ព័ត៌មានជាតិ

ទំនាស់វិវាទ លើសមុទ្រចិនខាងត្បូង ជាដុំសាច់មហារីក ដែលមិនអាចធ្វើការវះកាត់ យកចេញបានពីបំពង់ករបស់វៀតណាម!

        ភាពបដិបក្ខអំពីផលប្រយោជន៍របស់ពួកប្រទេស Claimant States ក្នុងការអះអាងដែនអធិបតេយ្យភាព និងអំណាចយុត្តាធិការលើសមុទ្រចិនខាងត្បូង ជាបច្ច័យមួយដ៏លំបាកបំផុតក្នុងការពុំអាចសម្របសម្រួលដោះស្រាយបញ្ហាដ៏រ៉ាំរ៉ៃនេះបានតាមរយៈការជួបចរចា ឬមួយតាមរយៈសាលក្រមរបស់ទោះបីអង្គការអន្តរជាតិណាមួយ! ដោយជំហរនយោបាយ និងផលប្រយោជន៍មានការខុសគ្នាផ្សេងឆ្ងាយពីគ្នាទាំងអស់!។​

        បញ្ហាសមុទ្រចិនខាងត្បូង ជាផលប្រយោជន៍សេដ្ឋកិច្ចតែបានបង្កប់ទៅក្នុងនយោបាយភូមិសាស្រ្ត យុទ្ធសាស្រ្ត ក្រោយមកបញ្ហានេះបានក្លាយទៅជា “ Mode” មួយក្នុងការនាំដល់ការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់ បន្ទាប់មកបែរទៅជាបម្រើឱ្យនយោបាយកេងចំណេញរបស់ពួកប្រទេសយក្សនៅខាងក្រៅតំបន់ទៅវិញ!។ មានសច្ចៈធម៌មួយនៅក្នុងប្រវត្តិនៃវិទ្យាសាស្រ្តនយោបាយ គឺនៅពេលដែលបញ្ហាកើតឡើងហើយមានការជ្រៀតជ្រែកមួយដ៏ធំពីខាងក្រៅ មកលើភូមិសាស្រ្តនយោបាយដោយអានុភាពរបស់មហាអំណាចពិភពលោកនោះ គឺច្បាស់ជានឹងធ្វើឱ្យសភាពការណ៍នៅទីនោះមានការលំបាកក្នុងការវិលមកស្ថានភាពដើម(Status quo ante )ដូចមុនបានឡើយ! ឧទាហរណ៍ជាក់ស្ដែងសភាពការណ៍នៅភូមា នឹងវិលមកដូចដើមតែនឹងខុសទាំងអស់មិនដូចសភាពដើមឡើយ!

        សង្រ្គាមត្រជាក់កើតឡើងជាបន្តបន្ទាប់នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូងក្នុងមួយទសវត្សរ៍កន្លងមកនេះ បានក្លាយទៅជាមុខទំនិញមួយដែលមានតម្លៃ ធ្វើឱ្យពួកប្រទេសដែលមានការពាក់ព័ន្ធ និងពួកប្រទេសដែលពុំមានការពាក់ព័ន្ធ(Non Claimant States) បានរួមគ្នាធ្វើការតថ្លៃ ទិញដូរ ក្នុងតម្លៃនៃផលប្រយោជន៍យុទ្ធសាស្រ្តរៀងៗខ្លួន!។

        ដោយចរិតស្មុគស្មាញរបស់បញ្ហាសមុទ្រចិនខាងត្បូង ទើបពួកអ្នកយុទ្ធសាស្ដ្ររំពឹងថា ក្នុង១០ទៅ២០ឆ្នាំខាងមុខទៀត បញ្ហាសមុទ្រចិនខាងត្បូងក៏គ្មានដំណើរវឌ្ឍនភាព នៅតែដដែលៗ ក្នុងករណីបើពួកប្រទេសពាក់ព័ន្ធមិនឯកភាពលើរូមមន្ត ដាក់ទំនាស់ទៅម្ខាង ហើយរួមគ្នាធ្វើអាជីវកម្ម រកស៊ីក្នុងផលប្រយោជន៍រួមនោះ!។

        ដោយមានការបារម្ភដ៏ជ្រាលជ្រៅទៅនឹងសង្រ្គាមត្រជាក់ដ៏រ៉ាំរ៉ៃនៅក្នុងតំបន់អាស៊ីថ្មីនេះ ទើបពេលនៅរស់លោក Surin Pitsuwan ធ្លាប់បានប្រកាសយ៉ាងចំហរថា បញ្ហាសមុទ្រចិនខាងត្បូងគឺជាបញ្ហាPalestineរបស់អាស៊ីដែលពិបាករកដំណោះស្រាយ! បើអ្នកនយោបាយអាស៊ីខ្លះ បានហៅបញ្ហាសមុទ្រចិនខាងត្បូងថា ជារឿងព្រេងនិទាន១០០១យប់! ការនិយាយបែបនេះចង់បញ្ជាក់ឱ្យឃើញថា បញ្ហានេះនៅបន្តអូសបន្លាយមិនចេះចប់ ហើយនឹងហែកតំបន់អាស៊ីមួយនេះទៅជាចំណែកតូចៗ ព្រោះដោយមានប្រទេសខ្លះគាំទ្រនិងក៏មានប្រទេសខ្លះមិនឯកភាព ដែលជាហេតុចម្បងនាំឱ្យមានការមិនចុះសម្រុងគ្នាទាំងក្នុងតំបន់ទាំងនៅលើពិភពលោកនោះ!។

        ការវិវត្តន៍របស់ពិភពលោកក្នុង២០ឆ្នាំចុងក្រោយនេះ!

        ស្ថានភាពទាំងនេះ មិនខុសអីទៅនឹងតថភាពរបស់ចក្រភពអង់គ្លេសមុននេះដែលគេទាំងឡាយបានស្គាល់និងហៅចក្រភពអង់គ្លេសថាជា តោសមុទ្រនោះ ដោយអង់គ្លេសក្នុងសម័យកាលនោះ ធ្លាប់បានធ្វើជាអធិរាជផ្ដាច់មុខលើមហាសាគរអស់រយៈកាលមួយដ៏យូរ។តែក្រោយមកនិងឥឡូវនេះ សហរដ្ឋអាមេរិកដែលជាមហាអំណាចរបស់មហាអំណាចផុតលេខ(Super of Superpowers) ដែលក្នុងនោះអត្ថប្រយោជន៍ដ៏កំពូលនិងសាវ័ន្តក្នុង Global Strategy  គឺសេរីភាពក្នុងការធ្វើនាវាចរណ៍លើមហាសាគរទាំងអស់ ដែលអំណាចក្នុងការធ្វើចរាចរនាវាចរណ៍លើមហាសាគរនេះ គឺជាអត្ថិភាពនិងជាកម្លាំងពិតរបស់អាមេរិក ដែលសិទ្ធិអំណាចទាំងអស់នេះផ្សារភ្ជាប់ទៅនឹងValue របស់ប្រទេសអាមេរិកផង!។ ផ្ដើមចេញពីទស្សនៈទាននេះ ទើបអាមេរិកចាត់ទុកប្រទេសរបស់ខ្លួនមានអំណាចធ្វើជាម្ចាស់លើមហាសាគរទាំងអស់ ព្រមទាំងមានសិទ្ធិពេញលេញក្នុងការប្រើប្រាស់នូវកម្លាំងបាយ ដើម្បីធានាការពារដល់អំណាចផ្ដាច់មុខមួយនេះ ដូចដែល តោសមុទ្រ អង់គ្លេសធ្លាប់បានវាតទីអុងអាត់ធ្វើអធិរាជមកលើសមុទ្រទាំងអស់ក្នុងសម័យកាលនាសតវត្សរ៍ទី១៩នោះ!។

        ទាក់ទងដល់ទស្សនៈនយោបាយគ្រប់គ្រងមកលើមហាសាគរនេះដោយជាប្រទេសទើបនឹងងើបឡើង ចង់ចែករំលែកតួនាទីនិងចូលរួមក្នុងការអះអាងអត្ថិភាពរបស់ខ្លួនក្នុងសតវត្សរ៍ទី២១នេះផងដែរ ទើបចិនធ្លាប់មានឥរិយាបថទន់ភ្លន់មួយដោយបានធ្វើការអះអាងថា ចិនជាប្រទេសដែលតែងតែមានភាព Fair Treatment ប្រកបទៅដោយការទទួលខុសត្រូវមួយនៅលើសមុទ្រចិនខាងត្បូង!ព្រោះប្រទេសចិនត្រូវការបរិយាកាសជុំវិញប្រកបទៅដោយសន្តិភាព រួមរស់ជាមួយបណ្ដាប្រទេសភូមិផងនិងជុំវិញសមុទ្រចិនខាងត្បូង ដើម្បីការអភិវឌ្ឍន៍និងវឌ្ឍនភាព ហើយបើគ្មានសន្តិភាពនិងស្ថិរភាព គឺនឹងពុំអាចមានបរិយាកាសសហប្រតិបត្តិការល្អនៅក្នុងតំបន់ដូចបច្ចុប្បន្ននេះឡើយ!។

