ព័ត៌មានជាតិ

កម្ពុជា ជឿជាក់ លើយានអវកាស ស៊ូរ៉ុង របស់ចិន ចុះចតដោយជោគជ័យ លើភពអង្គារ នឹងផ្តល់ប្រយោជន៍ ដល់មនុស្សជាតិទាំងមូល (Video)

ភ្នំពេញ ៖ ក្រោយពីយានអវកាស របស់ចិន ឈ្មោះ «ស៊ូរ៉ុង» បានចុះចតដោយជោគជ័យលើភពអង្គារ នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជឿជាក់ថា សមិទ្ធផលដ៏ធំធេងនេះ នឹងផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍ និងការរុករកវិទ្យាសាស្ត្ររបស់មនុស្សជាតិទាំងមូល ។

យានអវកាស ស៊ូរ៉ុង បានចុះចតដោយជោគជ័យលើភពព្រះអង្គារ ក្នុងបេសកកម្ម “ធានវិន-១» កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។

ក្នុងសារលិខិតផ្ញើ ជូនប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដើម្បីសម្តែងការអបអរសាទរចំពោះយានអវកាស «ស៊ូរ៉ុង» ដែលបានចុះចត ដោយជោគជ័យលើភពអង្គារ សម្ដេចតេជោ បានអបអរសាទរយ៉ាងស្មោះស្ម័គ្រ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន។

សម្ដេចតេជោ បានចាត់ទុកថា នេះគឺជាសមិទ្ធផលដ៏ធំធេងមួយទៀតដែលឆ្លុះបញ្ចាំងពីការរីកចម្រើនជាបន្តបន្ទាប់ ក្នុងកម្មវិធីអវកាស និងការរុករកក្នុងលំហអាកាសរបស់ចិន។

សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា សមិទ្ធផលដ៏ធំធេងនេះ នឹងចូលរួមចំណែកដ៏ធំធេងដល់ការស្រាវជ្រាវ វិទ្យាសាស្ត្រ នៃបេសកកម្មក្នុងលំហអាកាសរបស់ចិន ដែលនឹងផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍ និងការរុករកវិទ្យាសាស្ត្រ របស់មនុស្សជាតិទាំងមូល»៕

To Top