ព័ត៌មានជាតិ

រាជរដ្ឋាភិបាលអំពាវនាវ ឲ្យម្ចាស់អគារ និងរោងចក្រ កុំបញ្ឈប់កិច្ចសន្យា ឬបណ្ដេញអ្នកជួលមិនមានលទ្ធភាព បង់ថ្លៃទាន់ពេលវេលា

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើអំពាវនាវទៅដល់ម្ចាស់ អគារទីតាំងអាជីវកម្ម និងរោងចក្រកុំបញ្ឈប់កិច្ចសន្យា ឬបណ្ដេញអ្នកជួលដែលមិនមានលទ្ធភាពបង់ថ្លៃសេវាជួល ទាន់ពេលវេលា ក្នុងពេលមានវិបត្តិនៃជំងឺកូវីដ-១៩។

តាមសេចក្ដីណែនាំរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់រយៈពេល ៣ ខែបន្ថែមទៀត ពីខែមេសា ដល់ខែមិថុនា ឆ្នាំ ២០២១។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលថា «បន្តណែនាំដល់ក្រសួង-ស្ថាប័នរដ្ឋ និងអំពាវនាវដល់បុគ្គលឯកជន ដែលជាម្ចាស់ អគារទីតាំងអាជីវកម្ម និងរោងចក្រ ជួយ សម្រួលដល់ភាគីអ្នកជួល ដោយជៀសវាងការបញ្ឈប់កិច្ចសន្យា ឬការបណ្ដេញចេញ ក្នុងករណីដែលភាគីអ្នកជួលមិនមានលទ្ធភាពបង់ថ្លៃសេវាជួល បានទាន់ពេលវេលា»។

រាជរដ្ឋាភិបាល ក៏លើកទឹកចិត្តដល់ភាគីម្ចាស់អគារទីតាំងអាជីវកម្ម និងរោងចក្រ ចរចាជាមួយភាគីអ្នកជួល លើការពន្យារពេលនៃការបង់ថ្លៃសេវាជួល និងការប្រែប្រួលថ្លៃសេវាជួល ជាយថាហេតុ។

រាជរដ្ឋាភិបាលក៏អំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុទាំងអស់ចូលរួមអនុវត្តតាមសេចក្តីប្រកាស រួមរបស់ក្រសួងសេដ្ឋកិច្ច និងធនាគារជាតិអំពីការពន្យារពេលបង់ប្រាក់របស់អតិថិជន។

ជាងនេះទៅទៀត រាជរដ្ឋាភិបាលបន្តតាមដានជាប់ជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ-១៩ លើស្ថានភាព សង្គម-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌសកល, តំបន់ និងប្រទេស ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅធ្វើបច្ចុប្បន្នភាព និងត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមចាំបាច់នានា សំដៅស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ក្រោម ក្របខណ្ឌផែនការយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩៕

To Top