        ក៏ប៉ុន្តែ នៅពេលដែលឥទ្ធិពលរបស់ចិនកាន់តែរីកធំធាត់ កើនឡើងហើយអានុភាពរបស់អាមេរិកនៅអាស៊ីបាននិងកំពុងមានភាពChallenging យ៉ាងដូច្នោះ ប្រហែលជាអាមេរិកនឹងមានការលំបាកក្នុងការស្វែងរកកៀរគររកភាពជាដៃគូ និងក៏ដើម្បីមានការគាំទ្រចំពោះនយោបាយមួយបង្កើតឱ្យមានភាពប្រឈមនៅក្នុងតំបន់នោះ!។ គេទាំងឡាយដឹងថា ចាប់តាំងពីសង្រ្គាមលោកលើកទី២ចប់ទៅ សហរដ្ឋអាមេរិកបានពឹងផ្អែកមកលើសម្ព័ន្ធមិត្តអាស៊ីពីរ គឺ ជប៉ុននិងហ្វីលីពីន ដើម្បីធ្វើឱ្យមានស្ថិរភាពនិងជួយបំពេញនូវតុល្យភាពកម្លាំង លើជញ្ជីងអំណាចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ! ក៏ប៉ុន្តែដោយអត្ថប្រយោជន៍ជាតិនិងអំណាចឥស្សរភាពបានធ្វើឱ្យប្រទេសពីរនេះដែលជាដៃគូយុទ្ធសាស្រ្តសំខាន់ ជប៉ុន និងហ្វីលីពីន មួយថ្ងៃកាន់តែបាត់អស់ជំនឿក្នុងចក្ខយុទ្ធសាស្រ្តរបស់អាមេរិកជាបណ្ដើរៗដោយពួកគេមានការស្ទាក់ស្ទើរក្នុងការចង់ស្ថិតនៅក្នុងតារាវិថីឥទ្ធិពលនយោបាយរបស់អាមេរិក! ដោយមើលឃើញករណីCrimea បន្ទាប់មកភូមាជាមេរៀនប្រវត្តិសាស្រ្តជាក់ស្ដែងបំផុតនោះ!។

        ដោយមានសម្ពាធក្នុងដំណោះស្រាយនៅមជ្ឈឹមបូព៌ា អាស៊ីខាងត្បូងនិងកន្លែងជាច្រើនទៀត បានធ្វើឱ្យសហរដ្ឋអាមេរិកបោះបង់នូវគោលគំនិតEngagementខ្លាំងក្នុងទំនាក់ទំនងជាមួយប្រទេសខ្លះនៅក្នុងតំបន់ ងាកមករកភាពDetende ជាមួយចិនវិញ! ឆ្លៀតពេលដ៏លំបាកមួយនេះចិនក៏បានបំពេញចូលមកជំនួសក្នុងកន្លែងចន្លោះប្រហោងរបស់អាមេរិកនេះវិញ!។

        ពិនិត្យជារួមក្នុងបរិបទបច្ចុប្បន្ន ពេលនេះអាមេរិកនៅពុំទាន់មានគំនិតចង់ប្រើប្រាស់បញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងគោលដៅនយោបាយចំពោះចិននៅឡើយទេ! ព្រោះបើធ្វើយ៉ាងដូច្នោះ គឺអាចនិងជំរុញឱ្យចិនធ្លាក់ទៅក្នុងស្ថានភាពមួយដាច់ខាតប្រយុទ្ធស្លាប់រស់ជាមួយនិងអាមេរិកជាមិនខាន! ករណីអូស្រ្តាលីជាបទពិសោធន៍ជាក់ស្ដែងបំផុតនោះ!។ ដូច្នោះមានតែវិធីមួយទេ គឺឆ្លៀតឱកាសដែលចិនបាននិងកំពុងវាតទីកម្លាំងយោធា សំដៅគ្របដណ្ដប់ កាន់កាប់មកលើតំបន់សមុទ្រចិនខាងត្បូងទាំងមូល គំរាមកំហែងមកលើវៀតណាមនិងហ្វីលីពីន រួមទាំងការបង្កភាពភ័យខ្លាចមកលើអាស៊ីអាគ្នេយ៍ និងសន្តិសុខនៅអាស៊ីទាំងមូលនោះ! ដែលនេះអាចជាលេសមួយធ្វើឱ្យអាមេរិកប្រើប្រាស់អស់ថាមពលយោធារបស់ខ្លួនក្នុងការរំកិលចូលមកសមុទ្រចិនខាងត្បូង និងអាស៊ីបូព៌ា បង្កើតទៅជាជំនឿទុកចិត្តមួយសម្រាប់ពួកប្រទេសនៅក្នុងតំបន់ ព្រមទាំងរួមដៃជាមួយកូរ៉េខាងត្បូង ក្នុងការពង្រីកនិងបំបាក់កូរ៉េខាងជើងទៀតផង!។ ទន្ទឹមនេះក៏ដើម្បីប្រមូលផ្ដុំប្រទេសអាស៊ានទាំងអស់ រួមទាំងពួកប្រទេសមហាអំណាចអាស៊ី ដែលមានជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្រ្តាលី រួមទាំងរុស្ស៊ីផងធ្វើការគាបសង្កត់បង្ខំឱ្យចិនវិលមករកស្ថានភាពដើមរបស់ប្រទេសខ្លួនវិញ ក្នុងឋានៈជាប្រទេសចេះគោរពបូរណភាពទឹកដី ដែនសមុទ្រនិងសន្តិសុខក្នុង​តំបន់ផង(Sic)!។

        មហិច្ឆតាជាយុទ្ធសាស្រ្តរបស់ចិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកគឺជាភាពជាក់ស្ដែងប្រាកដនិយមមែន! ហើយផ្ដើមចេញពីទំនាក់ទំនងជាប្រវត្តិសាស្រ្ត គឺអាស៊ីអាគ្នេយ៍ជាច្រកទ្វារខាងត្បូងរបស់ចិន ដោយចិនមានទំនាក់ទំនងឫសគល់ ស៊ីជម្រៅនៅក្នុងតំបន់នេះពីយូរយាណាស់មកហើយ ដែលចាប់ផ្ដើមពីការតភ្ជាប់ភូមិសាស្រ្ត (មានព្រំដែនរួមជាប់គ្នាជាមួយឡាវ ភូមា និងវៀតណាម) !ទន្ទឹមនេះ ចិនក៏មានសហគមន៍ជនជាតិចិនមួយដ៏ធំ ដែលជាតិចិនមួយនេះ៣៥លាននាក់បានក្ដាប់នៅក្នុងដៃនូវថាមពលសេដ្ឋកិច្ចមួយដ៏មហិមា ឥតគណនាបាននៅគ្រប់ទិសទីនៅក្នុងតំបន់ ហើយបើនិយាយអំពីប្រវត្តិសាស្រ្តវិញ គឺមានប្រទេសអាស៊ីមួយចំនួន ក៏ធ្លាប់ទទួលឥទ្ធិពល និងមានទំនាក់ទំនងជាមួយចិនរាប់សិបរយឆ្នាំកន្លងមកផងដែរ!។

        ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសគឺចាប់តាំងពីសង្រ្គាមត្រជាក់ចប់ ហើយសហរដ្ឋអាមេរិកបានក្លាយទៅជាមហាអំណាចផុតលេខតែមួយគត់មក ចិនក៏បានត្រៀមនិងជំរុញគោលនយោបាយអនុគ្រោះមួយមកកាន់តំបន់អាស៊ីអាគ្នេយ៍ ដោយគោលនយោបាយមួយនេះក៏មានអត្ថប្រយោជន៍សម្រាប់ជនជាតិចិនផងដែរ!។ ចាប់តាំងពីបណ្ដាទសវត្សរ៍ទី៩០ ចិនបានសង្កត់ធ្ងន់មកលើភាព Harmonization ក្នុងតំបន់ ដោយដំណើរនេះបានឆ្លងតាមរយៈការងារការទូតមួយដ៏ទន់ភ្លន់ ដើម្បីConquer ឱ្យបានដោយប្រើប្រាស់នយោបាយអំណាចទន់(Soft power) ដែលវិធីសាស្រ្តក្នុងការConquer ដោយអំណាចទន់នេះបានឆ្លុះបញ្ចាំងតាមរយៈការកសាងឡើងនូវរូបភាពនយោបាយមួយក្នុងភាពជាអ្នកភូមិផងល្អ រួមវិភាគទានដើម្បីវឌ្ឍនភាពសេដ្ឋកិច្ចរបស់ពលរដ្ឋចិនផង និងក៏ដើម្បីប្រជាពលរដ្ឋអាស៊ីអាគ្នេយ៍ផង!។

        ភាពទន់ភ្លន់របស់ចិននេះ តែពុំមែនជាការរាថយលើសមុទ្រចិនខាងត្បូងឡើយ!

