ភ្នំពេញ ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលា រាជធានីភ្នំពេញ បានថ្លែងថា គិតត្រឹមយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ មិនទាន់បានកំណត់ផែនទីតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងនៅឡើយទេ ក្រោយពីមានប្រជាពលរដ្ឋមួយចំនួនបែងចែកផែនទីមិនផ្លូវការ។
រាជរដ្ឋាភិបាល សម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែម ទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងបែងចែកកំណត់ជា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង។
តាមរយៈសារសំឡេង នាយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ លោក ម៉េត មាសភក្ដី បានឲ្យដឹងថា មានប្រជាពលរដ្ឋមួយចំនួន បានចែកចែងផែនទីមិនផ្លូវការ ដែលបែងចែកព័ត៌ចំនួន៣ រួមមាន ៖ ក្រហម លឿងទុំ និងលឿង ដោយឆ្លុះបញ្ចាំងភូមិសាស្ដ្ររាជធានីភ្នំពេញ។
លោកបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ឡេីងវិញថា គិតត្រឹមម៉ោងនេះ គឺមិនទាន់មានការរៀបចំផែនទីផ្លូវការណាមួយ របស់រាជធានីភ្នំពេញក្នុងការផ្សព្វផ្សាយជូនទៅដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា សាធារណៈជនទូទៅ អំពីជ្រាប់អំពីករណីនេះទេ»។
លោក បន្ដថា បច្ចុប្បន្ននេះរដ្ឋបាលរាជធានីភ្នំពេញបានកំណត់តំបន់ប្រហម ដែលបានកំណត់តាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល គឺកំណត់តែតំបន់ក្រហមប៉ុណ្ណោះ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
ជាងនេះទៅទៀត សាលារាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបញ្ឈប់បែងចែកនូវផែនទី តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ដែលមិនផ្លូវការ នាំឲ្យមានការយល់ច្រលំ៕