អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង លោក ឧកញ៉ា ឡេង ប្រុស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បាននាំយកអំណោយ១៥០០០ ដុល្លារ ជាការលើកទឹកពីលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និស្សិតកម្ពុជា ២រូប ដែលបានផលិត Drone ដឹកមនុស្សសម្រួល ដល់កិច្ចការពន្លត់អគ្គិភ័យ ដោយជោគជ័យ ដែលពិធីប្រគល់អំណោយនេះ បានធ្វើឡើង នៅវិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា (NPIC) ។
និស្សិតកម្ពុជាពីររូប ផលិតដ្រូនដឹកមនុស្ស ឬ Human Carrier Drone ដោយជោគជ័យជាកិច្ចសហការ រវាងលោក ឡុញ វ៉ាន់សិទ្ធ និស្សិតឆ្នាំទី៤ ផ្នែកវិស្វកម្មអេឡិចត្រូនិក និងលោក ជ្រោយ សុធារ៉ា និស្សិតឆ្នាំទី៣ ផ្នែកវិស្វកម្មមេកានិក ដែលពួកគេទាំងពីររូប កំពុងសិក្សានៅវិទ្យាស្ថានជាតិ ពហុបច្ចេកវិជ្ជាកម្ពុជា (NPIC) ។ ការផលិតឡើងនោះ ក្នុងគោលបំណងសិក្សា និងចង់ចូលរួមចំណែក រំលស់បញ្ហាកកស្ទះចរាចរណ៍ និងសម្រួលដល់កិច្ចការពន្លត់អគ្គិភ័យ លើអគារខ្ពស់ៗជាដើម។
លោក ហេង សួរ រដ្ឋលេខាធិការ បានកោតសរសើរ និងលើកទឹកចិត្តលើភាពវ័យឆ្លាត របស់ក្រុមនិស្សិតដែលបានផលិត Drone អាចដឹកមនុស្សបាននោះជាខ្លាំង ហើយក្នុងនោះលោក បានណែនាំឲ្យពួកគេ ព្យាយាមសិក្សាបន្ថែមទៀតលើ ការផលិត Droneនេះ ដើម្បីឲ្យកាន់តែមានគុណភាព។
ជាការលើកទឹកដល់ក្រុមនិស្សិតទាំងនោះ លោក ហេង សួរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង លោកឧកញ៉ា ឡេង ប្រុស បានឧបត្ថម្ភទឹកប្រាក់ម្នាក់ ៥០០០ដុល្លារ ដែលសរុបថវិកាទាំងអស់ មានចំនួន១៥០០០ ដុល្លារ ជូនដល់ក្រុមនិស្សិត ដែលបានផលិត Drone នោះផងដែរ។ លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ស្តីពីវឌ្ឍន:ភាពរបស់វិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា បានស្វាគមន៍ ក្នុងការទទួលនិស្សិតដែលអ្នកឧកញ៉ា គ្រោងនិងបញ្ជូនមកនោះ ដោយក្ដីរីករាយ។
ក្រៅពីការលើកទឹកចិត្ត ទាំងការផ្ដល់ជាគំនិត ក៏ដូចជាប្រាក់កាស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មានបំណងចង់ ឲ្យសិស្សនិស្សិតដែល អ្នកឧកញ៉ា គ្រោងផ្ដល់អាហារូបករណ៍ ១៥០កន្លែង សម្រាប់ឆ្នាំសិក្សាថ្មីខាងមុននេះ អាចជ្រើសរើសមកចូលសិក្សា នៅវិទ្យាស្ថានខាងនេះផងដែរ។
គូរបញ្ជាក់ផងដែរថា Drone ដឹកមនុស្សដែលក្រុមនិស្សិត នៅវិទ្យាស្ថានជាតិ ពហុបច្ចេកវិជ្ជាកម្ពុជា (NPIC) ផលិតឡើងនេះមានទម្ងន់សរុប ១២៥ គីឡូក្រាម មានកៅអី ១ ដៃបែកខ្នែងជា ៤ បំពាក់ស្លាបចំនួន ៨ វាមានសមត្ថភាព ផ្ទុកទម្ងន់មនុស្ស ៦០ គីឡូក្រាមចុះក្រោម និងអាចហោះត្រឹមកម្ពស់ពី ៥-៦ ម៉ែត្រ និងចម្ងាយប្រមាណ ១០០ ម៉ែត្រ ខណៈវាស្ថិតក្នុងដំណាក់កាលសាកល្បង និងបន្ដអភិវឌ្ឍបន្ថែមទៀត។ ស្នាដៃរបស់និស្សិតកម្ពុជាខាងលើនេះ ក៏ទទួលបានការចាប់អារម្មណ៍ ពីបណ្ដាញសារព័ត៌មានអន្តរជាតិល្បីៗ ជាច្រើនផងដែរ៕