ព័ត៌មានជាតិ

ឆមាសទី១ គយប្រមូលពន្ធ ចូលជាតិជាង១ពាន់លានដុល្លារ(Video)

ភ្នំពេញ ៖ ឆមាសទី១ ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ប្រមូលចំណូលពន្ធបង់ចូលថវិកាជាតិ ចំនួន៤,៦៩៥.៨ ប៊ីលានរៀល ស្មើនឹង ១,១៥៩.៥ លានដុល្លារ ថយចុះប្រមាណ ៨.៩% ធៀបនឹងឆមាសទី១ ឆ្នាំ២០២០។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី កិច្ចប្រជុំបូកសរុបការងារ គយ និងរដ្ឋាករ ប្រចាំឆមាសទី ឆ្នាំ២០២១ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា «ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ចំណូលប្រមូលបានដោយ អគរ មានចំនួន ៤,៦៩៥.៨ ប៊ីលានរៀល ស្មើនឹង ១,១៥៩.៥ លានដុល្លារ ថយចុះប្រមាណ ៨.៩% ធៀបនឹងឆមាសទី១ ឆ្នាំ២០២០។ លទ្ធផលប្រមូលចំណូលក្នុងឆមាសទី១ ឆ្នាំ ២០២១ នេះគឺសម្រេចបាន៤៩% នៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១»។

បើគិតតាមប្រភេទពន្ធ និងអាករ ឃើញថា អាករ លើតម្លៃបន្ថែមមានចំនួន ១,៧៧៥.០១ ប៊ីលានរៀល (ត្រូវជាប្រមាណ ៣៧.៨% នៃចំណូលសរុប), អាករពិសេសមាន ១,៧៦៥.០២ ប៊ីលានរៀល (ត្រូវជា ៣៧.៦%នៃចំណូលសរុប), ពន្ធគយមាន ៨៤៧.៦៣ ប៊ីលានរៀល (ត្រូវជា ១៨.១%នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមាន ២១៤ ប៊ីលានរៀល (ត្រូវជា ៤.៥%នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមាន ៩៤.១៣ ប៊ីលានរៀល (ត្រូវជា ២%នៃចំណូលសរុប)។

បើគិតតាមក្រុមទំនិញវិញ ចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន ១,៩៨៥.៥ ប៊ីលានរៀល គ្របដណ្តប់ ៤២.៣% នៃចំណូលសរុប, ទំនិញចម្រុះមានចំនួន ១,៣១៦.៣ ប៊ីលានរៀល ត្រូវជា ២៨%នៃចំណូលសរុប, ផលិតផលតេលសិលាមានចំនួន ១,១០១.៩ ប៊ីលានរៀល ស្មើនឹង ២៣.៥% នៃចំណូលសរុប និង សម្ភារសំណង់និងកម្រៃផ្សេងៗ មានចំនួន ២៩២.២ ប៊ីលានរៀល ស្មើនឹង ៦.២%នៃចំណូលសរុប៕

To Top