ព័ត៌មានជាតិ

នំអន្សម ពាក់ព័ន្ធ បុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ ៖ នំអន្សម គឺជានំដែលប្រជាជនខ្មែរស្ទើរគ្រប់ក្រុមគ្រួសារ តែងតែរៀបចំវេចនំអន្សម ជារៀងរាល់ឆ្នាំ មិនដែលខាន ឲ្យតែដល់រដូវបុណ្យចូលឆ្នាំខ្មែរ ឬរដូវកាលបុណ្យភ្ជុំបិណ្ឌម្ដងៗ ជាពិសេស គឺរដូវបុណ្យភ្ជុំបិណ្ឌ គឺប្រជាពលរដ្ឋខ្មែរតែងវេចនំអន្សមនេះ ស្ទើរគ្រប់ផ្ទះ។ យើងតែងសម្គាល់ឃើញ ប្រជាពលរដ្ឋខ្មែរវេចនំ នៅមុនថ្ងៃបុណ្យភ្ជុំ មួយឬពីរថ្ងៃ គឺគ្រប់ផ្ទះញាប់ដៃញាប់ជើង ម្នីម្នារៀបចំវេចនំដើម្បីទុកចូលរួមក្នុងឱកាសភ្ជុំបិណ្ឌ។ នំដែលយើងវេចរួមមាន ៖ នំអន្សមជ្រូក អន្សមចេក នំគម នំបត់ ជាដើម។

នំអន្សមខ្មែរគេឃើញមានប្រវត្តិយូរលង់ណាស់មកហើយ ពោលគឺអាចថាតាំងពីសម័យមហានគរមកម្ល៉េះ។ សម័យនោះកាន់ព្រហ្មញ្ញសាសនា គេយកនំអន្សមសម្រាប់តំណាងឲ្យលិង្គព្រះឥសូរ និងនំគមជាយោនីនៃព្រះនាងឧមា ដែលជាមហេសីព្រះឥសូរ ដែលទ្រង់ទាំងពីរព្រះអង្គគឺជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់របស់ប្រជានុរាស្ត្រនិងមនុស្សនាសម័យនោះ។

លុះដល់ពេលប្រទេសខ្មែរងាកមកកាន់ព្រះពុទ្ធសាសនាវិញ ព្រហ្មញ្ញសាសនាក៏នៅតែបន្តដក់ជាប់ក្នុងសង្គម ទើបបន្តធ្វើនំអន្សម និងនំគមជាចង្ហាន់ប្រគេនព្រះសង្ឃដោយចង់ឲ្យសាសនាទាំងពីរវេញបញ្ចូលគ្នារហូតមកដល់សព្វថ្ងៃ។

យោងតាមអត្ថបទទាំងស្រុងដកស្រងចេញពីទំព័រហ្វេសប៊ុក អ្នកស្រី កែវ ច័ន្ទបូរណ៍ អ្នកនិពន្ធខ្មែរដ៏ល្បីល្បាញបានឲ្យដឹងថា «ប្រពៃណីនៃការវេចនំអន្សម» ពាក្យថា អន្សមនេះ គឺជាពាក្យក្លាយមកពីពាក្យដើមថា នំសន្សំ គឺមានន័យថា ជានំតំណាងភោគផល បរិបូណ៌ ដែលពលរដ្ឋ បានធ្វើការងារស្រែចំការ សន្សំទុកនូវភោគផលនេះ សម្រាប់ដោះស្រាយការរស់នៅ មិនអោយមាន ការខើចអត្តខាត់ ក្នុងគ្រួសារនិមួយៗ ជាពិសេស នៅរដូវរាំងស្ងួត ឬនៅពេល ស្រុកទេសមាន សង្គ្រាមទុរភិក្សអន្តរាយ ។នៅជំនាន់ដើម ខ្មែរយើងមាន បែងចែក ការវេចនំអន្សមជាពីរបែប ហៅថា អន្សមញី និង អន្សមឈ្មោល ។ គេវេចនំអន្សមញី ដោយការខ្ចប់ អង្ករដំណើបជាមួយចេកទុំ ធ្វើជាស្នូល មូររុំហើយ បត់សន្លឹកចេក នៅក្បាលនំអន្សមទាំងសងខាង តែមួយផ្នត់ រួចដាក់ផ្អោបផ្គួបពីរនំ ចងមូរភ្ជាប់គ្នា អោយជាប់ល្អ ទើបយកទៅដាក់ស្ងោរក្នុងថ្លាងធំ ។

