ភ្នំពេញ ៖ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២១ បានបន្តចែកអំណោយដល់អ្នកសារព័ត៌មានកម្ពុជាដែលជួបប្រទះ កង្វះខាតជីវភាពចំនួន ៣៣នាក់ ក្នុងអំឡុងពេលប្រឈមការរាតត្បាតជម្ងឺកូវីដ១៩នៅកម្ពុជា ក្នុងទីស្នាក់ការកណ្តាល សសកច អគារ សមាគមសម្ព័ន្ឋខ្មែរចិន នៅកម្ពុជា បុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក ទេស សារ៉ារិទ្ធ សមាជិកគណៈកម្មាធិការនាយក សសកច បានថ្លែងទៅកាន់អង្គពិធីដោយបានសាកសួរសុខទុក្ខដល់អ្នកសារព័ត៌មាន ។ លោកបន្ថែមថា ទោះបីជាអំណោយចែកជូននៅគ្រានេះ មិនមានចំនួនច្រើនក្តី ប៉ុន្តែបានរួមចំណែកជួយ ការលំបាកខ្លះៗ ដល់អ្នកសារព័ត៌មានអំឡុងពេលនេះ។

លោកបន្ថែមថា “នេះជាការរួមចំណែករំលែកការលំបាក និងបង្ហាញពីការនៅកៀកគ្នា ទោះក្នុងកាលៈទេសៈ ណាក៏ដោយ”។

ចំណែកលោក លីវ ស៊ាវគ័ង សហប្រធានភាគីចិន បានថ្លែងចាប់អារម្មណ៍ផងដែរថា ការចែកជូនអំណោយនេះ ទៅតាមធនធានដែលសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ស្នើសុំជំនួយពីសប្បុរសជននានាដែលបានឧបត្ថម្ភដល់ដំណើរការនាពេលនេះ។ លោកក៏បានបេ្តជ្ញាខិតខំប្រឹងប្រែងបន្ថែមទៀត នៅក្នុងការស្វែងរកមូលនិធិ ដើម្បីចែកជូនដល់អ្នកសារព័ត៌មានខ្មែរឲ្យបានកាន់តែច្រើនថែម ។



លោកក៏បានក្រើនរំលឹកដល់អ្នកសារព័ត៌មាន ថែរក្សាសុខភាព និងចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា សសកច ក៏នឹងរៀបចំពិធីចែកអំណោយ ជូនអ្នកកាសែតចំនួន ៣៥នាក់ ផ្សេងទៀត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ខណៈកាលពីថ្ងៃទី ១៦ កក្កដា ក៏បានចែក0ជូនអ្នកកាសែតចំនួន៣២នាក់ ។ ទាំង៣ លើកតាមកាលបរិច្ឆេទនេះ មានចំនួនសរុប ១០០នាក់៕


