លោក ជួន សុវណ្ណ លោកឌួង អេលីត និង លោកខូយ រីដា ដឹកនាំកិច្ចប្រជុំ រៀបចំសន្តិសុខ និងចុះត្រួតពិនិត្យទីតាំងការពារសុវត្ថិភាព ជូនថ្នាក់ដឹកនាំនិងភរិយា ថ្នាក់ដឹកនាំសម្រាប់កម្មវិធីបោះជំរុំយុវជន កាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងកម្មវិធីចែកអំណោយ
ពោធិ៍សាត់÷នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, លោក ឌួង អេលីត នាយកពិធីការសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ខូយ រីដា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យ និងដឹកនាំកិច្ចប្រជុំពិភាក្សាវាយតម្លៃលើការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងភរិយាថ្នាក់ដឹកនាំ សម្រាប់ «កម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ និងកម្មវិធីចែកអំណោយ»។

កម្មវិធីដ៏ធំនេះ នឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

គួរជម្រាបជូនថា គោលបំណងចម្បង នៃការរៀបចំកម្មវិធី «បោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ» គឺដើម្បីផ្តល់ឱកាសឱ្យយុវជន យល់ដឹងកាន់តែស៊ីជម្រៅ ពីតម្លៃនៃសន្តិភាព ព្រមទាំងបង្កើតចំណងមិត្តភាព រវាងយុវជន មកពីបណ្តាខេត្ត-រាជធានី និងបណ្តុះបណ្តាល បំណិនសតវត្សរ៍ទី២១ ភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុម និងការស្ម័គ្រចិត្តជួយសង្គម៕
ប្រភព&រូបភាព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ណិល








