ព័ត៌មានជាតិ

មន្រ្តី ជំនាញ កំពុង ស្រាវជ្រាវ ដើម្បីកំចាត់ ដង្កូវហ្វូង លើដំណាំពោតនៅកម្ពុជា

ភ្នំពេញ ៖ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយ ថ្នាក់ជាតិ ថ្នាក់អន្តរជាតិ និងថ្នាក់តំបន់ ធ្វើការស្រាវជ្រាវស្វែងរកដើមចម នៃបញ្ហាជាលក្ខណវិទ្យាសាស្រ្ត ដើម្បីដាក់ចេញ វិធានការគ្រប់គ្រង និងកំចាត់ដង្កូវហ្វូងប្រភេទថ្មី លើដំណាំពោតនៅកម្ពុជា ឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថាវិធានការចម្រុះគ្រប់គ្រងដង្កូវហ្វូងប្រភេទថ្មីលើដំណាំពោត (Fall Armyworm-Spodoptera frugiperda) ៖ ការប្រើប្រាស់ភ្នាក់ងារជីវសាស្ត្រ Telenomus remus ក្នុងលក្ខខណ្ឌប្រទេសកម្ពុជា។

លោកបានបន្ដថា ពោតជាដំណាំសេដ្ឋកិច្ចដ៏សំខាន់មួយ ក្នុងចំណោមដំណាំ កសិ-ឧស្សាហកម្ម មួយចំនួនទៀត ដែលកសិករនិយមដាំនៅតាមដីសណ្តទន្លេមេគង្គ សម្រាប់ផ្គត់ផ្គង់ឲ្យផលិតកម្មចំណីសត្វ អាហាររបស់មនុស្ស និងជាផលិតផលសម្រាប់ធ្វើការនាំចេញ។ ជាក់ស្តែងនៅឆ្នាំ២០២០ កម្ពុជាបាននាំចេញគ្រាប់ពោតក្រហម ទៅកាន់ទីផ្សារអន្តរជាតិចំនួន ១៩៤ ៦២៥តោន។

លោកបានបន្ថែមថា ស្របពេលជាមួយនឹងកំណើនផលិតកម្ម និងសេចក្តីត្រូវការទីផ្សារ ទាំងក្នុង និងក្រៅប្រទេស ផលិតកម្មពោតបាននិងកំពុងប្រឈមនឹងដង្កូវហ្វូងប្រភេទថ្មី (Fall Armyworm) ដែលជាសត្វល្អិតមួយប្រភេទ បំផ្លាញផលដំណាំធញ្ញជាតិច្រើន ប្រភេទ ដូចជា ស្រូវនៅទូទាំងពិភពលោក ជាពិសេសដំណាំពោតដែលជាដំណាំជម្រក របស់សមាសភាពចង្រៃនេះ។ លោកថា ប្រទេសជាច្រើននៅក្នុងទ្វីបអាហ្វ្រិច និងអាស៊ី បាននិងកំពុងទទួលរងផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីដង្កូវប្រភេទនេះ។

លោកបានបញ្ជាក់ថា «ឆ្លើយតបទៅនឹងបញ្ហាថ្មីមួយនេះ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានចូលរួម សហការយ៉ាងសកម្ម និងបន្ទាន់ជាមួយថ្នាក់ជាតិ ថ្នាក់អន្តរជាតិ និងថ្នាក់តំបន់ធ្វើការសិក្សាស្រាវជ្រាវស្វែងរកដើមចមនៃបញ្ហាជាលក្ខណវិទ្យាសាស្រ្ត ដើម្បីដាក់ចេញនូវវិធានការ គ្រប់គ្រង និងកំចាត់ដង្កូវហ្វូងថ្មីឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា»។

លោករដ្ឋមន្ដ្រីក៏បានរំលឹកថា នៅកម្ពុជា ដង្កូវហ្វូងប្រភេទថ្មីនេះ មានវត្តមានក្នុងឆ្នាំ២០១៩ ដែលក្នុងដំណាក់កាលដំបូង នៃឆ្លងរាតត្បាតដង្កូវហ្វូង បានបំផ្លាញដំណាំពោត សរុបទូទាំងប្រទេស ចំនួន ១១ ១៤២ហិកតា តាមបណ្តាខេត្ត ដូចជា ៖ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងខេត្តត្បួងឃ្មុំ។ បច្ចុប្បន្ននេះ ដង្កូវហ្វូវនេះ បានឆ្លងរាតត្បាត នៅស្ទើរគ្រប់តំបន់ផលិតកម្ម ដំណាំពោត ទូទាំងប្រទេសកម្ពុជា នេះបើតាមការអះអាងពី អគ្គនាយកដ្ឋានកសិកម្ម៕

To Top