        សមុទ្រចិនខាងត្បូងជាគន្លឹះមួយដ៏សំខាន់ ដោយសំណូមពរនៃការទាមទាររបស់ចិនត្រូវបានបង្ហាញឡើងតាមរយៈផែនទីអក្សរU ដែលខ្សែបន្ទាត់អក្សរUនេះហាក់បីដូចជាបានរត់ជុំសមុទ្រចិនខាងត្បូងដោយផ្លូវរត់មួយនេះបានរត់កាត់ទទឹងបណ្ដាផ្លូវ Main Navigationទាំងអស់លើតំបន់សមុទ្រចិនខាងត្បូង!។ ទាក់ទងដល់ផ្លូវអក្សរUនេះ មន្រ្តីរបស់ចិនទាំងអស់ហាក់បីដូចជាមានការស្ទាក់ស្ទើរ មិនប្រកាសជាសាធារណៈអំពីដែនអធិបតេយ្យភាពរបស់ខ្លួនលើសមុទ្រចិនខាងត្បូងឱ្យថាមានភាពច្បាស់លាស់ត្រង់កន្លែង!ត្រឹមណា! ក៏ប៉ុន្តែបើមានអំពើណាមួយក្នុងការបំពារបំពាន រំលោភមកលើតំបន់អក្សរUនេះ គឺចិននឹងមានប្រតិកម្មយ៉ាងខ្លាំងជាដាច់ខាតដោយអះអាងថា South China Sea as Core Interests of China!។ ក្នុងរាល់សេចក្ដីថ្លែងការណ៍និងសកម្មភាពទាំងឡាយរបស់ចិនក្នុងមួយទសវត្សរ៍កន្លងមកនេះ គឺលែងមានការមន្ទិលសង្ស័យអ្វីទៀតដោយចិនបានអះអាងចាត់ទុក សមុទ្រចិនខាងត្បូងគឺជាដែនអធិបតេយ្យភាពក្នុងអំណាចយុត្តាធិការ ពិតប្រាកដរបស់ចិនដែលមិនអាចប្រកែកបានឡើយ! តែអាចដោយសមត្ថភាពយោធារបស់ចិនលើសមុទ្រចិនខាងត្បូងនៅមានលទ្ធភាពនិងការអំណត់ ទើបចិនអនុវត្តន៍យុទ្ធវិធីបង្កភាពស្រពិចស្រពិលលើបញ្ហា ជាជាងធ្វើឱ្យគម្រោងការនេះច្បាស់លាស់! តែភាពស្រពិចស្រពិលមួយនេះដាច់ខាតមិនអនុញ្ញាតឱ្យទោះបីនរណាម្នាក់បំពានមកលើតំបន់សមុទ្រនេះបានជាដាច់ខាត!។

        ឥទ្ធិពលនិងលទ្ធភាពក្នុងយុទ្ធសាស្រ្តរបស់ចិននៅអាស៊ីអាគ្នេយ៍មានភាពជ្រាលជ្រៅនិងមួយថ្ងៃកាន់តែវិវត្តន៍រីកចម្រើន ហើយប្រការនេះត្រូវបានសម្ដែងឡើងយ៉ាងជាក់ស្ដែងដែលពិសេសបំផុតនោះ គឺក្នុងវិស័យសេដ្ឋកិច្ច! ហើយនៅពេលដែលវិបត្តិសេដ្ឋកិច្ចពិភពលោកមកពីបញ្ហាCovidធ្វើឱ្យខឿនសេដ្ឋកិច្ចរបស់អាមេរិក និងអឺរ៉ុបរង្គោះរង្គើ បាក់ទន់ខ្សោយទៅនិងអស់ជំនឿទុកចិត្ត ស្រាប់តែចិនប្រជាមានិតលេចធ្លោឡើងជាដៃគូពាណិជ្ជកម្មមួយដ៏ធំបំផុតរបស់អាស៊ានទៅវិញ! ហើយនេះក៏ប្រហែលពុំមែនជាការចៃដន្យណាមួយនោះទេ គឺដោយក្នុងប៉ុន្មានឆ្នាំមុននេះ តំបន់ពាណិជ្ជកម្មសេរីអាស៊ានចិនចាប់មានដំណើរការចូលជាធរមានដោយយថាភាព!។

        ជាតថភាព ទោះបីជាមានកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ានឬតំបន់លើវិស័យសេដ្ឋកិច្ចយ៉ាងនេះក៏ដោយ ក៏វៀតណាមនៅតែមានភាពប្រឈមជាប្រចាំដ៏ច្រើនឥតគណនា ជាពិសេសក្នុងស្ថានភាពដែលវៀតណាមបាននិងកំពុងរំកិលខ្លួនសម្របសម្រួលទៅជាដៃគូយុទ្ធសាស្រ្តជាមួយអាមេរិក! ក្នុងការរួមដៃទប់ទល់ទៅនឹងអានុភាពរបស់ចិនទាំងក្នុងតំបន់ ទាំងនៅលើតំបន់សមុទ្រចិនខាងត្បូងនោះ!។ តែយ៉ាងណាក៏៏ដោយ ក្នុងទស្សនៈវិស័យនៃបរិបទថ្មីមួយនេះវៀតណាមនៅតែត្រូវប្រឈមមុខទៅនឹងបញ្ហាដ៏លំបាកស្មុគស្មាញពីរ ទាំងនៅចំពោះមុខ ទាំងយូរអង្វែងរួមមាន៖

        ១)ចំពោះអាមេរិក៖ គឺសហរដ្ឋអាមេរិកមានគោលបំណងដ៏សាមញ្ញបំផុត គឺចង់រក្សាតំបន់សមុទ្រចិនខាងត្បូងនេះឱ្យនៅតែជាតំបន់ដែលនាវាចរណ៍អន្តរជាតិអាចធ្វើដំណើរទៅមកដោយសេរី បើកចំហរ និងសុវត្ថិភាព! អាមេរិកមានអត្ថប្រយោជន៍ជាតិតែមួយគត់នៅក្នុងតំបន់សមុទ្រនេះ ក្នុងករណីដែលអាមេរិកការពារបាននូវសិទ្ធិសេរីភាពក្នុងការធ្វើនាវាចរណ៍ ព្រមទាំងរក្សាតំបន់សមុទ្រនេះឱ្យនៅតែជាតំបន់សេរីនិងបើកចំហរ! ដូច្នោះ ការចូលរួមរបស់អាមេរិកនៅក្នុងតំបន់សមុទ្រចិនខាងត្បូងគឺមានចរិតFair និងសត្យានុម័តបំផុត ដោយពុំមែនជាការBinding ត្រូវនឹងការការពារអធិបតេយ្យ បូរណភាពដែនដី ឬផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសណាមួយឡើយ!។

          ២)ចំពោះចិនវិញ៖ ដោយទទួលរងសម្ពាធពីសហគមន៍អន្តរជាតិ ជាពិសេសគឺអាមេរិក ក្នុងការបង្ខំឱ្យចិនដែលអាចបោះបង់នូវទស្សនៈទានហៅថា “ Core interests”នោះ តែបើចិនវិញ ប្រហែលជាដាច់ខាតមិនបោះបង់ចោលនូវផ្លូវអក្សរU ដែលចិនបានគូសកំណត់លើសមុទ្រចិនខាងត្បូងរួចហើយនោះ! មុននិងក្រោយ ដាច់ខាតចិននឹងការពារអក្សរUនៅលើសមុទ្រចិនខាងត្បូងនេះ ដែលជាសក្ខីកម្មមួយមិនអាចប្រកែកបាន អំពីសកម្មភាពវាតទីអំណាចរបស់ចិនដែលផ្លូវអក្សរUនេះបានគ្រប់ដណ្ដប់អស់៨០%នៃវិសាលភាពលើសមុទ្រចិនខាងត្បូងអស់ទៅហើយនោះ!។

        COCក៏ពុំមែនជាដំណោះស្រាយល្អដូចការរំពឹងនោះឡើយ!

        Code of Conduct (COC)ពុំមែនជានីតិលក្ខណៈ(Statute)របស់សន្ធិសញ្ញាអន្តរជាតិ ដូច្នោះCOCនឹងមិនត្រូវបានផ្ដល់សច្ចានុម័ត(Ratification)ឡើយ ដែលទោះបីជាCOCនេះ មានលក្ខណៈជាសំណុំឯកសារទាក់ទងទៅដល់សន្តិភាព សន្តិសុខព្រំដែន បូរណភាព និងអធិបតេយ្យភាពរដ្ឋក៏ដោយចុះ! ទាំងអស់នេះហើយ ដែលជាឧបសគ្គក្នុងការអនុវត្តន៍COCរបស់ពួកប្រទេសក្នុងតំបន់ទាំងអស់ ដែលមានការពាក់ព័ន្ធនោះ!។

        ផ្ដើមចេញពីបរិបទនេះហើយ ទើបមានការព្យាករណ៍និងទិសដៅដោះស្រាយជាមុនថា ហេតុផលទាំងឡាយខាងលើនេះអាចជាជំនួយស្មារតីក្នុងការជួយដល់ប្រទេសទាំងអស់ សុំកុំចំណាយពេលដ៏ឥតប្រយោជន៍ក្នុងការកសាងCOCដែរទីបំផុត ពុំបាននាំមកនូវលទ្ធផលជាវិជ្ជមានណាមួយឡើយ! ព្រោះឯកសារCOCចុងក្រោយ ក៏ពុំមានចរិតគតិយុត្តិណាមួយច្បាស់លាស់ផងដែរ ព្រោះពុំមានValue of binding ដូចឯកសារDOC អីចឹងផងដែរ!។ ដូច្នោះ អ្វីទៅដែលជាដំណោះស្រាយមួយដ៏ល្អសម្រាប់បញ្ហាខាងលើនេះ! វិធីសាស្រ្តដ៏ល្អបំផុតនោះ គឺការឆ្ពោះទៅធ្វើសន្ធិសញ្ញាអំពីConduct លើសមុទ្រចិនខាងត្បូងវិញ!

