ព័ត៌មានជាតិ

រដ្ឋមន្ត្រី ចាយ បូរិន អញ្ជើញបញ្ចុះបញ្ចបឋមសិលា កសាងមហាកុដិ នៅវត្តសុវណ្ណមុនីសាគរ ហៅវត្តសំរោងអណ្តែត

ភ្នំពេញ៖ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួម ពិធីបុណ្យបញ្ចុះបឋមសិលា កសាងកុដិ “មហាសុវណ្ណសុគន្ធកុដិ សម្តេចព្រះសាក្យមុនី រ័ត្ន សាវឿន” ប្រគេនព្រះសង្ឃ នៅវត្តសុវណ្ណមុនីសាគរ ហៅវត្តសំរោងអណ្តែត ស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពិធីនេះមានការយាង ជាព្រះរាជាធិបតីពីសំណាក់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណ:មហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងយាង និមន្តចូលរួមរបស់ សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈជាច្រើនព្រះអង្គ និបដឹកនាំក្រសួងធម្មការ និងសាសនា និងប្រជាពុទ្ធបរិស័ទ ជិតឆ្ងាយយ៉ាងច្រើនកុះករ ។

ការកសាងសង់សំណង់ ដែលបម្រើដល់វិស័យព្រះពុទ្ធសាសនាត្រូវបានរៀបចំតាមក្បួនខ្នាត និងរចនាបទខ្មែរត្រឹមត្រូវ។ ដោយឡែកសំណង់វត្តអារាមនានា ទូទាំងប្រទេស ត្រូវបានអភិវឌ្ឍយ៉ាងឆាប់រហ័ស សមស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតេជា និងសម្តេចធិបតី តែងយកចិត្តទុកដាក់ និងផ្តល់អនុសាសន៍ណែនាំ ដល់ក្រសួងធម្មការនិងសាសនា សហការជាមួយគណសង្ឃនាយក ក្នុងការពិនិត្យយ៉ាងលំអិតអំពីរចនាបថ ជាពិសេសអភិរក្ស និងកសាងសំណង់វត្តអារាម។

សូមជម្រាបជូនថា “មហាសុវណ្ណសុគន្ធកុដិ សម្តេចព្រះសាក្យមុនី រ័ត្ន សាវឿន” ដែលគម្រោងនិងសាងសងនាឱកាសនេះ មានបណ្តោយប្រវែង ៣៣ម៉ែត្រ ទទឹង២១ម៉ែត្រ និងមានកំពស់៤៥ ម៉ែត្រ ដើម្បីប្រគេនព្រះសង្ឃ និងឧទ្ទិសចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕

To Top