ព័ត៌មានជាតិ

វត្តមានក្រុមប្រឹក្សា ធុរកិច្ចកម្ពុជា ជាការបើកទំព័រ សករាជថ្មី នៃទំនាក់ទំនង ពាណិជ្ជកម្ម កម្ពុជា-ថៃ

ភ្នំពេញ៖ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានថ្លែងថា វត្តមានក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) ប្រចាំប្រទេសថៃ គឺជាការបើកទំព័រសករាជថ្មី សម្រាប់ការពង្រឹង ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ថៃ ក្រោយវិបត្តិជំងឺកូវីដ១៩ ដែលបានបង្ករវិទ្ធង្សនា កំណើនសេដ្ឋកិច្ច ប្រទេសទាំងពីរ រយៈពេលជាង ១ឆ្នាំ។

CBC ទើបត្រូវបានបង្កើតឡើង ជាដំបូងដែលមានអាណត្តិ៥ឆ្នាំ ។ CBC ក្នុងគោលបំណងបង្កើត សម្រាប់ពង្រឹងទំនាក់ទំនង ពាណិជ្ជកម្មរវាងអ្នកវិនិយោគ កម្ពុជា-ថៃ។ CBC ក៏មានកាតព្វកិច្ចចូលរួមជំរុញ ផ្សព្វផ្សាយសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ថៃ ព្រមទាំងផ្លាស់ប្តូរព័ត៌មាន និងចំណេះដឹងផ្សេងៗ រវាងសមាជិក រាប់តាំងពីការធ្វើអាជីវកម្ម ការលើកកម្ពស់គុណភាព ទំនិញ-សេវាកម្ម ការជំរុញផលិតកម្ម និងផ្គត់ផ្គង់ទីផ្សារ ការសម្របសម្រួល និងចរចាជាមួយស្ថាប័នរដ្ឋ ទាំងក្នុងប្រទេសថៃ និងកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ របស់សមាជិក ។

បើតាមការផ្សព្វផ្សាយ របស់ស្ថានទូតកម្ពុជា ប្រចាំក្រុងបាងកក ក្នុងឱកាសលោកទូត ចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំវិសាមញ្ញ លើកដំបូង នៃ CBC នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានអបអរចំពោះធុរជនកម្ពុជា-ថៃ ដែលបានជាប់ឆ្នោតជាប្រធាន និងអនុប្រធាន សម្រាប់អាណត្តិការងាររយៈពេល ៥ឆ្នាំ ដើម្បីចូលរួមជំរុញ វឌ្ឍនភាពវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ស្របតាមចក្ខុវិស័យ របស់ប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ។

ឯកអគ្គរាជទូត ក៏បានលើកឡើងពីកិច្ចប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ទល់វិបត្តិជំងឺកូវីដ១៩ សំដៅកសាងភាពធន់ នៃសេដ្ឋកិច្ចឡើងវិញ តាមរយៈការដាក់ចេញយុទ្ធសាស្ត្រ ការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ការបង្កើត និងចូលរួមប្លុក ពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ដើម្បីធ្វើពិពិធកម្មទីផ្សារ នាំចេញ ព្រមទាំងការធ្វើវិសោធនកម្មច្បាប់ វិនិយោគ និងកំណែទម្រង់ផ្សេងៗ ដើម្បីលើកកម្ពស់បរិយាកាស ធុរកិច្ចនៅក្នុងប្រទេស៕

To Top