ព័ត៌មានជាតិ

កូវីដ-១៩ ! សេដ្ឋកិច្ចកម្ពុជា រឹងមាំដដែល ក្នុងរយៈពេល ៥ខែ ខណៈកម្ពុជាសង្ឃឹមថា កំណើនសេដ្ឋកិច្ច៤% នៅតែសម្រេចបាន (Video)

ភ្នំពេញ ៖ លោក វង្ស៉ី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជា ប៉ះពាល់ដោយព្រឹត្តិការណ៍ ២០ កុម្ភៈ ក៏នៅតែរឹងមាំដដែល ហើយលោក សង្ឃឹមថា សេដ្ឋកិច្ចកម្ពុជា កើន៤% ឆ្នាំ២០២១នោះ នៅតែសម្រេច បានដដែល។

លោក វង្ស៉ី វិស្សុត ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងពិធី ទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន១លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីចិន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ថា ក្នុងស្ថានភាពជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចរបស់កម្ពុជា អាចទប់ទល់បាន ប៉ុន្ដែមិនល្អដូចតាមការរំពឹងទុក ទាំងស្រុងឡើយ។

លោក បញ្ជាក់ថា «ក្នុងរយៈពេល ៥ខែ ឆ្នាំនេះ ឆ្លុះកញ្ចាំងថា សេដ្ឋកិច្ចកម្ពុជា ទោះបីជារងផលប៉ះពាល់ពីការផ្ទុះ ព្រឹត្តិការណ៍ ២០ កុម្ភៈ ក៏ដោយ ពីការបិទខ្ទប់ក៏ដោយ ប៉ុន្ដែនៅតែមានសមត្ថភាពមួយរស់បាន។ ការនាំចេញ ៥ខែនេះ បានឆ្លុះបញ្ចាំងថា កម្ពុជានៅរឹងមាំត្រង់ថា ទំនិញដែលយើង នាំចេញទៅក្រៅនៅកើន១៧% ក្នុងទំហំទឹកប្រាក់ ៣ ទៅ៤ពាន់លានដុល្លារ បើយើងនិយាយកំណើនវិញ អត់ធ្លាក់ទេ»។

លោក បន្ដថា ការនាំចេញ ខោអាវ ទៅក្រៅប្រទេស ស្នើនឹងប្រហែលឆ្នាំ២០២០ ហើយទំនិញមិនមែន ខាវ អាវ កើន៥២% ក្នុងបរិកាកូវីដ-១៩នេះ។ លោកថា ក្នុងនោះ កម្ពុជា ក៏បានជួបបញ្ហាមួយចំនួន ដូចជា វិស័យទេសចរណ៍ ជាដើម។

លោក បញ្ជាក់ទៀតថា «ក្នុងរយៈពេល៥ខែនេះ យើងបង្ហាញថា ទប់ទល់បាន មិនធ្លាក់ខ្លាំងពេកទេ ប៉ុន្ដែបើធៀបអ្វីដែលយើងគ្រោងទុកពីដើមឆ្នាំមក ៤% នេះមានការប៉ះពាល់ហើយ ប៉ុន្ដែការប៉ះពាល់នេះ យើងត្រូវរងចាំដល់ចុងឆ្នាំទៀត បើសិនជាងើបបានជាសេដ្ឋកិច្ច ក្នុងអំឡុង ខែ៩ ឬខែ១០វិញ ដូច្នេះ យើងនៅតែមានសង្ឃឹមថា ៤%នេះ ឆ្នាំនេះ នៅតែសម្រេចបាន ប៉ុន្ដែអាស្រ័យ នៃការផ្ទុះរបស់យើង នៅរយៈពេលប៉ុន្មាន បើផ្ទុះរហូតរបៀបនេះពិបាក»។

ជាងនេះទៅទៀត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច ក៏បានលើកឡើងទៀតថា កម្ពុជានៅតែចាត់ទុកប្រទេសចិន ជាប្រភពសំខាន់ដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការរុញកំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជា តាមរយៈ ពាណិជ្ជកម្ម ទេសចរណ៍ និងកិច្ចសហការផ្សេងៗទៀត ជាដើម៕

To Top