ព័ត៌មានជាតិ

សម្ដេចតេជោ ប្ដេជ្ញាចិត្ត បន្ត កិច្ចសហប្រតិបត្តិការ កម្ពុជា-បង់ក្លាដែស ដើម្បី ជម្នះវិបត្តិ សុខភាពសកល បង្កឡើងដោយ ជំងឺកូវីដ-១៩

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា-បង់ក្លាដែស ដើម្បីចូលរួមចំណែកដល់សន្តិភាព ជាពិសេស ជម្នះនូវវិបត្តិសុខភាពសកលបច្ចុប្បន្នដែលបង្កឡើងដោយជំងឺកូវីដ-១៩។

ក្នុងពិធីប្រារព្ធខួបកំណើត១០០ឆ្នាំ របស់បិតាជាតិបង់ក្លាដែស និងទិវាបុណ្យឯករាជ្យជាតិបង់ក្លាដែស ខួបលើក ទី៥០ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ សម្ដេចតេជោមានប្រសាសន៍ថា «ខ្ញុំសូមអះអាងជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដែស និងអភិវឌ្ឍន៍ភាពជាដៃគូកាន់តែរឹងមាំ និងផ្តល់ប្រយោជន៍ទៅវិញទៅមក ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ដើម្បីចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ក៏ដូចជាពិភពលោក ជាពិសេស ជម្នះនូវវិបត្តិសុខភាពសកលបច្ចុប្បន្នដែល បង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩»។

ជាងនេះទៅទៀត សម្ដេចតេជោ ក៏បានគូសបញ្ជាក់ថា ទំនាក់ទំនងមិត្តភាពជា ប្រវត្តិសាស្ត្ររវាងកម្ពុជា និងបង់ក្លាដែស ចាប់ផ្តើមដំបូងពីសម្ព័ន្ធភាពដ៏ជិតស្និទ្ធ និងជាពិសេសរវាង ព្រះវររាជបិតាជាតិខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងបិតាជាតិបង់ក្លាដែស លោក បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួ រ៉ាម៉ាន់ ក្នុងអំឡុងសន្និសីទ នៃចលនាមិនចូលបក្សសម្ព័ន្ធនៅប្រទេសអាល់ហ្សេរី ក្នុងឆ្នាំ១៩៧៣។

សម្តេចតេជោបន្តថា កម្ពុជា និងបង់ក្លាដែស បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ១៩៩៣ ដែលជាការបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងប្រទេសទាំងពីរ។ សម្តេចថា ក្នុងរយៈពេលជិត ៣ទសវត្សរ៍កន្លងទៅនេះ សម្តេច ពិតជាមានសេចក្តីសោមនស្សរីករាយ ដោយកត់សម្គាល់ឃើញថា ប្រទេសទាំងពីរ តែងតែខិតខំរក្សាបាននូវ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងប្រកបដោយផ្លែផ្កា ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដោយឈរលើមូលដ្ឋានស្មើភាព និងការគោរពគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍របស់ប្រជា-ជាតិ និងប្រជាជន ទាំងពីរ៕

To Top