ភ្នំពេញ ៖ លោក Park Heung Kyeong ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា បានកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា ចំពោះយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋរបស់ខ្លួន នៅទូទាំងប្រទេស ។
យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា តិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ៩,២៧២,៧៦៩នាក់។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី១៨ សីហា លោក Park Heung Kyeong បានថ្លែងថា «សូមការកោតសរសើរ ចំពោះកម្ពុជា ជាពិសេស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះយុទ្ធនាការ កិច្ចចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា»។
ឆ្លៀតឱកាសនោះ លោកឯកអគ្គរដ្ឋទូតកូរ៉េ ក៏បានស្នើចំពោះកិច្ចគាំទ្រពីកម្ពុជា ដើម្បីកូរ៉េ អាចធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំ cop-28 ស្របពេល ដែលបណ្តាប្រទេស ក្នុងតំបន់អាស៊ី និងកូរ៉េ មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការដោះស្រាយបញ្ហា និងការផ្តល់នូវថវិកាចំពោះការប្រែប្រួល អាកាសធាតុ តាមរយៈមូលនិធិ អាកាសធាតុបៃតង(GCF) ។
ជាមួយគ្នានេះដែរ លោកបាន បង្ហាញ នូវការពង្រីកវិសាលភាព បន្ថែមទៅលើគម្រោង ODA ( Official Development Assistant) ដែលបានគាំទ្រ កិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាល ធនធានមនុស្សលើវិស័យផ្សេងៗ ជាមួយកម្ពុជា និង បានស្នើសុំអោយកម្ពុជា គាំទ្រផងដែរដល់ក្រុមហ៊ុន វិនិយោគកូរ៉េ ដែលមានបំណងមកដាំឬស្សី ក្នុងពេលឆាប់ៗនេះ ។
ជាការឆ្លើយតប លោករដ្ឋមន្រ្តីបរិស្ថាន បានសម្តែងនូវការគាំទ្រ និងស្វាគមន៍ចំពោះការស្នើសុំដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំង២ ក្នុងវិស័យបរិស្ថាន និង កសិកម្ម ក៏ដូចជាទីផ្សារការងារសម្រាប់កម្ពុជា ។
លោកក៏បានស្នើសុំកូរ៉េ បន្តជំរុញបច្ចេកទេស លើវិស័យកសិកម្មដែលបន្ស៊ី ទៅនឹងការប្រែប្រួល អាកាសធាតុ ដូចពូជស្រូវ និង ពូជដំណាំជាដើម៕