ភ្នំពេញ៖ ទោះបីជាមានការខិតខំពីអាជ្ញាធរ គ្រប់ជាន់ថ្នាក់ ក្នុងការទប់ស្កាត់នូវការចម្លងជំងឺកូវី១៩ យ៉ាងណាក្ដី ក៏មិនអាចទប់ស្កាត់បាន១០០%នោះដែរ ប្រសិនបើគ្មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប។
ជាក់ស្ដែងក្រោយពីរាជរដ្ឋាភិបាល បានចេញសេចក្ដីសម្រេចបិទខ្ទប់ខេត្តចំនួន៨ និងបិទព្រំដែនជាមួយភាគីថៃ កាលពីថ្មីៗនេះក្នុងគោលបំណងទប់ស្កាត់ ការចម្លងវីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទDelta ចូលក្នុងសហគមន៍ យ៉ាងណាក៏ដោយ ប៉ុន្ដែវានៅតែលេចចេញមកតាមបណ្ដារាជធានី-ខេត្តមួយចំនួនរួចស្រេច ទៅហើយ។
ជាក់ស្ដែងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បើយោងតាមប្រភពពីរដ្ឋបាលរាជធានី-ខេត្តមួយចំនួន បានឱ្យដឹងថា មានករណីឆ្លងចូលក្នុងសហគមន៍ រួចទៅហើយក្នុងនោះរួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល ព្រៃវែង ខេត្តកំពង់ចាម និងខេត្តមួយចំនួនផ្សេងទៀត។
រដ្ឋបាលសាលារាជធានីភ្នំពេញនៅថ្ងៃទី២ សីហានេះ បានចេញសេចក្ដីសម្រេចបិទខ្ទប់ ផ្លូវ និងទីតាំងមួយចំនួនរួមមាន៖
១/ច្រកផ្លូវលេខ ៣៧២, ៣៧២Z, និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី៣ ដល់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍»។
២/កំណាត់ផ្លូវលេខ ៩៣ ពីចំណុចសាលាបឋមសិក្សាពញាក្រែក រហូតដល់ចំណុចផ្ទេរលេខ១១៦ រួមទាំងលំនៅឋានក្នុងបុរី ខេស៊ី (KC) ស្ថិតក្នុងក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានការសង្ស័យជាប់ពាក់ព័ន្ធមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល ០៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ រហូតការស្រាវជ្រាវត្រូវបានបិទបញ្ចប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍។
មិនត្រឹមតែប៉ុណ្ណោះ បើយោងតាម អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានឱ្យដឹងថា សង្ស័យមានករណីឆ្លង វីរុសបំប្លែងថ្មី Deltaនេះ នៅក្នុងខណ្ឌពោធិ៍សែនជ័យផងដែរ។
ដោយឡែកក្នុងខេត្តកណ្ដាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Detal ចំនួន២ករណី ខេត្តព្រៃវែងចំនួន២ករណី និងខេត្តកំពង់ចាមចំនួន៣ករណី។
នេះសបញ្ជាក់ឱ្យឃើញថា នៅក្នុងដំណាក់កាលដ៏លំបាកនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងការទប់ស្កាត់នូវជំងឺដ៏កាចសាហាវទ្វេរដងនេះ ដើម្បីឈានទៅរកភាពប្រក្រតីឡើងវិញ នាពេលខាងមុខ។
សូមបញ្ជាក់ គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ បប្លែងថ្មី ប្រភេទDelta សរុបជាង២០០ករណីហើយ នេះបើតាមការបញ្ជាក់ ពីលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល៕