ព័ត៌មានជាតិ

ព្រឹទ្ធសភាសោកស្តាយ ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប ស្ដីពីការជំនុំជម្រះក្តី ប្រឆាំងនិងជនល្មើសច្បាប់នៅកម្ពុជា

ភ្នំពេញ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការខកចិត្ត និងសោកស្តាយបំផុត ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ស្តីពីការជំនុំជម្រះក្តី ប្រឆាំងនិងជនល្មើសច្បាប់នៅកម្ពុជា (២០២១/២៥៧៩(RSP)) ។

យោងតាមសេចក្ដីថ្លែងការណ៍ របស់ព្រឹទ្ធសភានៅថ្ងៃទី១៧មីនានេះ បានឲ្យដឹងថា
សេចក្តីសម្រេចនេះ ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាប់ មានចរិតលំអៀង និងក្រោមហេតុផលនយោបាយ និងលើកទឹកចិត្ត ឱ្យក្រុមឧក្រិដ្ឋជនប្រឆាំង ជាមួយរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការបម្រើ របៀបវារៈនយោបាយ របស់បរទេសប្រឆាំងជាតិឯង។

ការទាមទារឱ្យទម្លាក់ ការចោទប្រកាន់លើជនជាប់ចោទ និងលុបចោលការផ្តន្ទាទោស និងការកាត់ទោសជនល្មើស ដោយតុលាការកម្ពុជា គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលជារដ្ឋអធិបតេយ្យ និងជាការរំលោភលើឯករាជ្យភាព របស់តុលាការកម្ពុជា ដែលមិនអាចជ្រៀតជ្រែក បានជាដាច់ខាត។ ការជំនុំជម្រះក្តីលើបុគ្គល ដែលជាអតីតមេដឹកនាំ និងសកម្មជនប្រឆាំង ព្រមទាំងមន្រ្តីសង្គមស៊ីវិល ដែលបានរំលោភបំពានច្បាប់កន្លងមក ត្រូវបានធ្វើឡើង ដោយផ្អែកលើមូលដ្ឋានអង្គហេតុ (ភស្តុតាងរឹងមាំ) និងស្របតាមច្បាប់ជាធរមានរបស់កម្ពុជា។ សិទ្ធិរបស់ជនជាប់ចោទ ក្នុងការការពារខ្លួន នីតិវិធីសវនាការប្រព្រឹត្តទៅត្រឹមត្រូវ ធានាយ៉ាងពេញលេញដោយច្បាប់ ហើយការជំនុំជម្រះ ត្រូវបានធ្វើឡើងជាសាធារណៈ ដោយមានវត្តមានមេធាវីការពារចុងចោទ អង្គទូត និងអង្គការសង្គមស៊ីវិល នៅក្នុងបន្ទប់សវនាការ។

ដូចគ្នាទៅនឹង ប្រទេសប្រជាធិបតេយ្យដទៃទៀតដែរ ការអនុវត្តច្បាប់ទៅលើបុគ្គល ដែលប្រើប្រាស់សិទ្ធិសេរីភាព ហួសដែនកំណត់ដោយច្បាប់ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ មិនត្រូវចាត់ទុក ជាការរឹតត្បិតខាងនយោបាយ ឬលំហប្រជាធិបតេយ្យនោះទេ។

ព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាបន្តគោរពគោលការណ៍នីតិរដ្ឋ ប្រជាធិបតេយ្យ សេរីពហុបក្ស និងធានា នូវការអនុវត្តសិទ្ធិសេរីភាពទាំងឡាយ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងសុខុមាលភាពរបស់ប្រជាជន៕

To Top