ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ ចុះទៅជួបនិងសុំទោសក្មេងស្រី ដែលសន្តិសុខផ្សារ ទាត់កញ្ចែ្រងលក់ព្រីង

ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចុះទៅជួបនិងសុំទោស ក្មេងស្រីម្នាក់ ដែលត្រូវសន្តិសុខផ្សារកំពង់ស្ពឺ ទាត់កញ្ចែ្រងលក់ព្រីង បណ្ដាលឲ្យកំពប់ទៅលើដី នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ។

“ក្រោយបានឃើញហ្វេសប៊ុក របស់បងប្អូនដែលបានបង្ហោះ រឿងសន្តិសុខផ្សារកំពង់ស្ពឺ ទាត់កញ្ច្រែងក្មួយស្រី លក់ព្រីង បណ្ដាលឲ្យ កំពប់ទៅលើដី ខ្ញុំពិតជាមានការរន្ធត់ និងសោកស្ដាយយ៉ាងខ្លាំង ចំពោះទង្វើអសីលធម៌បែបនេះ ។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអភ័យទោស ចំពោះទង្វើមិនគប្បី របស់សន្តិសុខផ្សារកំពង់ស្ពឺ បានប្រព្រឹត្តបែបនេះ ។ នេះជាប្រសាសន៍ លោកអភិបាលខេត្តកំពង់ស្ពឺ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ។

លោកថា ទង្វើអសីលធម៌ របស់សន្តិសុខផ្សារកំពង់ស្ពឺបែបនេះ គឺមិនអាចលើកលែងបានឡើយ ។

ជាមួយគ្នានេះ លោកក៏បានសំណូមពរ យ៉ាងទទូចដល់អាជីវករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាឲ្យបាននូវសណ្ដាប់ធ្នាប់ សាធារណៈ ជៀសវាងគិតតែប្រយោជន៍ខ្លួន ភ្លេចអំពីផលប៉ះពាល់ ដល់ប្រយោជន៍អ្នកដទៃ ដែលត្រូវការប្រើប្រាស់ផ្លូវ ។

ក្នុងឱកាសជួបផ្ទាល់ជាមួយក្មេងស្រី លោកបានផ្តល់សម្ភារៈមួយចំនួនផងដែរ ដល់ក្មេងស្រីនេះ ៕

To Top