ចំណែក ការវេចនំអន្សមឈ្មោលវិញ មានដាក់សណ្តែកបាយ និងសាច់ជ្រូកប្រឡាក់ប្រៃ ដាក់ជាស្នូល មូលរុំនឹងស្លឹកចេកយ៉ាងក្រាស់ ធំៗជាងនំអន្សមញី រួចហើយ គេបត់ស្លឹកចេក នៅក្បាលនំអន្សមទាំងសងខាង ក្បាលនំម្ខាងមានពីរផ្នត់ រួចហើយរុំខ្សែព្រាលចងអោយណែនតឹង ទោលតែឯង មិនមានផ្គួបជាមួយអន្សមណាទេ ។ដោយសារការវេចនំអន្សមឈ្មោលញី បែបខុសគ្នានេះហើយ ទើបអាចអោយគេចំណាំនំអន្សមបាន យ៉ាងងាយថា មួយណាញី មួយណាឈ្មោល ក្នុងលក្ខណៈជាភេទ ខុសគ្នា តាមរូបរាង គឺអន្សមញី មានរសផ្អែម មានស្នូលចេកទុំ និងគ្រាប់សណ្តែកស្ងោរ ហើយមានរាងតូចខ្លី ហើយសំប៉ែត ដោយសារការច្របាច់ផ្គួប ចងអន្សមពីរផ្អោបចូលគ្នាតែមួយ។ ចំណែកអន្សមឈ្មោល តែងមានរសជាតិប្រៃ មានស្នូលសណ្តែកបាយ និងសាច់ជ្រូក មានរាងមូលធំ ហើយវែង ជួនកាលមានទម្ងន់ ដល់ទៅ ៥ ឬ ៦គីឡូក្រាម ។

នៅសម័យដើម អ្នកស្រុកដែលនៅតំបន់មាត់ស្ទឹង ឬអូរធំៗ គេច្រើនធ្វើនំអន្សម ដាក់តែអង្ករដំណើប និងអំបិលឡមៗ មិនដាក់ស្នូល ដាក់ខ្ទិះដូង ឬស្ករទេ ព្រោះគេចង់ទុកអោយបានយូររាប់ខែ មិនមានអោយផ្អូម ជាពិសេស នំអន្សមឈ្មោល ។ គេច្រើនវេចអន្សមនេះ ចងជាចង្កោម ស្ងោរអោយឆ្អិន ពេលណា បរិភោគមិនអស់ គេអាចចងខ្សែ បោះអន្សម ទម្លាក់ទៅបាតស្ទឹង ឬបាតអូរជ្រៅ ដែលមានទឹកត្រជាក់ នោះអន្សមអាចរក្សារសជាតិយូរ មិនងាយផ្អូម ។ នៅពេលណាមួយ ដែលគេនឹកភ្នក ចង់បរិភោគ អ្នកស្រុកនឹងទៅស្រាវយកអន្សមមួយ កាត់យកមកស្ងោរ ហើយឆីដូចនំអន្សមធម្មតា វេចថ្មីៗដែរ ។នៅសម័យដើម អ្នកស្រុកដែលនៅតំបន់មាត់ស្ទឹង ឬអូរធំៗ គេច្រើនធ្វើនំអន្សម ដាក់តែអង្ករដំណើប និងអំបិលឡមៗ មិនដាក់ស្នូល ដាក់ខ្ទិះដូង ឬស្ករទេ ព្រោះគេចង់ទុកអោយបានយូររាប់ខែ មិនមានអោយផ្អូម ជាពិសេស នំអន្សមឈ្មោល ។

គេច្រើនវេចអន្សមនេះ ចងជាចង្កោម ស្ងោរឲ្យឆ្អិន ពេលណា បរិភោគមិនអស់ គេអាចចងខ្សែ បោះអន្សម ទម្លាក់ទៅបាតស្ទឹង ឬបាតអូរជ្រៅ ដែលមានទឹកត្រជាក់ នោះអន្សមអាចរក្សារសជាតិយូរ មិនងាយផ្អូម ។ នៅពេលណាមួយ ដែលគេនឹកភ្នក ចង់បរិភោគ អ្នកស្រុកនឹងទៅស្រាវយកអន្សមមួយ កាត់យកមកស្ងោរ ហើយឆីដូចនំអន្សមធម្មតា វេចថ្មីៗដែរ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top