ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ ឲ្យក្រុមហ៊ុនសេវា​ ទូរស័ព្ទទាំងអស់ បញ្ឈប់ការខលរំខាន អ្នកប្រើប្រាស់ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ) បានបញ្ជាឲ្យប្រតិបត្តិករ ផ្តល់សេវាទូរសព្ទចល័ត មួយចំនួនបញ្ឈប់ការ ហៅចូលទៅកាន់អ្នក ប្រើប្រាស់ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម អំពីសេវាបន្ថែម (VAS) របស់ខ្លួន ដោយអ្នកប្រើប្រាស់មិន បានចុះឈ្មោះប្រើប្រាស់ជាមុន ។

ក្រសួងថា សកម្មភាពនេះ បានរំខានដល់ជីវភាពប្រចាំថ្ងៃ និងផ្ទុយពីឆន្ទៈរបស់អ្នកប្រើប្រាស់ ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងនាថ្ងៃ២៦ កក្កដា នេះបានឲ្យដឹងថា កន្លងមក និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) បានរកឃើញ ប្រតិបត្តិករផ្តល់ សេវាទូរសព្ទ ចល័តមួយចំនួន បានប្រើប្រាស់លេខកូដខ្លី ឬលេខផ្សេងៗគ្នា ជាច្រើន ហៅចូលទៅកាន់អ្នកប្រើប្រាស់ ដើម្បីផ្សព្វផ្សាយ ពាណិជ្ជកម្មអំពី សេវាបន្ថែម (VAS) របស់ខ្លួន ដោយអ្នកប្រើប្រាស់មិន បានចុះឈ្មោះប្រើប្រាស់ជាមុន។

ជាមួយគ្នានេះ ន.ទ.ក ស្នើប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងអស់ ៖ ទី១.បញ្ឈប់រាល់ការរំខាន ដល់អ្នកប្រើប្រាស់តាមការហៅចូលលេខ ទូរសព្ទចល័តជាបន្ទាប់ ព្រោះសេវាហៅចូលនេះ ពុំមានការចុះឈ្មោះ ប្រើប្រាស់ជាមុន ដោយអ្នកប្រើប្រាស់ឡើយ ។ ២. បញ្ឈប់ជាបន្ទាន់រាល់ការប្រើប្រាស់លេខកូដ ទូរគមនាគមន៍ទាំងឡាយណា ដែលគ្មានការអនុញ្ញាតពី ន.ទ.ក ។

ក្នុងករណី ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត ពុំអនុវត្តតាមការណែនាំខាងលើនេះទេ ក.ប.ទ នឹងចាត់វិធានការម៉ឺងម៉ាត់ ដោយណែនាំឲ្យ ន.ទ.ក បង្កករាល់ការស្នើសុំនានា របស់ប្រតិបត្តិករទាំងនោះ ព្រមទាំងចាត់វិធានការ ស្របតាមមាត្រា៦៩ និងមាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍ ៕

To Top