ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាអាជ្ញាធរខេត្ត ជាប់ព្រំដែន ត្រូវធានាព្រំដែន សន្តិភាព ដើម្បីធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋមានទីផ្សារលក់ ផលិតផលបានកាន់តែច្រើន ជាពិសេស ជំរុញចរាចរណ៍ ផ្លាស់ប្ដូរទំនិញ ទៅវិញ ទៅមក ។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តបាត់ដំបងថ្មី នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តបាត់ដំបង សម្ដេចស ខេង បានឲ្យដឹងថា បច្ចុប្បន្នពេលព្រំដែនកម្ពុជា បានបិទចរាចរណ៍ ចំពោះភ្ញៀវទេសចរណ៍ ក៏ប៉ុន្ដែសម្រាប់ការដឹកជញ្ជូន ទំនិញវិញ ដំណើរការធម្មតា។
សម្ដេចមានប្រសាសន៍ថា «ត្រូវបង្កលក្ខណៈសម្បត្តិ និងជួយជ្រោមជ្រែង ដើម្បីរកទីផ្សារជូនប្រជាពលរដ្ឋ ដោយការដឹកជញ្ជូន ផលិតនានាទៅលក់នៅថៃ ឬថា ទំនិញនានាពីថៃ មកកម្ពុជាវិញ ប៉ុន្ដែទេសចរណ៍ យើងបិទមិនឲ្យចេញ-ចូល ក៏ប៉ុន្ដែសម្រាប់ទំនិញ យើងអត់បានបិទឡើយបើកធម្មតា»។
សម្ដេចក៏បានណែនាំដល់អាជ្ញាធរជាប់ព្រំដែន ត្រូវខិតខំផ្លាស់ប្ដូរទំនិញ របស់ប្រជាពលរដ្ឋតាមតំបន់ព្រំដែន ឲ្យបានកាន់តែច្រើនបន្ថែមទៀត ជាពិសេស ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ទប់ស្កាត់បទល្មើសឆ្លងដែន គ្រប់ប្រភេទ ព្រមទាំង បទល្មើសគ្រឿងញៀន និងបទល្មើសឆ្លងដែន ខុសច្បាប់ ជាដើម។
ជាងនេះទៅទៀត សម្ដេច ឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំបន្ថែមទៀត ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តទាំងអស់ ត្រូវបន្តភារកិច្ច ការពារបូរណភាពទឹកដី ឲ្យបានជាដាច់ខាតជាមួយនឹង ការខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ខេត្តជាប់ព្រំដែន ដើម្បីធានាព្រំដែន សន្តិភាព និងអភិវឌ្ឍន៍ ផងដែរ៕