ព័ត៌មានជាតិ

កោះក្ងោក នៅឆ្ងាយពីទំនប់វារីអគ្គិសនី សេសានក្រោម២ ប្រហែល ១០គីឡូម៉ែត្រ មានអ្នកនេសាទ៤០គ្រួសារ អាចនឹងក្លាយ ជាតំបន់ទេសចរណ៍

ភ្នំពេញ ៖ កោះក្ងោកនៅមិនឆ្ងាយ ពីទំនប់អគ្គិសនីសេសានក្រោម២ ស្ថិតនៅក្នុងស្រុកសេសាន ក្រោម២ នៅខេត្តស្ទឹងត្រែង នោះ គឺជិះទូកធ្វើពីស្មាច់ ប្រហែល១០គីឡូម៉ែត្រ បានទៅដល់ ។ កោះនេះ ជាកូនកោះតូចមួយ ដែលជនជាតិ នៅតំបន់នោះនិយមហៅថា កោះក្ងោក មានទំហំប្រហែល៣០អា ។ ពួកគាត់ជាអ្នកប្រកបរបរនេសាទត្រី ។ បើតាមអភិបាលស្រុក តំបន់កោះនេះ ទៅថ្ងៃអនាគត នឹងអាចក្លាយជាតំបន់ទេសចរណ៍ មួយដើម្បីពលរដ្ឋទៅទស្សនា ក្រៅពីទៅមើលកំសាន្ត ទំនប់វារីអគ្គិសនីសេសាន ។

នៅលើកោះនោះ សង្កេតឃើញកូនខ្ទម ធំ តូច ប្រហែលជិត៣០ និងក្រុមគ្រួសារអ្នកនេសាទប្រហែល ៤០គ្រួសារ។

ក្នុងហ្វេសប៊ុករបស់លោក សយ សុភាព ប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិនបានឲ្យដឹងថា នៅព្រឹកថ្ងៃ៣០ កញ្ញានេះ អភិបាលស្រុកសេសានក្រោម២ លោក សុវណ្ណ ពិសេដ្ឋ និងលោក បានចុះជួបពួកគាត់ ដែលជាអ្នកនេសាទ ។

បើតាមលោក សយ សុភាព ពួកគាត់ថា ត្រីមិនសូវសម្បូរទេ តែអាចរស់បាន បើធៀបទៅនឹងការនេសាទ នៅស្រុកកំណើតដើម របស់ពួកគាត់នៅស្រុកត្បូងឃ្មុំ តាមដងទន្លេ ។ ពួកគាត់ប្រាប់ថា នៅភូមិកំណើត រកស៊ីនេសាទអត់បានទៀតទេ ដោយសារទឹកទន្លេអត់ចូលបឹង ឬចូលដែរ តែតិចបំផុត ដូច្នេះពួកគាត់មកទីនេះ ដោយដឹងតៗគ្នា ពីអ្នកមុនដែលបានមកដល់ទីនេះ។

ផ្ទាំងពាណិជ្ជកម្ម

ពួកគាត់បន្តថា មកទីនេះ មានប្រពន្ធ-កូនមកជាមួយផងដែរ ។ ទាក់ទងការចាក់វ៉ាក់បង្ការ ជំងឺកូវីដ-១៩វិញ ពួកគាត់បានវិល ទៅចាក់នៅភូមិកំណើតគ្រប់គ្នាៗ អស់ហើយរួមទាំងកូនៗផងដែរ ។

ចំណែកអភិបាលស្រុកសេសាន លោក សុវណ្ណ ពិសេដ្ឋ បានឲ្យដឹងថា “ជាគោលការណ៍អាជ្ញាធរខេត្តមិនអនុញ្ញាតិឲ្យស្នាក់នៅទេហើយឲ្យរុះរើតូប ឬខ្ទមទាំងនោះចេញ។ ប៉ុន្តែបើបានជាមកបោះខ្ទមនៅទីនោះហើយ ត្រូវចូលរួមអនុវត្តន៍តាមវិធានរដ្ឋបាល និងរៀបចំឲ្យមានសណ្តាប់ធ្នាប់ ថែរក្សាបរិស្ថាន អនាម័យ ដែលថ្ងៃអនាគត កោះក្ងោកនេះអាចក្លាយជាតំបន់ទេសចរណ៍ដែលគទៅកំសាន្តក្រៅពីមើលទំនប់វារីអគ្គិសនីសេសានក្រោម២”។

លោកថា អនាគត កោះក្ងោកនេះ អាចក្លាយជាតំបន់ទេសចរណ៍ ដែលមានអ្នកទៅកំសាន្ត ក្រៅពីមើលទនប់វារីអគ្គិសនីសេសានក្រោម២ ៕

To Top
×