ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានថ្លែងថា ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជំនួយដែលបានផ្តល់មកជា បន្តបន្ទាប់របស់ជប៉ុន ដល់កម្ពុជា ឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ រវាងប្រទេសទាំងពីរ និងការគាំទ្រឥតឈប់ឈររបស់ជប៉ុន ចំពោះការអភិវឌ្ឍរយៈពេលវែង នៅកម្ពុជា។

ថ្លែងក្នុងចុះហត្ថលេខាលើ លិខិតប្ដូរសារស្ដីពីការផ្ដល់ ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សរុបចំនួន ៣៦២ លានយ៉េន ឬប្រមាណ ៣,៣ លានដុល្លារសម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងឆ្នាំ២០២១ នៅថ្ងៃទី២៦ កក្កដានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា តាមរយៈជំនួយនេះមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាចំនួន ២៦រូប (ដែលក្នុងនោះ២៤រូប រៀនថ្នាក់អនុបណ្ឌិត និង២រូប រៀនថ្នាក់បណ្ឌិត) នឹងទទួល បានអត្ថប្រយោជន៍ពីការទៅបន្តការសិក្សា កម្រិតខ្ពស់នៅក្នុងប្រទេសជប៉ុន ។

លោកន្តថា ចាប់តាំងពីការដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ២០០០ គំរោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ឬហៅថា «JDS» បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ គាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា។ អស់រយៈពេលជាង ២០ឆ្នាំ JDS បានផ្តល់អាហារូបករណ៍ ដល់មន្រ្តីកម្ពុជាប្រមាណ ៥០០នាក់ ដែលក្នុងនោះមាន ២៤នាក់ មកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ជាងនេះទៅទៀត រដ្ឋាភិបាលជប៉ុនបានផ្តល់ដល់ប្រទេសកម្ពុជា នូវគំរោងអាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លីដ៏ទៃទៀត ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់តម្រូវការក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលមានគុណភាព សមត្ថភាព និងផលិតភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមរបស់ប្រទេសកម្ពុជា។

លោក ប្រាក់ សុខុន បញ្ជាក់ថា «ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជំនួយដែលបានផ្តល់មកជា បន្តបន្ទាប់របស់ប្រទេសជប៉ុន ដល់ប្រទេសកម្ពុជា ឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគី ដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ និងការគាំទ្រឥតឈប់ឈររបស់ ប្រទេសជប៉ុនចំពោះការអភិវឌ្ឍ រយៈពេលវែងនៅប្រទេសកម្ពុជា» ។
លោកបន្ថែមថា ជប៉ុនក៏កំពុងគាំទ្រយ៉ាងខ្លាំងក្លា ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្ដល់ជំនួយឥតសំណងជាង ៥០លានដុល្លារ និងប្រាក់កម្ចីប្រមាណ ២៣០លានដុល្លារ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន ការមកដល់របស់វ៉ាក់សាំងជើងទីមួយ នៃវ៉ាកសាំងសរុបចំនួន ១លានដូស ដែលជាជំនួយរបស់ជប៉ុន ត្រូវបានស្វាគមន៍ដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោកគូសបញ្ជាក់ថា ជំនួយរបស់ជប៉ុននេះ ដែលគ្របដណ្តប់លើការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សុខភាព និងការអប់រំ ក្នុងចំណោមវិស័យជាច្រើនផ្សេងទៀត បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម និងធនធានមនុស្សនៅកម្ពុជា ៕

