Covid-19

បិទមន្ទីរសម្រាកព្យាបាល និងសម្ភព ព្រែកតាមាក់ ជិតគល់ស្ពាន ក្រោយអ្នកជំងឺកូវីដ១៩ ចូលព្យាបាល

ភ្នំពេញ៖ អាជ្ញាធរស្រុកស្រុកខ្សាច់កណ្តាលបានបិទ មន្ទីរសម្រាកព្យាបាល និងសម្ភព ព្រែកតាមាក់ (២៤ម៉ោង) ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលក្រោយមានអ្នកជំងឺកូវីដ១៩ ម្នាក់នៅភូមិក្រោម ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល បានទៅពិនិត្យសុខភាពនិងព្យាបាល។

រដ្ឋបាលស្រុកខ្សាច់កណ្តាលនាថ្ងៃ១០ មិថុនា បានឲ្យដឹងថា កាលពីថ្ងៃ៥ មិថុនា មានអ្នកជំងឺកូវីដ១៩ ចំនួន១នាក់ មានទីលំនៅភូមិក្រោម ឃុំកោះចូរ៉ាម បានទៅពិនិត្យសុខភាព និងព្យាបាលនៅមន្ទីរសម្រាកព្យាបាល និងសម្ភព ព្រែកតាមាក់ហើយក្រុមគ្រូពេទ្យ បានយកសំណាកអ្នកជំងឺទៅពិនិត្យរកជំងឺកូវីដ-១ ៩ លទ្ធផលចេញមក គឺវិជ្ជមាន។

ចំពោះមុខ រដ្ឋបាលស្រុកខ្សាច់កណ្តាល បានផ្អាកដំណើរការមន្ទីរសម្រាកព្យាបាល និងសម្ភព ព្រែកតាមាក់ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ គិតពីថ្ងៃ១០-២៤ មិថុនា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់ប្រជាពលរដ្ឋបន្តទៀត។

រដ្ឋបាលស្រុកខ្សាច់កណ្តាល សង្ឃឹមថា ពលរដ្ឋទាំងអស់ ជាពិសេសអ្នកចូលព្យាបាល និងពិនិត្យសុខភាពនៅពេទ្យនេះ និងអ្នកពាក់ព័ន្ធជាមួយអាជីវករផ្សារព្រែកតាមាក់ មកយកសំណាកពិនិត្យឲ្យបានគ្រប់ៗគ្នា នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល។

សូមបញ្ជាក់ថា កាលពីថ្ងៃ៨ មិថុនា អាជីវករផ្សារព្រែកតាមាក់ ២នាក់បានកើតជំងឺកូវីដ១៩ ហើយបន្តរកឃើញអ្នកពាក់ព័ន្ធឆ្លង១០នាក់ទៀត សរុប១២នាក់។ ក្រោយរកឃើញអ្នកឆ្លងជាង ១០នាក់នេះអាជ្ញាធរ សម្រេចបិទផ្សារជាបណ្តោះអាសន្ន ១៤ថ្ងៃផងដែរ៕

To Top