ភ្នំពេញ ៖ អាជ្ញាធរខេត្ត នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចកំណត់ តំបន់ក្រហម ក្នុងភូមិចំនួន៤ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប និងអំពាវនាវដល់អ្នកពាក់ព័ន្ធ អនុវត្តការធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាព និងយកសំណាកធ្វើតេស្ត ស្រាវជ្រាវមេរោគកូវីដ-១៩ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចកំណត់តំបន់ក្រហម មាន ៖ ភូមិរការធំ ភូមិព្រៃធំ ភូមិចន្លោង និងភូមិស្រង៉ែ នៃសង្កាត់ស្រង៉ែ ។
ការសម្រេចកំណត់តំបន់ក្រហមនេះ ក្រោយការរកឃើញវិជ្ជមាន មេរោគកូវីដ-១៩ ទៅលើសពឈ្មោះ ឃន់ ឃាន ភេទប្រុស អាយុ៥៦ឆ្នាំ អាសយដ្ឋាននៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ដែលបានទទួលមរណភាពនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ និងដោយករណីនេះ មានការទំនាក់ទំនងស្មុគស្មាញជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ។
រដ្ឋបាលខេត្តបានឲ្យដឹងថា ឈ្មោះ ឃាន សុឃួច ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវជាកូន របស់ ឈ្មោះ ឃន់ ឃាន បម្រើការងារជាបុគ្គលិក បើកបររថយន្តនៅធនាគារ អេស៊ីលីដា សាខាសូទ្រនិគម និងភរិយា ត្រូវបានរកឃើញវិជ្ជមាន មេរោគកូវីដ-១៩ នៅថ្ងៃ៩ មិថុនា ។ បន្ទាប់ពីរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្រុមការងារ បានចុះស្រាវជ្រាវ និងរកឃើញថា ករណីការចម្លងជំងឺកូវីដ-១៩នេះ ទៅក្រុមគ្រួសារ គឺមានប្រភពពីកូនប្រុស ឈ្មោះ ឃាន សុឃួច ៕