ព័ត៌មានជាតិ

ជាង១ឆ្នាំ ! យុទ្ធនាការដោះស្រាយ សំណុំរឿងកកស្ទះបានជាង៣ម៉ឺនរឿង នៃសំណុំរឿងព្រហ្មទណ្ឌ ជាង៤ម៉ឺនរឿង

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានឲ្យដឹងថា រយៈពេលជាង១ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង រាជធានី-ខេត្ត ដោះស្រាយ ចំនួន៣៧.៩០០រឿង ស្មើនឹង៩៦% នៃសំណុំរឿងព្រហ្មទណ្ឌកកស្ទះ ចំនួន៣៩.៥០០រឿង។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងយុត្តិធម៌ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា «នៅក្នុងរយៈពេល ១ឆ្នាំ ១ខែ គិតពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដែលជាថ្ងៃនៃការប្រកាសបើក យុទ្ធនាការដោះស្រាយការកកស្ទះ សំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ តាមរយៈយុទ្ធនាការនេះ សាលាដំបូងរាជធានី-ខេត្ត ទូទាំងប្រទេស បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌ ដែលកកស្ទះទាំងដំណាក់កាល អយ្យការទាំងដំណាក់កាលស៊ើបសួរ និងទាំងដំណាក់កាលជំនុំជម្រះ មានចំនួនសរុបជាង ៣៧.៩០០ រឿង ស្មើនឹង ៩៦ % នៃសំណុំរឿង ព្រហ្មទណ្ឌដែលកកស្ទះសរុបជាង ៣៩.៥០០ រឿង (សំណុំរឿងដែលត្រូវបានជំនុំជម្រះ រួចមានចំនួនជាង ១២.៦០០ រឿង ស្មើនឹង ៩៧ % នៃចំនួនសំណុំរឿងសរុបជាង ១៣.០០០ រឿង ក្នុងដំណាក់កាល ជំនុំជម្រះ)»។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួង បន្ដថា សាលាដំបូង រាជធានី-ខេត្តទូទាំងប្រទេស ក៏បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលចូលថ្មី បានចំនួនជាង ៦២.៨០០ រឿង ស្មើនឹងជាង ៧៨ % នៃចំនួនសំណុំរឿងចូលថ្មីសរុបជាង ៨០.៤០០ រឿង។ ផ្អែកលើលទ្ធផលដែលសម្រេចបាននេះ ជាមួយនឹងការខិតខំ ប្រឹងប្រែងរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ និងដោយមានការគាំទ្រពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ បើទោះបីជាកម្ពុជាបាននិងកំពុងស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃ ការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ក៏ដោយ ក៏សាលាដំបូងរាជធានី-ខេត្តចំនួន ២២ ក្នុងចំណោមសាលាដំបូងសរុបទាំងអស់ចំនួន ២៤ បានប្រកាសជាបន្តបន្ទាប់នូវ ជោគជ័យរបស់ខ្លួនក្នុងការអនុវត្តយុទ្ធនាការ។

ក្រសួង បន្ថែមថា សាលាដំបូង ចំនួន២ ទៀត គឺសាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តព្រះសីហនុ ដែលជាសាលាដំបូងមានសំណុំរឿងច្រើនជាងគេ និងមានទីតាំងស្ថិតនៅក្នុងតំបន់បិទខ្ទប់ ដោយសារផលប៉ះពាល់នៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ( មិនទាន់អាចសម្រេចគោលដៅ និងប្រកាសអំពីជោគជ័យនៃការ អនុវត្តយុទ្ធនាការនេះនៅឡើយទេ៕

To Top