ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ ជម្រះបណ្តឹងឧទ្ធរណ៍ ពិរុទ្ធជនគ្រឿងញៀន២នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម ដាក់គុកម្នាក់ៗ ៣០ ឆ្នាំ ពាក់ព័ន្ធការរក្សាទុក និងជួញដូរគ្រឿងញៀនជាងកន្លះគីឡូក្រាម

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ
កាលពីព្រឹកថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍ ពិរុទ្ធជនគ្រឿងញៀន ចំនួន ២នាក់ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស ដាក់ពន្ធធានាគារ ម្នាក់ៗ កំណត់ ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក និង ជួញដូរគ្រឿងញៀនទម្ងន់ជាង កន្លះ គីឡូក្រាម ប្រព្រឹត្តនៅក្នុងខណ្ឌទួលគោក, រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៦។

លោកស្រី​ ទិតសុទ្ធី បូរ៉ាល័ក្ខណ៍ ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បានថ្លែងអោយដឹងថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទទាំង២នាក់ មានឈ្មោះ ឡោង សុធារិទ្ធ ភេទ ប្រុស រស់នៅភូមិ ២ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ និង ម្នាក់ទៀត មាន ឈ្មោះ គីម សុខហៃ ភេទប្រុស រស់នៅភូមិ ២ សង្កាត់ផ្សារដេប៉ូ , ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោកជំទាវចៅក្រមបានបញ្ជាក់ថា ពួកគេទាំង២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៧ កាត់ទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ៣០ ឆ្នាំ ពីបទ ” រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន” តាមបញ្ញាតិ មាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

តែពួកគេបានប្តឹងជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានី ភ្នំពេញ មកកាន់សាលាឧទ្ធរណ៍។

ពួកគេទាំង២នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្ទះសំណាក់ មួយ កន្លែង ដែលមានទីតាំង សិត្ថក្នុងសង្គាត់ផ្សារដេប៉ូ ទួលគោក រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ដកហូតបានគ្រឿងញៀន ចំនួន ២១ កព្ចាប់ មានទម្ងន់សរុប ៥០០, ២៧ ក្រាម។

នាពេលសវនាការ ជនជាប់ចោទទំាងពី បានឆ្លើយសារភាពថា ពួកគេទំាងពិតជាបានប្រព្រឹត្ត ដូចការចោទប្រកាន់មែន ។

សាលាឧទ្ធរណ៍ រាជធានីភ្នំពេញនឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១៕ដោយ រស្មី អាកាស

To Top