ភ្នំពេញ៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវដ្ឍន៍ជនបទ និងកសិកម្ម (ARDB) ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ដែលកាន់តួនាទី ជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។
ការមានសញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិនាពេលនេះ គឺជាអ្នកទទួលខុសត្រូវលើជោគវាសនា និងផលប្រយោជន៍ជាតិខ្មែរ ត្រូវហ៊ានលះបង់អ្វីៗគ្រប់បែបយ៉ាងទាំងអស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជនខ្មែរ ព្រមទាំងបង្ហាញពីភាពស្មោះត្រង់ចំពោះជាតិ បញ្ចៀសពីការជ្រៀតជ្រែករបស់បរទេស ។
អនុសាសន៍ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាការតម្រង់ទិសបន្ថែមជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីបន្តជ្រើសរើសថថ្នាក់ដឹកនាំជាតិ ប្រកបដោយគុណវុឌ្ឍិផ្អែក ចំណេះដឹង បទពិសោធន៍ ទេពកោសល្យ ភាពឈ្លាសវៃ ប៉ិនប្រសប់ គតិបណ្ឌិត ភាពចាស់ទុំលើយុទ្ធសាស្ត្រដឹកនាំ និងតែងតែរួមសុខរួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋ នៅគ្រប់ដំណាក់កាលទាំងអស់ គិតចាប់ពីដំណាក់កាលរំដោះជាតិមាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត ដំណាក់កាលស្តារ នឹងកសាងប្រទេសជាតិពីបាតដៃទទេ ឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងការខិតខំដោះស្រាយបញ្ហាប្រឈមជាសកល នៃការរីករាលដាលជំងឺកូវីដ១៩ បានល្អប្រសើរ ដូចពេលបច្ចុប្បន្ន ។ ទទឹមនឹងនេះ ការរៀបចំធ្វើវិសោធនកម្មកំណត់ឲ្យមានសញ្ជាតិខ្មែរតែមួយ ចំពោះជាតិ និងប្រជាជន ជាពិសេសដើម្បីបញ្ជៀសបាននូវការជ្រៀតជ្រែកពីសំណាក់បរទេស ដូចក្នុងពេលអតីតកាល ដែលអ្នកនយោបាយខ្មែរមួយក្តាប់តូចមានសញ្ជាតិពីរ ឬសញ្ញាតិច្រើន តែងតែពឹងពាក់បរទេស ដើម្បីដាក់សម្ពាធ ឬធ្វើទុក្ខបុកម្នេញមកលើជាតិសាសន៍ និងប្រជាជនខ្លួនឯង ដោយមិនបានគិតគូរ ពីផលប្រយោជន៍ និងសុខទុក្ខរបស់ប្រជាជនឡើយ៕