ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញ ពីលោក ណុប ដារ៉ា អភិបាលរង ខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការស្រាវជ្រាវ បង្ក្រាបបទល្មើសឆ្លងដែន គ្រប់ប្រភេទ ជាពិសេសបទល្មើស នាំប្រជាពលរដ្ឋចេញ-ចូល ក្នុងទឹកដីថៃ ដោយ ខុសច្បាប់ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ គណៈបញ្ជាការ កងឯកភាពស្រុកកំរៀង ដែលមានកម្លាំងកងកាពារ ព្រំដែនលេខ៥០៤ កងរាជអាវុធហត្ថ កម្លាំងនគបាល បានធ្វើការឃាត់ខ្លួន មេខ្យល់ចំនួន ១នាក់ តៃកុងឡាន២នាក់ ដែលបានដឹកនាំពលករឆ្លងដែន ដោយខុសច្បាប់ ទៅប្រទេសថៃ ក្នុងភូមិសាស្ត្រ ស្រុកកំរៀងខេត្តបាត់ដំបង ។
ករណីទី១ កម្លាំងយើងធ្វើការ ឃាត់ខ្លួនមេខ្យល់ឈ្មោះ វង្ស ភឿត ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅក្នុង ភូមិអូរជ្រៃ ស្រុកកំរៀង និងឃាត់រថយន្តបាន១គ្រឿង ម៉ាក ហាយឡិនឌ័រពណ៌ខៀវ ស្លាកលេខភ្នំពេញ 2P 7179 បើកបរដោយឈ្មោះ គង់ ថង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ដែលបានដឹកនាំពលករ ចំនួន១១នាក់ក្នុងនោះក្មេង៤នាក់ នាំយកចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែននៅប្រទេសថៃ ហើយត្រូវបានបង្ក្រាបក្នុងភូមិសាស្ត្រក្រុមទី៦ ភូមិអូរជ្រៃ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។
ករណីទី២ កាលពីវេលាម៉ោង ១៧:៣០នាទីនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះកាន់ឌីណា បានយករថយន្តម៉ាកសាំយ៉ុងពណ៌ស ស្លាកលេខព្រះសីហនុ 2A 6649 ដឹកពលករពី ស្រុកក្រឡាញ់ចំនួន ១៥នាក់ ក្នុងនោះស្រី ៦នាក់ មក ស្រុកកំរៀង ដោយធ្វើដំណើរ ឆ្លងកាត់ តាមទីរួម ខេត្តបាត់ដំបង ឆ្ពោះទៅប៉ៃលិនចេញពីខេត្តប៉ៃលិន ចូលមកដល់ភូមិសាស្ត្រ ខេត្តបាត់ដំបងវិញ នៅវេលាម៉ោង១:០០ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ជនសង្ស័យ ឈ្មោះ កាន ឌីណា បានឲ្យពលករទាំង ១៥នាក់នោះចុះត្រង់ចំណុចក្បែរព្រំដែន ចម្ងាយប្រហែល ១.០០០ម៉ែត្រ ពីបង្គោលសីម៉ាលេខ៦២ ស្ថិតនៅក្នុងភូមិរកាបោះ ឃុំកំរៀង ស្រុកកំរៀង ហើយជនសង្ស័យ បានបើករថយន្តម៉ាកសាំយ៉ុង ពណ៌ស ស្លាកលេខ 2A 6649 រត់គេចខ្លួន ។
លុះម៉ោង ៧:៣៦នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ កងការពារព្រំដែន លេខ៥០៤ បានឃាត់ខ្លួនពលករទាំង១៥នាក់ នោះដោយសារពួកគាត់ (ពលករ) បំរុងលួចឆ្លងព្រំដែន ចូលទៅក្នុងប្រទេសថៃ ដោយខុសច្បាប់ បន្ទាប់មកកម្លាំង កងល្បាត៥០៤ បានបញ្ជូនមកអធិការ នគរបាលស្រុកកំរៀង ដើម្បីធ្វើការសាកសួរ ។ នៅវេលាម៉ោង ២:៣០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នៅចំណុចបេនឡានថ្មី ស្ថិតនៅក្នុងភូមិដូង ឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថស្រុកកំរៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះកាន ឌីណា ភេទប្រុស អាយុ២៥ ឆ្នាំមុខរបររត់តាក់ស៊ី រស់នៅក្នុងភូមិភ្នំមួយរយ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង វត្ថុតាងដកហូតរួមមានរថយន្តម៉ាកសាំយ៉ុង ពណ៌ស ផ្លាកលេខព្រះសីហនុ 2A6649 ចំនួន ១គ្រឿងដោះកៅអីចេញសម្រាប់ដឹក ។
បច្ចុប្បន្នជនសង្ស័យ មានមេខ្យល់និងតៃកុងឡាន កំពុងតែកសាងសំណុំ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ឯពលករចំនួន ២៦នាក់ បានបញ្ជូនទៅស្រុកកំណើតវិញ ៕