ទីមួយ៖វិធានការដ៏សាមញ្ញបំផុតនោះ គឺពួកប្រទេសពាក់ព័ន្ធចាំបាច់ត្រូវរួមគ្នាកសាងសន្ធិសញ្ញាស្ដីពីConduct of South China Sea ! ព្រោះសន្ធិសញ្ញានេះ អាចមានខ្លឹមសារច្រើនប្រហាក់ប្រហែលដូចគ្នាទៅនឹងCOC ដែលមានការបំពេញបន្ថែមមកលើប្រការនិងមាត្រាខ្លះអំពីប្រសិទ្ធភាពជាគតិយុត្តិនោះ!

ទីពីរ៖ការកសាងសន្ធិសញ្ញាស្ដីពី Conduct of South China Sea អាចត្រូវបានចាត់ទុកថាកិច្ចការមួយមិនប្រាកដនាពេលនេះ ព្រោះអីដំណើរការកសាងCOCបាននិងកំពុងជួបប្រទះទៅនឹងការលំបាករួចទៅហើយ!ដូច្នោះដើម្បីជាទស្សនៈវិស័យ ពួកប្រទេសពាក់ព័ន្ធទាំងអស់គួររៀបចំជាRoadmap មួយឱ្យហើយក្នុងការឆ្ពោះទៅកសាងសន្ធិសញ្ញា (Treaty)ដូចការនិយាយខាងលើនេះ!។

ពួកអ្នកច្បាប់មើលឃើញថា ការកសាងឡើងនូវសន្ធិសញ្ញាស្ដីពី Conduct on the South China Sea នេះ ដែលទោះបីជាមានការលំបាកជាងការកសាងCOCក៏ដោយ ក៏មិនមានបញ្ហាជាជាងការខុសគ្នាមួយដ៏ឆ្ងាយពីភាពគតិយុត្តិរវាងTreaty និងCOCនោះដែរ! ហើយដើម្បីជំនះឱ្យបាននូវការលំបាកមួយនេះ គឺចាប់ពីពេលនេះទៅ ពួកប្រទេសពាក់ព័ន្ធនិយាយដោយឡែក និងពួកប្រទេសអាស៊ាននិយាយជារួម ត្រូវចាប់ផ្ដើមម្ចាស់ការក្នុងការលើកឡើង និងសកម្មឆ្ពោះទៅជំរុញការកសាងTreaty on the Conduct of the South China Sea ពីពេលនេះតទៅបានហើយ!។

សហរដ្ឋអាមេរិក ជាប្រទេសធំមានផលប្រយោជន៍ច្រើនពាក់ព័ន្ធលើគ្រប់ទិសទីក្នុងពិភពលោក ដែលជួនពេលខ្លះផលប្រយោជន៍ទាំងនេះមានសារសំខាន់ជាងសេរីភាពនាវាចរណ៍លើសមុទ្រចិនខាងត្បូងទៀតផង! ដោយឡែកចិនក៏ជាប្រទេសធំមួយដែលមានមុខទំនិញជាសេដ្ឋកិច្ច និងនយោបាយផង ដែលមុខទំនិញទាំងនេះអាចយកមកប្រើប្រាស់អូសទាញ និងដើម្បី “Bargain” ជាមួយអាមេរិក ជាពិសេសគឺនៅពេលដែលចិនអាចបញ្ចុះបញ្ចូល អាមេរិកបានថា ចិននឹងមិនធ្វើនូវទោះបីអំពើណាមួយដែលមានឧបសគ្គឬការប៉ះពាល់ដល់សេរីភាពនាវាចរណ៍លើសមុទ្រចិនខាងត្បូងនិយាយដោយឡែក ឬមួយក៏ចិនត្រូវមានឥរិយាបថFair treatment ក្នុងឋានៈជាមហាអំណាចមួយដែលមានការទទួលខុសត្រូវខ្ពស់និយាយជារួម។ ហើយមិនត្រឹមប៉ុណ្ណោះ ចិនក៏នឹងមានសិល្បៈការទូតបន្ថែមទៀត ក្នុងការធ្វើឱ្យអាមេរិក មានការធុញទ្រាន់លែងចង់គិតគូរនឹកនាដល់តំបន់សមុទ្រចិនខាងត្បូងទៀត ដូចករណីតៃវ៉ាន់និងទីបេ ដែលយូរទៅបានក្លាយទៅជា Fait accompliនោះ!។

ការវិវាទអំពីអធិបតេយ្យភាពលើតំបន់សមុទ្រ កោះ ដែលមួយថ្ងៃកាន់តែមានចរិតតានតឹង ស្រួចស្រាវឡើងៗរវាងពួកប្រទេសនៅក្នុងតំបន់ ដោយចិនដាច់ខាតមិនបោះបង់ចោលនូវគំនិត Core interests របស់ចិនចំពោះសមុទ្រចិនខាងត្បូង ដែលនេះជាដុំសាច់មួយដែលមិនអាចធ្វើការវះកាត់យកចេញពីបំពង់ករបស់ពួកប្រទេសពាក់ព័ន្ធបានឡើយ!។

លទ្ធិជាតិនិយមនៅប្រទេសចិន ជាបច្ច័យចម្បងដែលនាំឱ្យមានការពុះកញ្ជ្រោលឡើងនៃបញ្ហាសមុទ្រចិនខាងត្បូង!

ព្រោះរហូតមកដល់ពេលនេះ ចិននៅតែប្រកាន់ ទាមទារយក “ សិទ្ធិប្រវត្តិសាស្រ្ត” និង “ ដែនអធិបតេយ្យភាពមិនអាចប្រកែកបាន” មាន៨០%លើសមុទ្រចិនខាងត្បូង!ហើយនៅពេលដែលលទ្ធិជាតិនិយមឡើងដល់កម្រិតក្ដៅ គួបផ្សំទៅនឹងការកើនឡើងនូវអានុភាពយោធាផងលទ្ធផលចុងក្រោយ គឺជាកត្តាដែលអាចនាំឱ្យមានអស្ថិរភាពមិនឈប់ឈរនៅក្នុងតំបន់មួយនេះតែម្ដងទៅ!។

ដោយមើលឃើញនូវហេតុផល Direct impact មួយយ៉ាងដូច្នោះ ទើបបានធ្វើឱ្យវៀតណាមមានយុទ្ធវិធីយ៉ាងដោយ ១)បន្តការតស៊ូមតិ និងសហប្រតិបត្តិការជាមួយពួកប្រទេសធំ ២)សម្របសម្រួលបត់បែនទាំងជាមួយចិនទាំងជាមួយអាមេរិក ៣)អនុវត្តន៍នូវគោលនយោបាយពហុភាព និងជួយឱ្យវៀតណាមមានការគាំទ្រពីខាងក្រៅដើម្បីសម្រួលដល់ការទាក់ទងជាមួយចិន លើបញ្ហាសមុទ្រចិនខាងត្បូងតែម្នាក់ឯង!

*អំពីការតស៊ូមតិ និងសហប្រតិបត្តិការវៀតណាមមានវិធីសាស្រ្តក្នុងការប្រឆាំងចិន ហើយបន្ទាប់មកវិលមកសហការជាមួយចិនវិញ តែមិនបណ្ដោយទុកឱ្យបញ្ហាសមុទ្រចិនខាងត្បូងជាឧបសគ្គចម្បងក្នុងការរារាំងដល់ទំនាក់ទំនងទ្វេភាគីឡើយ! ការប្រឆាំងរបស់វៀតណាម គឺរួមមានការបង្កើនសមត្ថភាពទាំងកងទ័ពជើងទឹក ទាំងកងទ័ពជើងអាកាស និងទំនើបកម្មអាវុធយុទ្ធភ័ណ្ឌ!។

*អំពីការសម្របសម្រួលនិងការបត់បែននោះ៖ គឺវៀតណាមចេះរមៀលខ្លួន កេងយកចំណេញ ពីផលប្រយោជន៍ជាក់ស្ដែងទាំងរបស់ចិនទាំងរបស់អាមេរិក សំដៅបម្រើគោលដៅឱ្យប្រទេសខ្លួន! ដោយគ្មានប្រទេសណាមួយ អាចបង្ខំឱ្យវៀតណាមឈរនៅក្នុងជួរនេះ ឬលំអៀងទៅរកខាងណាមួយឡើយ!។

*អំពីគោលនយោបាយពហុភាព៖ បានសម្រួលឱ្យវៀតណាមមានឱកាសបញ្ចុះបញ្ចូល អូសទាញពួកប្រទេសខាងក្រៅ ឱ្យចូលរួមក្នុងសង្វៀនទំនាស់ជាមួយខ្លួន រួមមានជប៉ុន អូស្រ្តាលី អង់គ្លេស បារាំង និងឥណ្ឌាផងដែរ!

