ភ្នំពេញ ៖ ស្របពេលរឿងរ៉ាវ នៃការបាត់ថវិកា ៧០ម៉ឺនដុល្លារ ពីការបង្កើតទូរទស្សន៍ ព្រះអាទិត្យ ឬ SUN TV កំពុងតែប្រទាំងប្រទើសគ្នា ពីអតីតក្រុមមន្រ្តី នៃអតីតគណបក្សសង្រ្គោះជាតិ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានថ្លែងបែបចំអកឡកឡឺយថា ថវិកា៧០ដុល្លារ មិនទាន់ដឹងបាត់ ទៅទីណាផងបែរ ជានាំគ្នាមកបើកបង្កើត ព្រឹត្តិការណ៍លក់ប័ណ្ណនាឡិកាសម រង្ស៊ី ដើម្បីយកលុយក្រោមរូបភាព មកជួយពលរដ្ឋរងគ្រោះ ពីវិបត្តិជំងឺកូវីដ១៩។
លោក សុខ ឥសាន ក្នុងបណ្តាញតេឡេក្រាមនាថ្ងៃ៣១ ឧសភានេះបានថ្លែងថា “ទូរទស្សន៍ព្រះអាទិត្យលិច បាត់ហើយ ដោយសារមានចោរហារយ លួចដកយកលុយខ្ទង់៧០ម៉ឺនដុល្លារ ទៅបាត់ ហើយបែរមកប្រមូលលុយ តាមរយៈលក់នាឡិកា៥ដុល្លារទៅវិញ” ។
លោកថា ការបាត់លុយ៧០ម៉ឺនដុល្លារនេះ ក៏មានពាក់ព័ន្ធចោរក្បាលត្រងោលម្នាក់ ដែលទៅបើកវិទ្យុអនឡាញមួយ ដាក់ឈ្មោះថា វិទ្យុអនឡាយព្រះអាទិត្យ ដើម្បីបិទបាំងអំពើទុច្ចរិត លួចលុយ៧០ម៉ឺនដុល្លារ ។
មុនពេលគ្រោង បង្កើតទូរទស្សន៍ ព្រះអាទិត្យ កាលពីអំឡុងឆ្នាំ២០១៥ អតីតនៃមន្រ្តីគណបក្សសង្រ្គោះជាតិ បានបើកមូលនិធិរ៉ៃអង្គាស ថវិកា ដើម្បីបង្កើតទូរទស្សន៍ ។ ទូរទស្សន៍ព្រះអាទិត្យគ្រោងចំណាយថវិកា ខ្ទង់ជាង១លានដុល្លារ ប៉ុន្តែមិនអាចចេញជាពន្លឺបានឡើយ ដោយសារគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយចោល ។
ការថ្លែងរបស់លោក សុខ ឥសាននេះ ក្រោយពីលោក មុត ចន្ថាមនុស្ស ជំនិតលោក កឹម សុខា បានប្រកាសសួររកថវិការ៧០ម៉ឺនដុល្លារ របស់មូលនិធិទូរទស្សន៍ ព្រះអាទិត្យ ដែលលោកយឹម សុវណ្ណ និងលោកគី វណ្ណដារ៉ា លួចដក ដើម្បីយកមកជួយពលរដ្ឋ កំពុងរងគ្រោះ ដោយសារកូវីដ១៩នៅកម្ពុជា ។
លោកថា គួរបង្វែរមូលនិធិទូរទស្សន៍ ព្រះអាទិត្យ ជួយពលរដ្ឋពេលជួបការលំបាក ព្រោះពលរដ្ឋជួបការលំបាកនេះ ក៏ធ្លាប់ចូលរួមថវិកា ក្នុងបង្កើតទូរទស្សន៍ព្រះអាទិត្យដែរ ។
លោក មុត ចន្ថា បានរំលឹកថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ គណបក្សសង្រ្គោះជាតិបានបើកប្រមូលជំនួយ ពីសាធារណជន ដើម្បីគាំទ្រ គណបក្សសង្រ្គោះជាតិ នូវមូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យ ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៥ គណបក្សសង្រ្គោះជាតិ ប្រមូលបានថវិកា ដែលបានមកពីការបរិច្ចាគថវិកា ផ្ទាល់ខ្លួនរបស់ពលរដ្ឋខ្មែរជាង៧០ម៉ឺនដុល្លារ។ មន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ ៣រូប មានសិទ្ធិចុះហត្ថលេខា លើ Cheque ដើម្បីដកប្រាក់ពីធនាគារ គឺ លោក កឹម សុខា លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ប៉ុន្តែខណៈលោក កឹម សុខា កំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ មានតែ លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ប៉ុណ្ណោះមានសិទ្ធិចុះហត្ថលេខា ដកប្រាក់ទាំងអស់ ពីគណនេយ្យធនាគារ ។
លោកបន្តថា ម្យ៉ាងវិញទៀតថវិកាជាង៣០ម៉ឺនដុល្លារ ប្រមូលបានពីផែនការមាតុភូមិនិវត្តន៍៩ វិច្ឆិកា ២០១៩ គួរបញ្ចេញមកជួយពលរដ្ឋខ្មែរដែរទៅ មិនបាច់ទៅប្រឹងលក់នាឡិកាលោក សម រង្ស៊ី មកជួយពលរដ្ឋរងគ្រោះដោយកូវីដទេ។
សូមបញ្ជាក់ថា កាលពីដើមខែឧសភា លោក សម រង្ស៊ី បានប្រកាសបង្កើតព្រឹត្តិការណ៍មួយ គឺលក់ប័ណ្ណនាឡិកា ដើម្បីជួយពលរដ្ឋរងគ្រោះ ដោយសារវិបត្តិកូវីដ១៩ នៅកម្ពុជា តែការលក់ប័ណ្ណនេះ ត្រូវបានមតិជាច្រើនរិះគន់ ដោយសារមតិរិះគន់ ទាំងនោះលើកឡើងថា បើមានចិត្តចង់ ជួយពលរដ្ឋ រងគ្រោះមែនអាចរ៉ៃអង្គាសថវិកា ពីអ្នកគាំទ្រខ្លួនទាំងក្នុង និងក្រៅប្រទេសហើយផ្ញើមកឲ្យលោក កឹម សុខា ឬអ្នកគាំទ្រខ្លួនណាមួយនៅស្រុកខ្មែរ ទៅជួយពលរដ្ឋបានហើយ ៕