នយោបាយ

លោក សុខ ឥសាន ៖ ករណីលោក កឹម សុខា មិនអាចចរចាទេ (Video)

ភ្នំពេញ ៖ ជាថ្មីម្តងទៀត លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ករណីលោក កឹម សុខា មិនអាចបើកការចរចា ជាមួយគណបក្សប្រជាជនកម្ពុជាបាននោះទេ ។

ការលើកឡើងរបស់លោកនេះ បន្ទាប់ពី លោក មុត ចន្ថា បានយកឱកាសខួប៤ឆ្នាំ (៣.៩.២០១៧ – ៣.៩.២០២១) ដែលលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិត្រូវបានចាប់ខ្លួន បង្ហាញក្តីសង្ឃឹមថា សំណុំរឿងក្តីលោក កឹម សុខា នឹងអាចបញ្ចប់ទៅតាមផ្លូវតុលាការ ដោយផ្អែកតាមស្មារតីផ្សះផ្សារ និងបង្រួបបង្រួមជាតិ រវាងខ្មែរ និងខ្មែរ។

លោក សុខ ឥសាន បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២ កញ្ញា ថា “ជំហររបស់គណបក្សប្រជាជនកម្ពុជា គឺអត់មានការចរចាជាមួយក្រុមខុសច្បាប់ទេ ព្រោះក្រុមនេះ បានប្រព្រឹត្តល្មើសច្បាប់ ដោយរំលោភលើគោលការណ៍ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ តាំងពីប៉ុន្មានឆ្នាំមុនមកដែលមានពិរុទ្ធភាពរឹងមាំ និងមានឯកសារត្រឹមត្រូវ ដែលធ្វើឲ្យតុលាការកំពូល មានឆន្ទានុសិទ្ធិ ក្នុងការវិនិច្ឆ័យ”

គួររំលឹកថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ទាំងកណ្ដាល យប់នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងពេលលោកកំពុងស្នាក់នៅផ្ទះ ខណ្ឌទួលគោក។ តុលាការបានចោទប្រកាន់លោកពីបទ ត្រូវរ៉ូវគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ដោយបានឃុំខ្លួនជាង១ឆ្នាំ នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម ៕

To Top