱកាសថែទាំកូនបាន ងាយស្រួលយ៉ាងណាក៏ដោយ ក៏នាងមិនបានបោះបង់កូន និងការងារស្នូល របស់នាងដែរ ។

លោកស្រីបានហៅថា “នេះជាទង្វើ ដែលខ្ញុំជាស្ត្រីម្នាក់ សូមគោរពកោតសរសើរ នូវឆន្ទៈ ដ៏មុះមុត ក្នុងការបំពេញភារកិច្ចរបស់មន្ត្រីជាស្ត្រី ទោះជាប្រឈមនឹងការលំបាក យ៉ាងណាក៏ដោយ ៕

To Top