ព័ត៌មានជាតិ

ក្រុមការងារ​ គម្រោងហាវែស២ គូសបញ្ជាក់​ពីបញ្ហាប្រឈម​ ផ្នែកភស្តុភារកម្ម ដំណោះស្រាយ និងឱកាសវិនិយោគ ជាមួយសមាគម ភស្តុភារកម្មកម្ពុជា

ភ្នំពេញ៖ គម្រោងហាវែស II សហការជាមួយ សមាគមភស្តុភារកម្មកម្ពុជា (CLA) បានរៀបចំសិក្ខាសាលាអនឡាញ ដើម្បីលើកកម្ពស់ “ឱកាសវិនិយោគលើភស្តុភារកម្ម ក្នុងវិស័យសាកវប្បកម្មនៅកម្ពុជា” កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១កន្លងទៅ ដោយបានគូសបញ្ជា​ក់​ ពីបញ្ហាប្រឈមផ្នែកភស្តុភារកម្ម ដំណោះស្រាយ និងឱកាសវិនិយោគ ដែលបានធ្វើការស្រាវជ្រាវ ដោយគម្រោងហាវែស II និងបានធ្វើបទបង្ហាញ ពីបញ្ហាប្រឈម និងតម្រូវការជាក់ស្តែង ដែលជួបប្រទះ ដោយក្រុមហ៊ុនកសិកម្ម AgriOn និងក្រុមហ៊ុនភស្តុភារកម្ម Puzzle Solution ។

សិក្ខាសាលានេះ​ មានអ្នកចូលរួមប្រមាណ ១៥០នាក់ ដែលជាក្រុមហ៊ុនភស្តុភារកម្ម វិនិយោគិន អាជីវកម្មកសិកម្ម អ្នកអភិវឌ្ឍគម្រោង មន្រ្តីរដ្ឋាភិបាល និងសមាគមឧស្សាហកម្មផ្សេងៗ ដើម្បីពិភាក្សាពីបញ្ហាប្រឈម លើភស្តុភារកម្ម នៅក្នុងវិស័យកសិកម្ម ដំណោះស្រាយសក្តានុពល ឱកាសវិនិយោគ និងស្វែងយល់អំពីកម្មវិធី ផ្តល់ហិរញ្ញប្បទាន​ ឥតសំណងថ្មី​ របស់គម្រោងហាវែស II។

គម្រោងហាវែស II គឺជាគម្រោងដែលផ្តល់មូលនិធិ ដោយទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលមានរយៈពេល ៥ ឆ្នាំ ក្នុងគោលបំណងពន្លឿន កំណើននៅក្នុងវិស័យ សាកវប្បកម្មនៅកម្ពុជា។ CLA គឺជាតំណាងជាតិ នៃសហព័ន្ធសមាគមតំបន់ និងពិភពលោក ផ្តោតលើការអភិវឌ្ឍ វិស័យភស្តុភារកម្មនៅកម្ពុជា។ សិក្ខាសាលានេះ ត្រូវបានអញ្ជើញចូលរួម ជាកិត្តិយសដោយលោកបណ្ឌិត គុយ ហួត អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម (GDA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា និងលោក Nimish Jhaveri ប្រធានគម្រោងហាវែស II ។

ក្នុងនោះ បណ្ឌិត គុយ ហួត បានមានប្រសាសន៍ថា“ សិក្ខាសាលានេះ មានសារៈសំខាន់ខ្លាំងណាស់ ដោយសារអ្នកចូលរួមអាចចែករំលែក បទពិសោធន៍ និងពិភាក្សាអំពីបញ្ហាប្រឈម ដើម្បីធ្វើឱ្យវិស័យភស្តុភារកម្ម នៅកម្ពុជា មានភាពប្រសើរឡើង” ។

លោកឧកញ៉ាស៊ិន ចន្ធី បានចែករំលែកថា “សិក្ខាសាលានេះបង្ហាញពី កិច្ចសហការ របស់សមាគម ជាមួយគម្រោងហាវែស II ហើយយើងនឹងបន្ត ភាពជាដៃគូរបស់យើង ដើម្បីចែករំលែកព័ត៌មាន និងឱកាសវិនិយោគ នៅក្នុងវិស័យសាកវប្បកម្ម” ។

ក្នុងសិក្ខាសាលានេះ គម្រោងហាវែស II បានបង្ហាញពីកម្មវិធី​ ផ្តល់ហិរញ្ញប្បទាន ឥតសំណងថ្មីរបស់ខ្លួន ដើម្បីជួយលើកកម្ពស់ ការអភិវឌ្ឍវិស័យ ភស្តុភារកម្មនៅកម្ពុជា ដែលជួយសម្រួលដល់ការនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ។ កម្មវិធីនេះគាំទ្រ ក្រុមហ៊ុនក្នុងស្រុក ដោះស្រាយបញ្ហាប្រឈម ជុំវិញបច្ចេកទេស ក្រោយពេលប្រមូលផល ការដឹកជញ្ជូននិងភស្តុភារកម្ម សេវាកម្មនាំចេញ និងសេវាកម្មគ្រប់គ្រង ខ្សែចង្វាក់ផ្គត់ផ្គង់ផ្សេងទៀត ដើម្បីបំពេញតម្រូវការទីផ្សារ។

លោក Nimish Jhaveri បានចែករំលែកថា“ សេវាកម្មភស្តុភារកម្មទំនើប មានសារៈសំខាន់ណាស់ សម្រាប់វិស័យសាកវប្បកម្មនៅកម្ពុជា ដើម្បីទទួលបាន ភាពប្រកួតប្រជែងស្មើគ្នា ជាមួយប្រទេសជិតខាង ហើយយើងមាន សេចក្តីរីករាយយ៉ាងខ្លាំង ដែលសិក្ខាសាលានេះ អាចប្រមូលផ្តុំដៃគូអាជីវកម្ម ពិភាក្សាជុំវិញឱកាសវិនិយោគ នៅក្នុងវិស័យដ៏សំខាន់នេះ”៕​ ដកស្រង់៖​ សេចក្តីប្រកាសព័ត៌មាន “ឱកាសវិនិយោគលើភស្តុភារកម្ម ក្នុងវិស័យសាកវប្បកម្ម នៅកម្ពុជា” នៃគម្រោងគម្រោងហាវែស II

To Top