ព័ត៌មានជាតិ

ម្តាយតារា ចម្រៀងវី ឌីណែត ទទួលមរណភាព

ភ្នំពេញ ៖ ម្តាយតារាចម្រៀងកញ្ញា វី ឌីណែត លោកស្រី ងួន សុផាន់នី អាយុ ៦២ ឆ្នាំ ដែលត្រូវជាភរិយាយលោក ហួរ ឡាវី បានទទួលមរណៈភាពនៅម៉ោងប្រមាណជា១១ និង៤៥នាទី ។

វី ឌីណែត បានបង្ហាញក្នុងហ្វេសប៊ុក នារសៀលថ្ងៃ១៩ មីនានេះថា “ខ្ញុំលែងមានម៉ាក់ហៅហើយ សូមម៉ាក់ទៅឲ្យបានសុខ។ ម៉ាក់កុំបារម្មណ៍ណា កូននឹងនៅមើលថែប៉ានិងអ្នកផ្ទះយើង ។ កូននឹងរឹងមាំ ។
សូម្បីតែមុខជាលើកចុងក្រោយ ក៏មិនបានឃើញ ។ ម៉ាក់ឈឺក៏កូនៗមិនអាចទៅមើលថែបាន ។ ម៉ាក់ខូចហើយក៏មិនអាចឃើញសូម្បីតែសព ។ ខ្ញុំក៏មិនអាចចេញទៅបាន ។ ចេញទៅធ្វើបុណ្យឲ្យម៉ាក់ក៏មិនបាន សូមឲ្យវិញ្ញាណក្ខន្ធម៉ាក់ទៅកាន់សុខគតិភពផងចុះ”។

បើតាមហ្វេសប៊ុករបស់កញ្ញា វី ឌីណែត បង្ហាញប៉ុន្មានថ្ងៃមុន គឺម្តាយរបស់នាងមានផ្ទុកកូវីដ១៩ មានលក្ខណៈធ្ងន់ធ្ងរ ហើយប្អូនស្រីពៅរបស់នាងក៏ឆ្លងផងដែរ ខណៈលោក ហួរ ឡាវី ធ្វើតេស្ត៣ដងបង្ហាញថា អវិជ្ជមាន ។

កាលពីថ្ងៃ១៧ មីនា តាមរយៈហ្វេសប៊ុកកញ្ញាវី ឌីណែត បានបង្ហាញថា “អ្វីដែលគួរបារម្មណ៍ពេលនេះគឺប្អូនស្រីពៅខ្ញុំក៏វិជ្ជមានកូវីត១៩ដែរ ហើយគ្នានៅពេទ្យម្នាក់ឯងទៀតមិនដឹងម៉េចម៉ាទេ។ ហើយអ្វីដែលកាន់តែគួរបារម្មណ៍គឺម៉ាក់របស់ខ្ញុំពេលនេះគាត់ធ្វើទុក្ខខ្លាំងណាស់ ហើយពេលនេះគេបានប្ដូរគាត់ទៅសង្រ្គោះបន្ទាន់ហើយ ។ សូមទេវតា តាមថែរក្សាពួកគាត់ផង”។

ម្តាយតារាចម្រៀង វី ឌីណែតត្រូវបានដឹងថា មានជំងឺជាច្រើនប្រភេទដូចជា ទឹកនោមផ្អែម និងលើសឈាម៕

To Top