វៀតណាមដឹងច្បាស់ថា ប្លុកអាស៊ានទាំងមូលពុំមានការឯកច្ឆ័ន្ទ ជាពិសេសគឺបញ្ហាភូមាថ្មីៗនេះ ជាឧទាហរណ៍ជាក់ស្ដែងបំផុត! ដូច្នោះ នឹងមានប្រទេសអាស៊ានខ្លះ និងមិនលើក ឬឯកភាពទៅនឹងការលើកឡើងនូវបញ្ហាសន្តិសុខនាវាចរណ៍ ដូចបញ្ហាសមុទ្រចិនខាងត្បូងនៅក្នុងបណ្ដាវេទិកាពហុភាគីឡើយ! ក្រៅពីនេះ ក៏អាចមានប្រទេសអាស៊ានខ្លះចង់ទុកឱ្យវៀតណាម និងហ្វីលីពីនដើរចូលទៅរូងខ្លា ព្រោះវៀតណាមធ្លាប់បានតាំងខ្លួនជាបងធំនៅអាស៊ី ជាអ្នកដែលធ្លាប់វាយឈ្នះមហាយក្សទាំង៤ ក្នុង១០០ឆ្នាំកន្លងមកនេះ អាណានិគមនិយមបារាំង ហ្វាក់ស៊ីសជប៉ុន ចក្រពត្តិអាមេរិក ចុងក្រោយពួកអនុត្តរភាពវាតទីនិយមចិន! តែលើកនេះ ក្នុងសតវត្សរ៍ទី២១សូមកុំអូសទាញពួកគេធ្លាក់ទៅក្នុងការប្រទូស្តរាយជាមួយចិនបានហើយ! តែវៀតណាមម្នាក់ឯងទៅ!។

សមុទ្រចិនខាងត្បូង ទីលានក្ដៅរបស់តំបន់និងពិភពលោក!៖

នៅក្នុងសតវត្សរ៍ទី២០ របស់ទសវត្សរ៍ទី៩០ ពិភពលោកច្រើនតែឃើញមានការប៉ះទង្គិចប្រទូស្តរាយគ្នានៅលើដែនគោក ដែលជាពិសេសច្រើនតែកើតឡើងមាននៅក្នុងទ្វីបអឺរ៉ុបនិងមជ្ឈឹមបូព៌ា! ក៏ប៉ុន្តែពេលដែលឈានចូលសតវត្សរ៍ទី២១មក ដោយមានកំណើនប្រជាសាស្រ្ត និងស្ថានភាពទម្ងន់សេដ្ឋកិច្ចមក ក៏មានការប្រមូលផ្ដុំភាពសំខាន់ៗបានប្រែទិសមកកាន់តំបន់អាស៊ីវិញ ជាកន្លែងស្នូលកណ្ដាលរបស់តំបន់ធំៗដែលត្រូវបានបែងចែកខណ្ឌសីមាទៅដោយសមុទ្រសាគរនោះ! លក្ខណៈពិសេសរបស់រូបសណ្ឋានអាស៊ីនេះ ជាចំណុចមួយដែលគេទាំងឡាយបានព្យាករណ៍មួយសករាជមុននេះ អំពីអានុភាពកងទ័ពជើងទឹកដែលអ្នកទាំងឡាយយល់ថា នោះគឺរួមទាំងការប្រយុទ្ធគ្នាលើសមុទ្រនិងអាកាស ដែលដំណើរវិវត្តន៍បច្ចុប្បន្នកំពុងរុលទៅរកភាពមួយដ៏តានតឹងយ៉ាងដូច្នោះពិតប្រាកដមែន!។

មូលហេតុចម្បងដែលបាននាំឱ្យសមុទ្រចិនខាងត្បូងក្លាយទៅជាធុងរំសេវផ្ទុះនោះ ដោយសមុទ្រចិនខាងត្បូងនេះបានលាតសន្ធឹងតភ្ជាប់ទៅនឹងតំបន់អាគ្នេយ៍ ជាមួយនឹងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ដែលសមុទ្រចិនខាងត្បូងនេះមានមុខងារជាផ្លូវនាវាចរណ៍មួយដ៏សំខាន់នៅលើពិភពលោក!។ សមុទ្រចិនខាងត្បូងនេះ ក៏ជាចំណុចកណ្ដាលរបស់សមុទ្រអាស៊ីអឺរ៉ុប ដោយបានស្ថិតនៅចន្លោះកណ្ដាលដែលបានបែងចែកទៅជាឈូងសមុទ្រMalacca Sunda Lombok និងMakassar ។ មានទំនិញជាងពាក់កណ្ដាលបានដឹកជញ្ជូនឆ្លងកាត់ឈូងសមុទ្រMalaccaជាប្រចាំទៅកាន់តំបន់អាស៊ីខាងកើត ដោយបានធ្វើដំណើរនាវាចរណ៍លើសមុទ្រចិនខាងត្បូងនេះ ដែលទំហំមួយនេះស្មើនឹង/នៃទំនិញរបស់ពិភពលោកដែលបានប្រើប្រាស់ផ្លូវគមនាគមន៍នាវាចរណ៍មួយនេះ។ ក្រៅពីនេះចំនួនប្រេងឥន្ធនៈដែលត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រMalacca ទៅកាន់តំបន់អាស៊ីខាងកើត ក៏បានធ្វើដំណើរលើសមុទ្រចិនខាងត្បូងនេះ មានចំនួនច្រើនលើស៦ដងនៃចំនួនប្រេងដែលបានដឹកជញ្ជូនឆ្លងកាត់ព្រែកជីកSuez និងលើស១៧ដងនៃការឆ្លងកាត់ព្រែកជីកPanamaនោះផង! ដែលក្នុងពេលនោះក៏មានប្រេងឥន្ធនៈចំនួន/ជាការផ្គត់ផ្គង់ប្រភពថាមពលឱ្យកូរ៉េខាងត្បូង និងជិត៦០%ទៅឱ្យជប៉ុននិងតៃវ៉ាន់ ព្រមទាំងមានប្រមាណ៨០%ចំនួនប្រេងរបស់ចិនដែលបាននាំចូល ហើយដែលត្រូវបានដឹកឆ្លងកាត់សមុទ្រចិនខាងត្បូងនេះផងដែរ!។ ទន្ទឹមនេះ ក្រោមបាតសមុទ្រចិនខាងត្បូងនេះផងដែរ ក៏សំបូរទៅដោយធនធានធម្មជាតិដែលក្នុងនោះមានប្រភពប្រេង អាចមានរហូតដល់ទៅជាង៧កោដិធុង និងហ្គាសធម្មជាតិប្រមាណ៩០០ពាន់កោដិម៉ែត្រគូបឯណោះ!។

មានវិវាទយ៉ាងច្រើនដែលកើតមានឡើងលើតំបន់សមុទ្រចិនខាងត្បូងដែលទំនាស់វិវាទនេះ មិនត្រឹមតែទាក់ទងដល់ភូមិសាស្រ្តនយោបាយ សម្បត្តិធម្មជាតិ ថែមទាំងមានការពាក់ព័ន្ធដល់អធិបតេយ្យភាពមកលើដែនសមុទ្រ កោះដែលក្នុងនោះ រួមទាំងការវិវាទទាក់ទងដល់ប្រជុំកោះSpratlyផងដែរ!។ ចិនបានធ្វើការទាមទារអធិបតេយ្យភាពមកលើដែនសមុទ្រក្នុងអក្សរU ដែលក្នុងខ្សែបន្ទាត់អក្សរUនេះបានរត់ពីកោះHainamភាគខាងត្បូងរបស់ចិន ចុះមកដល់់រហូតដល់ជិតដែនទឹករបស់សិង្ហបុរី ម៉ាឡេស៊ីនិងហ្វីលីពីន!។ អនុលោមទៅតាមការទាមទារទាំងនេះរបស់ចិន បានធ្វើឱ្យប្រទេសដែលស្ថិតជាប់ទៅនឹងតំបន់សមុទ្រចិនខាងត្បូងហាក់បីឈរទៅម្ខាង ដើម្បីប្រឆាំងជំទាស់ទៅនឹងការទាមទារដ៏មិនសមហេតុផលរបស់ចិននោះ!។

ជាការពិតសមុទ្រចិនខាងត្បូងនោះ ត្រូវបានប្រែក្លាយទៅជាមូលដ្ឋានយោធាមួយដែលប្រទេសនីមួយៗបានជំរុញកសាងនិងទំនើបកម្មកងទ័ពជើងទឹករបស់ខ្លួនមិនបានឈប់ឈរសោះឡើយ! ហើយដែលនៅក្នុងពេលថ្មីៗនេះ មាននាវាចម្បាំងគ្រប់ប្រភេទរបស់មហាអំណាចទាំងអស់ចាប់មានមុខចល័ត និងធ្វើសកម្មភាពនៅទីនេះកាន់តែច្រើនឡើងនិងសកម្មផុសផុលទៅៗ។ ជាតថភាព ចិនបានកាន់កាប់ជាយោធាមកលើកោះតូចៗចំនួននៅក្នុងតំបន់សមុទ្រចិនខាងត្បូង បើវៀតណាមវិញបានកាន់កាប់២៥កោះ ហ្វីលីពីនកាន់កាប់កោះ ម៉ាឡេស៊ីកាន់កាប់កោះ និងតៃវ៉ាន់កាន់កាប់កោះ ដែលជាកោះធំជាងគេបំផុតនៅក្នុងតំបន់សមុទ្រនេះ!។

មួយសតវត្សរ៍នៃការឈឺចាប់របស់ប្រជាជាតិចិន!

