ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ដាក់កំហិតឲ្យសហគ្រាស-ក្រុមហ៊ុន ធ្វើប្រតិបត្តិការតាមប្រព័ន្ធ អេឡិចត្រូនិក ដោយមកដាក់ពាក្យ សុំអាជ្ញាបណ្ណមុនថ្ងៃ១ ធ្នូ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានឲ្យ សហគ្រាសឯកបុគ្គល នីតិបុគ្គល និងក្រុមហ៊ុនធ្វើប្រតិបត្តិការ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឱ្យបានមុនថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ជាកំណត់។

ការណែនាំនេះ ក្រោយក្រសួងសង្កេតឃើញថា សហគ្រាស ក្រុមហ៊ុនដែលបាននិងកំពុង ធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក មួយចំនួនធំពុំទាន់បានមក ធ្វើការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិកនៅឡើយ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា «ជាថ្មីម្តងទៀត ក្រសួងពាណិជ្ជកម្ម សូមជម្រាបដល់សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេសទាំងអស់ ដែលបានធ្វើប្រតិបត្តិការ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មេត្តារួសរាន់មកដាក់ពាក្យ ស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិកឱ្យបានមុន ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ជាកំណត់»។

ក្រសួង បន្ដថា ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្មានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនឹងត្រូវទទួល ការផាកពិន័យជាប្រាក់ ឬបញ្ឈប់សកម្មភាពអាជីវកម្ម ឬប្រឈមនឹងវិធានការនានា ដូចមានចែងក្នុងលិខិត បទដ្ឋានច្បាប់ជាធរមាន ៕

To Top