ព័ត៌មានជាតិ

ចាប់ពីថ្ងៃ២៧តុលា ដល់២វិច្ឆិកា បណ្ដាខេត្តមួយចំនួន នឹងមានភ្លៀងធ្លាក់ លាយឡំខ្យល់កន្ត្រាក់

ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់នៅថ្ងៃទី២៦ តុលាឆ្នាំ២០២១ថា ចាប់ពីថ្ងៃទី២៧តុលា ដល់ថ្ងៃទី២វិច្ឆិកា តំបន់មួយចំនួនរបស់ប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ពីតិចទៅខ្លាំងលាយឡំនឹងបាតុភូតខ្យល់កន្ត្រាក់។
យោងតាមសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១បានឲ្យដឹងថាក្នុងសប្ដាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជានឹងទទួល ឥទ្ធិពលជាបន្តបន្ទាប់ ដោយ ពីថ្ងៃទី២៧-២៨ ខែតុលា ឥទ្ធិពលពីសម្ពាធទាប – ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ។

ក្រសួងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមាន សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេនឹងសីតុណ្ហភាពអតិបរមា មានព៌ ២៩-៣១ អង្សាសេ។ នៅថ្ងៃទី២៧-២៨ ខែតុលា អាចនឹងមានភ្លៀងក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់ ដែល អាចបង្កជាជំនន់ទឹកភ្លៀងមានជាអាទិ៍ខេត្ដ ៖ ព្រៃវែង , ស្វាយរៀង , កណ្ដាល , តាកែវ, កំពង់ស្ពឺ កំពង់ឆ្នាំង , ពោធិ៍សាត់ និងរាជធានីភ្នំពេញ ។ បន្ទាប់ពីនោះ ភ្លៀងអាចនឹងបន្តធ្លាក់ក្នុងកម្រិត ពីខ្សោយ ទៅមធ្យមតែប៉ុណ្ណោះ ។

ចំណែកនៅបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមាន សីតុណ្ហភាពអប្បបរមា មានពី ២១-២៣អង្សាសេនឹងសីតុណ្ហភាពអតិបរមា មានពី ២៧-២៩អង្សាសេ។ នៅថ្ងៃទី២៧-២៨ ខែតុលាអាចនឹងមានភ្លៀងក្នុងកម្រិតពីបង្ហូរទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់ អាចបង្ក ជាជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខេត្ត ៖ មណ្ឌល់គិរី, ត្បូងឃ្មុំ និងកំពង់ចាម ។ បន្ទាប់ពីនោះ ភ្លៀងអាច នឹងបន្តធ្លាក់ក្នុងកម្រិត ពីខ្សោយទៅមធ្យមតែប៉ុណ្ណោះ ។

ដោយឡែកនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេនឹងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ អាចនឹងមានភ្លៀង ក្នុងកម្រិតពីមធ្យមទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់ អាចបង្កជាជំនន់ទឹកភ្លៀងក្នុង ភូមិសាស្ត្រខេត្តកំពត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ ។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រខ្ពស់ បន្ទាប់ពីនោះ ភ្លៀងនឹងធ្លាក់ចុះក្នុងកម្រិត ពីខ្សោយទៅមធ្យមតែប៉ុណ្ណោះ ។

ក្រសួងថាអាស្រ័យស្ថានភាព អាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងបង្កើនការ យកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានជាយថាហេតុ ៕

To Top
×