មូលបទចម្បងដែលនាំឱ្យចិនមានមហិច្ឆតាចង់កាន់កាប់សមុទ្រចិនខាងត្បូងនេះទាំងអស់នោះ ត្រូវបានបកស្រាយដោយពួកអ្នកវិភាគយុទ្ធសាស្រ្តបានធ្វើការប្រៀបធៀប តួនាទីរបស់ចិននៅក្នុងតំបន់សមុទ្រចិនខាងត្បូងបច្ចុប្បន្ននេះ មិនខុសអីទៅនឹងតួនាទីរបស់អាមេរិកលើតំបន់សមុទ្រ Caribbe នាសតវត្សរ៍ទី១៩អីចឹង! ដោយពេលនោះទោះបីជាអាមេរិកបានទទួលស្គាល់វត្តមាននិងការអះអាងអំពីអធិបតេយ្យភាពរបស់មហាអំណាចអឺរ៉ុបនៅក្នុងតំបន់សមុទ្រCaribbe នេះក៏ដោយ ក៏អាមេរិកនៅតែស្វែងរកគ្រប់វិធានការដើម្បីធ្វើការត្រួតត្រា គ្រប់គ្រងមកលើតំបន់សមុទ្រCaribbe នេះ ដោយត្រូវផាត់ពួកចក្រពត្តិអឺរ៉ុបពេលនោះឱ្យចេញផុតពីតំបន់សមុទ្រCaribbeនេះឱ្យបាន! និងក៏ដើម្បីរុញពួកចក្រពត្តិអឺរ៉ុបទាំងនេះឱ្យឆ្ងាយពីព្រំដែនគោក និងសមុទ្ររបស់អាមេរិក! ការដណ្ដើមឥទ្ធិពល ដើម្បីត្រួតត្រាសមុទ្រនេះ បាននាំឱ្យមានសង្រ្គាមរវាងអាមេរិកនិងពួកអេស្ប៉ាញនាឆ្នាំ ១៨៩៨ និងរួមទាំងមានការជំរុញឱ្យមានការកសាងព្រែកជីកPanamaឱ្យបានចាប់តាំងពីបណ្ដាឆ្នាំ១៩០៤១៩១៤ ដែលការសាងសង់ព្រែកជីកPanamaនេះបានធ្វើឱ្យសហរដ្ឋអាមេរិក កាន់តែមានសិទ្ធិអំណាចលើតំបន់អឌ្ឍគោលខាងកើតយ៉ាងពេញលេញនិងមានប្រសិទ្ធភាពទៀតផង មកលើតំបន់នេះទាំងមូល!។

បច្ចុប្បន្ននេះ ចិនកំពុងស្ថិតនៅក្នុងតំបន់សមុទ្រចិនខាងត្បូងដូចករណី១០០ឆ្នាំមុនរបស់អាមេរិក ដែលអាមេរិកបានអុងអាត់វាតទីនៅលើតំបន់សមុទ្រCaribbeអីចឹងដែរ!។ ចិនក៏មានបំណងចង់ឱ្យកងទ័ពជើងទឹករបស់ខ្លួនមានវត្តមានជាអចិន្ត្រៃយ៍ ដើម្បីផ្ដល់ការការពារដល់ផ្លូវដឹកជញ្ជូនប្រេងឥន្ធនៈពីមជ្ឈឹមបូព៌ាមកកាន់ប្រទេសចិន។ ក្រៅពីនេះ ចិនក៏មានមូលហេតុជ្រាលជ្រៅជាងនេះ ដែលនាំឱ្យចិនធ្វើដំណើរកាន់តែជ្រៅទៅៗក្នុងតំបន់សមុទ្រចិនខាងត្បូង និងចូលជ្រៅទៅទៀតក្នុងមហាសាគរប៉ាស៊ីហ្វិក! ព្រោះចិនធ្លាប់រងនូវការឈឺចាប់ខ្លោចផ្សារ ពីអំពើឈ្លានពានទន្ទ្រានកាន់កាប់ បែងចែក កាត់ទឹកដីចិនពីសំណាក់ពួកចក្រពត្តិលោកខាងលិចមាន អង់គ្លេស បារាំង រុស្ស៊ី និងហ្វាក់ស៊ីសជប៉ុន អស់រយៈកាលជាង១០០ឆ្នាំមុននោះ!ដែលក្នុងប្រវត្តិសាស្រ្តដ៏ឈឺចាប់របស់ចិនបានឱ្យឈ្មោះសករាជនេះហៅថាមួយ សតវត្សរ៍នៃឈាមនិងទឹកភ្នែករបស់ប្រជាជាតិចិននោះ!

ភាពរឹងរូសដាច់ខាតក្នុងការវាតទីរបស់ចិនមកលើតំបន់នេះជាសក្ខីកម្មមួយរបស់ចិនចង់បង្ហាញឱ្យពួកចក្រពត្តិ អាណានិគមលោកខាងលិច ឈប់មាក់ងាយមកលើប្រជាជាតិចិនចាប់ពីពេលនេះតទៅទៀត! ហើយក៏ចាប់ពីពេលនេះតទៅដែរ ចិនអាចនឹងចាប់ផ្ដើមអនុវត្តន៍នូវបាវចនា អ្នកខ្លាំងអាចធ្វើបាននូវអ្វីៗទាំងអស់ទៅតាមកម្លាំងធនធានរបស់ខ្លួន ហើយជនដែលខ្សោយត្រូវទទួលរងនូវអ្វីដែលគេធ្វើមកលើនោះ(Sic)!។

លើមូលបទនេះ ទើបមានការវាយតម្លៃរបស់ពួកអ្នកវិភាគអន្តរជាតិថា វត្តមានរបស់អាមេរិកគឺជាការធានាមួយក្នុងការកំហិតនូវអានុភាពចំពោះចិននៅក្នុងតំបន់! ទន្ទឹមនឹងនេះអាមេរិកក៏បានបំពេញតួនាទីមួយជាអ្នកសម្របសម្រួលលើការងារការទូតផង ជាអ្នកត្រួតពិនិត្យនិងឃ្លាំមើលនូវកងកម្លាំងជើងទឹករបស់ចិននៅទីនេះផងដែរ! ការធ្វើឱ្យមានតុល្យភាពកម្លាំងមួយរវាងអាមេរិក និងចិននៅក្នុងតំបន់នេះ អាចជាថ្នាលក្នុងការជួយសម្រួលឱ្យវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ល- ល…បានបន្តរស់នៅក្នុងបរិយាកាស ផាសុខភាព ណាមួយ! តែក្នុងករណីដែលពួកប្រទេសទាំងនេះចង់ កាន់សីល តែស្រាប់តែមានសកម្មភាពហួសហេតុ បង្ករឿងណាមួយនោះ អាចជាបច្ច័យអវិជ្ជមានក្នុងការនាំឱ្យមហាយក្សទាំងពីរនេះអាមេរិកនិងចិន មានការប៉ះទង្គិច ប្រទូស្តរាយគ្នា មិនធំក៏តូចជាមិនខានផងដែរ!។

តែយ៉ាងណាក៏ដោយ នៅចំពោះមុខអានុភាពមួយថ្ងៃកាន់តែរីកធំធាត់មិនឈប់ឈររបស់ចិន និងការប្ដេជ្ញាចិត្តវិលមកតាំងទីលំនៅសារជាថ្មីរបស់អាមេរិក(PivotRebalancing) នៅក្នុងតំបន់អាស៊ីនេះ ក៏អាចជាប្រភពបង្កបង្កើតឱ្យមានអស្ថិរភាពនៅពេលដែលផលប្រយោជន៍ដាច់មុខរបស់មហាយក្សពីរនេះ មានការកកិតប៉ះទង្គិចគ្នានោះ ម្យ៉ាងទៀតមកពីនយោបាយ PivotRebalancingនេះ ត្រូវបានDeployment នៅក្នុងតំបន់ឥទ្ធិពល និងជិតព្រំដែនរបស់ចិនពេក!។

