ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ ខេត្តកំពង់ចាម ប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនគ្រួសារទីទ័លក្រ នៅស្រុកស្ទឹងត្រង់

កំពង់ចាម ៖ លោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខា កាកបាទក្រហមខេត្ត រួមនិងសហការី នៅថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០២១ នេះ បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនដល់គ្រួសារក្រីក្រ រស់នៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

នាយកប្រតិបត្តិ សាខាកាកបាទក្រហមខេត្តកំពង់ចាម លោកទូច ឆៃ បានឲ្យដឹងថា ផ្ទះថ្មី ១ខ្នង នោះផ្តល់ ជូន ស្រ្តីឈ្មោះសន វី អាយុ ៣៦ឆ្នាំ ជាស្រីមេម៉ាយទ័លលំបាក មានកូនប្រុសស្រី ៦នាក់ និងចៅស្រី ១នាក់ ក្នុងបន្ទុក រស់នៅភូមិដីលើ ឃុំ ពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

លោកទូច ឆៃ បានរំលឹកថា កាលពី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ លំនៅដ្ឋាន ស្រ្តី សន វី ដែលធ្វើពីឈើ ប្រក់សង្កសី ១ខ្នង ទំហំ ៥ម×៧ម ត្រូវអគ្គីភ័យឆាបឆេះបំផ្លាញ អស់ទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី ។ ទន្ទឹមនិងនោះដែរ លោក អ៊ុន ចាន់ដា ប្រធានសាខា បានចាត់តំណាង ចុះផ្តល់ជំនួយសង្រ្គោះបន្ទាន់ ដល់គ្រួសាររងគ្រោះ ។ រីឯ លោក ហ៊ុន ណេង ក៏បានអញ្ជើញ ចុះពិនិត្យស្ថានភាពជន រងគ្រោះដោយផ្ទាល់ ហើយបានសម្រេចផ្តល់ផ្ទះថ្មី ១ខ្នង ជូនស្រ្តី សន វី ដើម្បីបានស្នាក់នៅសមរម្យ ។

ជាមួយគ្នានោះដែរ ដេីម្បីជួយសម្រាលដល់ជីវភាពរស់នៅ របស់គ្រួសារនោះ សាខាកាកបាទក្រហមខេត្ត បានផ្តល់ជូនអំណោយ ជាសម្ភារ:គ្រឿងឧបភោគ បរិភោគ រួមមាន ៖ អង្ករ ៥០គីឡូ, មី ២ កេស, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប, ទឹកស៊ីអ៊ីវ ១២ដប, ឃីត (មុង ភួយ សារុង ក្រមា) ២កញ្ចប់, អាវយឺត ១៦, សម្ភារផ្ទះបាយ និងសម្ភារប្រេីប្រាស់ក្នុងផ្ទះមួយចំនួន ព្រមទាំងថវិកា ២០០,០០០ រៀល និងថវិកា លោក ហ៊ុន ណេង ឧបត្ថម្ភបន្ថែមចំនួន ៥០០ ដុល្លារអាមេរិកផងដែរ ។

To Top