ព័ត៌មានជាតិ

ក្រសួងសាធារណការ ឲ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ សិក្សាលម្អិតលើទីតាំងផលប៉ះពាល់

ភ្នំពេញ៖ លោក សួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំក្រុមហ៊ុនសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ធ្វើការសិក្សាឱ្យបានលម្អិត លើទីតាំងរងផលប៉ះពាល់ ដើម្បីធ្វើយ៉ាងណាអាច បញ្ចប់គម្រោងនៅឆ្នាំក្រោយ។

ក្នុងជំនួបពិភាក្សាការងារ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ជាមួយលោក Zhou Yong តំណាង ក្រុមហ៊ុន CAMBODIAN PPSHV EXPRESSWAY CP., LTD (CPEC) ថ្មីៗនេះ លោក សួង ហេង គូសបញ្ជាក់ថា ក្រសួងនឹងព្យាយាម ជួយសម្របស្រួល សហការដោះស្រាយ ដើម្បីជំរុញការងារសាងសង់នេះ ឲ្យទាន់ពេលវេលាដើម្បីអាច បញ្ចប់គម្រោងនៅឆ្នាំក្រោយ ។

លោក ក៏បានស្នើឲ្យក្រុមហ៊ុនសាងសង់ និងភាគីពាក់ព័ន្ធដទៃទៀត ធ្វើការបន្ទន់ឥរិយាបទទន់ភ្លន់ដាក់គ្នា ទៅវិញ ទៅមក រួបរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ជៀសវាងការដោះ ស្រាយបញ្ហាតែភាគីម្ខាងណាមួយ។

លោក បញ្ជាក់យ៉ាងដូច្នេះថា «សូមណែនាំឲ្យក្រុមហ៊ុនសាងសង់ ទៅធ្វើការសិក្សាឲ្យបាន លម្អិតលើទីតាំងរងផលប៉ះពាល់ទាំងនោះ ដោយកែតម្រូវទៅតាមភូមិសាស្ត្រជាក់ស្តែង ដើម្បីកាត់បន្ថយការដោះស្រាយផលប៉ះពាល់ ឲ្យបានច្រើនតាមកម្រិតដែលអាចធ្វើទៅបាន ហើយដាក់ជូនលទ្ធផលនៃការ សិក្សានោះទៅថ្នាក់ដឹកនាំ ក៏ដូចជាគណៈកម្មការបច្ចេកទេសពិនិត្យដោះស្រាយ»។

សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ដែលបាន បើកការដ្ឋានសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩ ហើយគិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដំណើរការ សាងសង់សម្រេចបាន ៥៥,០៥% ហើយ និងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ផ្លូវនេះ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ៕

To Top