តែបើតាមការវិភាគរបស់លោកKaplan គឺអាមេរិកទេដែលជាអ្នកធ្វើឱ្យមានបញ្ហានៅក្នុងពេលអនាគតនោះ ពុំមែនចិនឡើយ! ព្រោះអាមេរិកជាអ្នកដែលតែងតែស្វែងរកនូវគ្រប់វិធានដើម្បីរារាំង ទប់ស្កាត់ចិន! ក្នុងបរិបទមួយនេះ លោកKaplan បានផ្ដល់អនុសាសន៍ជូនទៅអាមេរិកថា អាមេរិកគួរតែបំពេញតួនាទីធ្វើឱ្យមានតុល្យភាពប្រកបទៅដោយសុខភាពល្អ(Healthy)នៅអាស៊ី វាមានភាពល្អជាងធ្វើជាអ្នកដើរត្រួតត្រាគេ ព្រោះអីអំណាចរឹង(Hard power) នៅតែជាកូនសោរមួយដ៏សំខាន់ក្នុងទំនាក់ទំនង សហប្រតិបត្តិការអន្តរជាតិ!ដូច្នោះអាមេរិកចាំបាច់បង្កើនកម្លាំងទ័ពជើងទឹកនៅអាស៊ីប៉ាស៊ីហ្វិកខាងលិច តែក៏មិនត្រូវកាត់បន្ថយកម្លាំងដែលមានស្រាប់នៅទីនេះផងដែរ!។

បង្កើតយន្តការដើម្បីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង

ក្រៅអំពីយន្តការផ្លូវការដូចជា ASEAN, ARF, ASEM, EAS, Shangrila Dialogue, ADMM+8, ក៏មានសន្ធិសញ្ញាដូចជា TAC, ZOFAN, ZoPFF/C, SEANWFZ និងក្រមប្រតិបត្តិពីរ DOC និងCOCក៏មានរូបមន្តនយោបាយដូចជា GAPAC, Pact+Asia-Pacifica , Pact-Sinica ត្រូវបានស្នើបង្កើតឡើងដើម្បីចូលរួម និងជាRoadmap សម្រាប់ដោះស្រាយដល់រាល់បញ្ហាដែលបានកើតឡើងលើសមុទ្រចិនខាងត្បូង!។

ក្នុងបណ្ដាបញ្ហាដ៏រសើបនិងស្មុគស្មាញទាំងនេះ ពិសេសករណីភូមាថ្មីៗកន្លងមកនេះ គឺរាល់សំឡេងស្រែករបស់អាស៊ានកាន់តែអស់ទឹកដម ហើយពាក្យស្លោកអាស៊ាន One Vision, One Identity, One Community កាន់តែសាបរលាបអស់ជំនឿនៅក្នុងតំបន់ទៀត កុំថាឡើយយន្តការទាំងអស់ខាងលើនេះ ក៏គ្មានដោះស្រាយបានឡើយ!។

សមុទ្រចិនខាងត្បូងជាផ្ទះបាយរបស់ចិន ព្រមទាំងជាការព្រមានដល់អាមេរិកថា អាមេរិកពុំមាននីតិសម្បទានគ្រប់គ្រាន់ក្នុងតំបន់ និងកុំប្រែក្លាយតំបន់សមុទ្រដែលស្ថិតនៅឆ្ងាយពីភូមិសាស្រ្តរបស់ប្រទេសអាមេរិកឱ្យទៅជាតំបន់ ល្បែងលេងសង្រ្គាម ព្រមទាំងកុំយកបញ្ហាសមុទ្រចិនខាងត្បូងធ្វើជាចំណាប់ខ្មាំងក្នុងទំនាក់ទំនងរវាងអាមេរិកនិងចិនឡើយ!។បើលោក Cui Tiankai អនុរដ្ឋមន្រ្តីការបរទេសចិនវិញ ពេលដែលចូលរួមកិច្ចប្រជុំពិគ្រោះយោបល់នយោបាយនៅHawaii បានប្រកាសថា មានប្រទេសខ្លះបាននិងកំពុងប្រលែងលេងជាមួយនឹងភ្លើង ហើយសង្ឃឹមថាភ្លើងនោះនឹងមិនឆាបឆេះរីករាលដាលទៅដល់អាមេរិកឡើយ!។

វៀតណាមក្នុងបញ្ហាស្មុគរបស់សមុទ្រចិនខាងត្បូង!

ទាក់ទងដល់បញ្ហាអធិករណ៍លើសមុទ្រចិនខាងត្បូងនេះ ជាលើកដំបូងអតីតនាយករដ្ឋមន្រ្តីវៀតណាមបានប្រកាសជាសាធារណៈថា ចិនបានប្រើប្រាស់កម្លាំងអាវុធវាយទន្ទ្រានកាន់កាប់់បណ្ដាកោះរបស់វៀតណាមពីអតីតរដ្ឋអំណាចសាធារណៈរដ្ឋវៀតណាម(Thieu+Ky) នាឆ្នាំ១៩៧៤ ដែលពីដើមឡើយថ្នាក់ដឹកនាំរបស់វៀតណាមទាំងអស់មានការថ្លឹងថ្លែង ប្រុងប្រយ័ត្ន ដោយពុំដែលហ៊ាននិយាយជាចំហរថា ចិនបានប្រើប្រាស់កម្លាំងបាយជាយោធាក្នុងការវាយកាន់កាប់កោះParacel របស់វៀតណាមឡើយ!ដោយចៀសវាងភាពប្រឈមមុខជាមួយចិន! តែពេលនេះទោះបីជាវៀតណាមបានអះអាងយ៉ាងម៉ឺងមាត់ដូច្នោះក៏ដោយ ក៏វៀតណាមនៅតែបានអំនាវនាវឱ្យមានការចរចា ដោយសន្តិវិធីដើម្បីដោះស្រាយបញ្ហាកោះParacel! តែចំពោះចិនវិញបានបដិសេធដាច់អហង្ការដោយចាត់ទុកParacelជា “អង្ករបានក្លាយទៅជាបាយហើយ– Fait Accompli” រួចទៅហើយ!។

ទោមនស្សទៅនឹងឥរិយាបថនយោបាយរបស់ចិនធ្វើមកលើវៀតណាមជាបន្តបន្ទាប់មក ទើបក្នុងឱកាសចូលរួម Shangrila Dialogue នៅសិង្ហបុរី លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung បានប្រកាសថានឹង មិនយកអធិបតេយ្យភាពទៅដោះដូរយកចំណងមិត្តភាពមួយដែលមិនច្បាស់លាស់ ស្រមើស្រមៃនោះ(Not to trade Sovereignty for illusionary friendship)!សំដៅមកលើចំណងមិត្តភាពជាមួយចិននេះឯង!

ទាំងអស់នេះក៏ជាសហនិមិត្តហេតុមួយដ៏អាក្រក់ដែលវៀតណាម ក្នុងប្រវត្តិសាស្រ្តធ្លាប់ក៏បានរំលោភបំពានមកលើនគរចម្ប៉ានិងដែនដីកម្ពុជាក្រោមរួមទាំងជនជាតិដើមជាច្រើនទៀត! អ្វីដែលជារបស់ Cesar ត្រូវតែសងមកឱ្យCesarវិញ!។ ប្រជាជាតិខ្មែរទេដែលត្រូវនិយាយជាមួយវៀតណាមអំពី មិនត្រូវយកអធិបតេយ្យភាពជាតិទៅដោះដូរយកចំណងមិត្តភាពមួយដែលមិនមានការស្មោះត្រង់នោះ!។ ពិតមែនតែយើងទាំងអស់គ្នា បានគោរពនូវគោលការណ៍ Uti Possidetis និងការប្រតិបត្តិនូវគោលការណ៍Pacta Sunt Servanda  ក្នុងទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិក៏ដោយ ក៏យើងអាចធ្វើសេចក្ដីសន្និដ្ឋានថា វៀតណាមបានច្រើនណាស់ពីខ្មែរ ដែនដីកម្ពុជាក្រោមមួយទាំងមូលមាន២១ខេត្ត និងកោះត្រល់ទាំងស្រុង ដែលបច្ចុប្បន្នវៀតណាមបានប្រែក្លាយកោះមួយនេះទៅជាដុំពេជ្រនៅអាស៊ីនោះ!។ទាំងប្រជាជាតិខ្មែរទាំងប្រជាជាតិវៀតណាម ពួកយើងសុទ្ធតែជាពិរុទ្ធជនប្រវត្តិសាស្រ្ត ហើយប្រជាជាតិទាំងពីរនេះ ត្រូវបានដាក់នៅក្នុងគុកងងឹតដោយត្រូវចងទៅដោយគំនុំជាតិសាសន៍ និងអំពីការបាត់បង់ទឹកដីដែលពិបាកក្នុងការមិនអាចបំភ្លេចបានបើយើងមិនព្រមទទួលស្គាល់ការពិតនោះ!។

