ភ្នំពេញ៖ ក្រោយពីមាន ប្រជាពលរដ្ឋមួយចំនួនមានការ យល់ច្រឡំថា ដើមពោធិដួលរំលំជាដើមពោធិប្រវត្តិស្នេហ៍ទុំ-ទាវនោះ រដ្ឋបាលខេត្តត្បូងឃ្មុំបានបក ស្រាយថាមិនមែនជាដើមពោធិជើងខាល ប្រវត្តិស្នេហ៍ ទុំ និងឡាវ ឡើយ គឺជាដើមពោធិលោកតាមប្រហមក។

ដើមពោធិនេះស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានដួលរលំកាលពីរសៀលថ្ងៃ៦ ឧសភា បន្ទាប់ពីមានភ្លៀងធ្លាក់ចំនួន២មេធំៗជាប់គ្នា លាយឡំជាមួយខ្យល់កន្ត្រាក់។

យោងតាមសេចក្ដីបំភ្លឺជូនព័ត៌មាន របស់រដ្ឋបាលត្បូងឃ្មុំ នាថ្ងៃទី៦ ឧសភា បានឲ្យដឹងថា ក្រោយពីទទួលបាន ព័ត៌មានខាងលើ រដ្ឋបាលខេត្តបានចាត់តាំងមន្ត្រី ឲ្យចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ ឃើញថាដើមពោធិដែលដួលរលំនោះ មិនមែនជា ដើមពោធិជើងខាលប្រវត្តិស្នេហ៍ទុំនិងទាវ នោះទេ។ ក្នុងន័យនេះ រដ្ឋបាលខេត្ត ប្រកាសបដិសេធ និងច្រានចោលទាំងស្រុងនូវ រាល់ការចុះផ្សាយព័ត៌មានទាំងនោះ។

រដ្ឋបាលខេត្ត បញ្ជាក់ថា ដើមពោធិដែលបានដួលរំលំខាងលើនេះ មានឈ្មោះថា ដើមពោធិ លោកតាក្រហមកដែល មានចម្ងាយប្រមាណ៧០ម៉ែត្រ ពីដើមពោធិជើងខាល ប្រវត្តិស្នេហ៍ ទុំ និងទាវ។ ហេតុដូចនេះ ទើបបណ្ដាឲ្យសាធារណជនមានការភ័ន្តច្រឡំ។

ប៉ុន្តែទោះបីយ៉ាងនេះក្ដី រដ្ឋបាលខេត្ត សហការជាមួយ មន្ត្រីជំនាញ នឹងរៀបចំដាំដើមពោធិនេះឡើងវិញ ស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដើម្បីថែរក្សាការពារបរិស្ថានបៃតង និងរក្សាប្រពៃណី ជំនឿ សាសនា របស់ដូនតាខ្មែរ៕


