ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ដើម្បីលើកកម្ពស់ចីរភាព និងភាពធន់ នៃការអភិវឌ្ឍ តំបន់ អាស៊ានត្រូវផ្តោត ជាសំខាន់ ក្នុងការជំរុញ ការបរិវត្តកម្មឌីជីថល សង្គម-សេដ្ឋកិច្ច ជាពិសេស លើកកម្ពស់ការចាប់ យកបច្ចេកវិទ្យា ឌីជីថលសម្រាប់ធុរកិច្ច។
ក្នុងពិធីបិទកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ក្រោមប្រធានបទ «កសាងអនាគឌីជីថលប្រកបដោយចីរភាពរបស់យើង» នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការវិវត្តរីក ចម្រើន នៃវិស័យសេដ្ឋកិច្ចឌីជីថល កំពុងនាំមកនូវ កាលានុវត្តភាពជាច្រើន ដែលមិនត្រឹមតែផ្តល់ នូវប្រភពកំណើន សេដ្ឋកិច្ចថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយបង្កើន ផលិតភាពសេដ្ឋកិច្ចទៀតផងដែរ។
សម្ដេចតេជោ បានបញ្ជាក់ថា «ក្នុងបរិការណ៍នេះ ដើម្បីលើកកម្ពស់ ចីរភាព និងភាពធន់ នៃការអភិវឌ្ឍតំបន់ អាស៊ាន ត្រូវផ្តោតជាសំខាន់ ក្នុងការជំរុញការ បរិវត្តកម្ម ឌីជីថលសង្គម-សេដ្ឋកិច្ច ជាពិសេសលើក កម្ពស់ ការចាប់យកបច្ចេកវិទ្យា ឌីជីថល សម្រាប់ធុរកិច្ច តាមរយៈការរៀបចំអភិបាល កិច្ចរួមសម្រាប់ការ អភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធឌីជីថល ដែលរាប់បញ្ចូលទាំងការកំណត់ស្ដង់ដារ បទប្បញ្ញត្តិ ឯកជនភាព ការចែករំលែក ទិន្នន័យ និងការតភ្ជាប់ឌីជីថល ដោយផ្តោត លើការអនុវត្តផែនការ មេឌីជីថលអាស៊ាន ឆ្នាំ២០២៥ ព្រមទាំងគំនិតផ្ដួចផ្តើម ពាក់ព័ន្ធដទៃទៀត»។
សម្តេចតេជោ បានបន្តថា ការពន្លឿនការធ្វើសមាហរណកម្មតំបន់ និងសកល ក៏ជាកិច្ចការអាទិភាពបំផុត មួយផងដែរ ក្នុងការជំរុញកាស្តារ និងជំរុញកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព ។ អាស៊ានត្រូវបន្តប្រកាន់ខ្ជាប់អភិក្រម ពហុភាគីនិយម ពង្រឹងសកលភាវូបនីយកម្ម និងខិតខំជំរុញការសម្រេច បាននូវរបៀបវារៈនៃការធ្វើសមាហរណកម្មតំបន់ ក្រោមចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥ ដើម្បីពង្រឹងការតភ្ជាប់ឱ្យ កាន់តែស្អិតរមួតរវាងសរសៃ ឈាមសង្គម និងជីវភាពសេដ្ឋកិច្ច ។
សម្ដេចតេជោ បានបញ្ជាក់ទៀតថា «យើងត្រូវបង្កើនការយកចិត្ត ទុកដាក់ខ្ពស់ចំពោះកិច្ចការសំខាន់ៗរួមមាន៖ ការជំរុញ ការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មសេវាកម្ម និងវិនិយោគឱ្យកាន់តែពេលលេញ និងស៊ីជម្រៅ, ការសម្រួល ការធ្វើដំណើរឆ្លងដែនឡើងវិញប្រកបដោយសុវត្ថិភាព, ការបង្កើនសមត្ថភាពមីក្រូសហគ្រាស, សហគ្រាសធុនតូច និងមធ្យម (MSMEs) ជាដើម»។
ឆ្លៀតយកឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីតួនាទីសំខាន់ៗ មួយចំនួនរបស់វិស័យឯកជន ក្នុងការរួមចំណែកសម្រេចឱ្យ បាននូវការងារអាទិភាព និងផែនការការងារ អាស៊ានក្នុងឆ្នាំ ២០២២ ដូចតទៅ៖
ទី១-ត្រូវទាញប្រយោជន៍ជា អតិបរមាពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីតំបន់អាស៊ាន ដែលមានស្រាប់ ជាពិសេសកិច្ចព្រមព្រៀង អាសិប (RCEP) ដែលគ្រោងនឹងចូលជាធរមាននៅដើមឆ្នាំ២០២២ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសការជំរុញ វិនិយោគផ្ទាល់ពីបរទេស ដើម្បីបង្កើតការងារ, បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច ។
ទី២-ចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើ ជាពិសេសការអភិឌ្ឍជំនាញឌីជីថល, ព្រមទាំងការលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការចូលរួមសហការជាមួយធុរកិច្ច និងវិនិយោគផ្ទាល់ពីបរទេស ដែលជួយការកាត់បន្ថយគម្លាតឌីជីថល និងការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថលក្នុងតំបន់។
ទី៣-លើកកម្ពស់កិច្ច សហការ រវាងវិស័យសាធារណៈ និងវិស័យឯកជន ជាពិសេស តាមរយៈយន្តការ ភាពជាដៃគូវាងរដ្ឋ និងឯកជន ក្នុងគោល បំណងកៀរគរ ធនធាន ហិរញ្ញវត្ថុមក ប្រើប្រាស់ក្នុង ការអភិវឌ្ឍ និងការអនុវត្តគំនិតផ្ដួចផ្តើមនានា ដើម្បីជួយបំពេញតម្រូវការ ផ្នែកហិរញ្ញវត្ថុ សម្រាប់ការស្តារ ឡើងវិញនូវកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ៕