ប្រវត្តិសាស្រ្តពុំមែនជាគ្រឿងអលង្ការ ដែលគេយកមកMake Up ខុសពីមុខមាត់ពិត! ការស្មោះត្រង់ សេចក្ដីពិតនូវការនិយាយពាក្យពិតក្នុងប្រវត្តិសាស្រ្តពុំមែនជាការបំផុសឱ្យមានគំនុំជាតិសាសន៍ឡើយ! ដែលនេះជាពាក្យពេចន៍របស់លោកស្រី Nguyen Thi Binh អនុប្រធានរដ្ឋវៀតណាម។ ជាអ្នកនយោបាយសហសម័យត្រូវតែដើរឆ្ងាយចេញពីគន្លងស្នាមរទេះក្នុងអរិយភាពរបស់ប្រវត្តិសាស្រ្ត ដោយរួមគ្នាស្វែងរករូបមន្តរួបរួមរស់នៅក្នុងសន្តិសហវិជ្ជមានក្នុងរបត់មួយរបស់សុខដុមនីយកម្មពិភពលោកនិងក្នុងតំបន់! ដែលពួកយើងបានទទួលយកនូវបណ្ដាសារភូមិសាស្រ្តមួយដែលបានចារកំណត់ គឺមិនអាចដោះដូរប្រទេសទៅកន្លែងណាមួយផ្សេងពីនេះបាន ក្រៅពីការបន្តរួមរស់នៅជាមួយគ្នាជារៀងរហូត!។ ពិភពលោកទើបនឹងប្រារព្ធខួបអនុស្សាវរីយ៍១០០ឆ្នាំនៃសង្រ្គាមលោកលើកទីដែលមានផ្កាកុលាបរាប់ពាន់លានដើមត្រូវបានយកមកដាក់លើថ្មឧទ្ទិសដល់យុទ្ធជនទាំងសងខាង ទាំងអ្នកចាញ់ទាំងអ្នកឈ្នះ មិនគិតថាខ្មាំងឬសត្រូវឱ្យតែជាមនុស្សលោកទទួលបាននូវពរជ័យដូចគ្នា ពីអំណាចនៃការអភ័យទោស-Power of Forgiveness !។

ដូច្នោះ អត្ថប្រយោជន៍មានចរិតបដិការនេះអាចជាចលករមួយដ៏ខ្លាំងក្លាក្នុងការធ្វើឱ្យភាគីទាំងអស់ លែងពុំមានការប្រឈមមុខដាក់គ្នាជាកម្លាំងបាយ ទោះបីក្នុងកាលៈទេសៈណាមួយក៏ដោយនាពេលខាងមុខនោះ!។

ក្នុងបរិបទមួយនេះ ទើបលោកអគ្គលេខាបក្សវៀតណាមធ្លាប់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយចិនដែលហៅថា គោលការណ៍ដោះស្រាយបញ្ហាលើសមុទ្រ។ ខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀងនេះក៏បានអះអាងឡើងវិញនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត និងក្នុងស្មារតី៤ល្អ(សមមិត្តល្អ ភូមិផងល្អ មិត្តភក្តិល្អ និងដៃគូល្អ)។ ក្រៅពីនេះក៏មាន៦ចំណុចនៅក្នុងការសម្របសម្រួល ដែលក្នុងនោះនិយាយជារួមក៏មានការអះអាងនូវគោលការណ៍ និងវិធានការទាំងឡាយក្នុងការដោះស្រាយនូវរាល់បញ្ហា តាមរយៈការចរចាសន្តិភាព។ ទន្ទឹមនេះភាគីទាំងពីរវៀតណាមចិន ក៏បានព្រមព្រៀងដោះស្រាយបញ្ហា ដោយផ្អែកលើគោលការណ៍ដែលមានចែងនៅក្នុងអនុសញ្ញា UNCLOS ផងដែរ។

ការប្រើប្រាស់អាស៊ានធ្វើជាកូនអុកសម្រាប់ប្រឆាំងចិនដូចក្នុងសម័យកាលរបស់សន្តិភាពត្រជាក់នោះ វាមានភាពហួសសម័យទៅហើយ! ម្យ៉ាងទៀត​ គ្មានប្រទេសណាមួយ សុខចិត្តលះបង់ ពលីកម្មជាតិឯងមកធ្វើការតស៊ូប្រឆាំងចិន ដើម្បីតែផលប្រយោជន៍សុខស្រួលរបស់វៀតណាមហ្វីលីពីននោះទេ!។

សហរដ្ឋអាមេរិកអាចលេងធ្វើជាប៉ូលិសអន្តរជាតិ ឈរចាំយាមពិភពលោក ជំនួសឱ្យគេទាំងឡាយ!

ដោយមានអារម្មណ៍ហត់នឿយទៅនឹងទំនាស់រ៉ារ៉ៃមិនចេះចប់ពាក់ព័ន្ធទៅនឹងផលប្រយោជន៍របស់ពួកមហាអំណាច ហើយមកពីការចំណាយមកលើវិស័យការពារជាតិមានទំហំធំពេក ដែលជាបច្ច័យមួយក្នុងការធ្វើឱ្យប្រជាជនអាមេរិក ដែលជាអ្នកបង់ពន្ធមិនចង់ចំណាយលុយដ៏ច្រើនមកលើការការពារសន្តិសុខសម្រាប់ពួកប្រទេសដទៃទៀត! ទើបអាចជាហេតុនាំឱ្យសហរដ្ឋអាមេរិក ប្រកាសកាត់បន្ថយកងទ័ពអាមេរិកដកខ្លួនចេញពីអាល្លឺម៉ង់ បន្ទាប់មកក៏មានផែនការដកខ្លួនចេញពី ស៊ីរី អាហ្កានីស្ថាន អ៊ីរ៉ាក់ កូរ៉េខាងត្បូង ជប៉ុន និងប្រទេសជាច្រើនទៀតវិលចូលប្រទេសវិញ!។ មើលទៅដូចជាសហរដ្ឋអាមេរិក ហាក់បីមានការហត់នឿយខ្លាំងលែងចង់ធ្វើជា ប៉ូលិសអន្តរជាតិ ឈរចាំតែយាមផ្ទះគេលើពិភពលោក ជំនួសឱ្យអ្នកមានទ្រព្យខ្លះដេកលង់លក់!។

នៅក្នុងបុព្វបទមួយដោយបញ្ជាក់ថា First America នោះ ទើបនៅថ្ងៃទី១៣ មិថុនា ២០២០ នៅចំពោះមុខសិក្ខាកាមយោធាអាមេរិក នាបណ្ឌិតសភា West Pointនោះ ប្រមុខរបស់សេតវិមានបានថ្លែងការណ៍ដោយសង្កត់ធ្ងន់ថា  កិច្ចការទាំងឡាយរបស់យោធាអាមេរិក គឺពុំមែនដើរកសាងឡើងវិញឱ្យពួកប្រទេសក្រៅនោះទេ តែជាការការពារដោយការពារឱ្យបាននិងយ៉ាងខ្លាំងក្លាពីសត្រូវរបស់ខ្លួន! ហើយសហរដ្ឋអាមេរិក ត្រូវតែបញ្ចប់នូវសករាជមួយរបស់សង្រ្គាមដែលពុំមានទីបញ្ចប់នោះ!អាមេរិកត្រូវប្រមូលផ្ដុំមកលើការការពារផលប្រយោជន៍មួយដ៏ចាំបាច់ ហើយកងទ័ពអាមេរិកទាំងអស់ពុំមានភារកិច្ចត្រូវចូលរួមដោះស្រាយនូវបញ្ហាវិវាទយូរយាដែលពុំមានទីបញ្ចប់ រួមទាំងការវិវាទទាំងនោះមានការពាក់ព័ន្ធទៅដល់ផលប្រយោជន៍របស់ពួកប្រទេសធំផង!សហរដ្ឋអាមេរិក ពុំមែនជាប៉ូលិសរបស់ពិភពលោកទៀតឡើយ!។

ការអះអាងនេះ អាចជាភាពអកុសលមួយក្នុងការកំណត់ជោគវាសនាមកលើបញ្ហារបស់ភូមា រួមទាំងបញ្ហារ៉ាំរ៉ៃរបស់សមុទ្រចិនខាងត្បូង ដែលបញ្ហាពីរនៅអាស៊ីនេះ លែងជារបៀបវារៈក្នុងកម្មវិធីនយោបាយរបស់ពួកអ្នកកាន់អំណាចអាមេរិកក្នុងប៉ុន្មានឆ្នាំខាងមុខទៀត! ព្រោះនេះពុំមែនជាផលប្រយោជន៍ដាច់មុខ(Core Interests)របស់អាមេរិក ក្នុងករណីដែល Free Navigation លើសមុទ្រលែងមានការរារាំង បង្កើតឧបសគ្គទៀតនោះ! ព្រោះក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងអន្តរជាតិ សហរដ្ឋអាមេរិកពុំដែលចេញមុខអះអាងការពារ និងច្បាំងជំនួយដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ទោះបីប្រទេសណាមួយ ក្រៅអំពីផលប្រយោជន៍ First America  តែមួយគត់ឡើយ!៕

                                                        ដោយ ហើស សិរីធន

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top