ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ ជម្រះបណ្តឹងឧទ្ធរណ៍ អតីតមេភូមិម្នាក់ ដែលត្រូវបានតុលាការ ថ្នាក់ក្រោម ដាក់គុក ១២ឆ្នាំ ពាក់ព័ន្ធការ សម្លាប់ស្រីស្នេហ៍ រួចដុតសាកសពចោល ដើម្បីបំបាត់ភស្តុតាង!!

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០២១ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍ បុរសជាប់ចោទម្នាក់ ដែលត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង
កាលពីឆ្នាំមុន កាត់ទោស ដាក់ពន្ធនាគារ កំណត់ ១២ ឆ្នាំ ជាប់ពាក់ព័ន្ធអំពើឃាតកម្ម–សម្លាប់ស្រ្តីម្នាក់ ដែលត្រូវជាដៃគូស្នេហា-រួចដុតសាកសពនាងចោលភ្លាមៗ-ដើម្បីលុបបំបាត់ភស្តុតាង ប្រព្រឹត្តនៅក្នុងភូមិ ក្រំាងកន្រ្ទេាស ឃុំពាម ស្រុក សាមគ្គីមានជ័យ ខេត្ត កំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ ២០២០ ។

លោកស្រី ទិតសិទ្ធី បូរ៉ាល័ក្ខណ៍ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានអោយថ្លែងដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ញ៉េប សុខុម ភេទ ប្រុស អាយុ ៦៨ ឆ្នាំ មានមុខរបរមុន ចាប់ឃាត់ខ្លួន ជា មេភូមិ រស់នៅភូមិ គ្រាំ កន្ទ្រោល ឃុំ ពាម ស្រុក សាមគ្គី មាន ជ័យ ខេត្ត កំ ពង់ ឆ្នាំង។

ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ជា ថន ភេទ ស្រី អាយុ ៥៦ ឆ្នាំ (ត្រូវជាប្អូនស្រីថ្លៃ និង គូស្នេហាលួចលាក់នឹងគ្នា)
និងរស់នៅ-នៅក្មុងភូមិ-ឃុំ-ស្រុក ជាមួយគ្នានឹងជនជាប់ចោទ។

លោកស្រីចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ, ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីខែធ្នូ ឆ្នាំ ២០២០ សម្រេច ផ្តន្ទាទោសគាត់ ដាក់ពន្ធនាគារ កំណត់ ១២ ឆ្នាំ និង បង្គាប់អោយគាត់ សងសំណងជម្ងឺចិត្តដល់ម្តាយជនរងគ្រោះ ដែលជាភាគីដើមបណ្ដឹងចំនួន ២០លានរៀល ។

តែគាត់ប្តឹងបានជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការខេត្តកពង់ឆ្នាំង មកសាលាឧទ្ទរណ៍រាជធានីភ្នំពេញ ។

ជនជាប់ចោទ ញ៉េប សុខុម ត្រូវបានជាប់ចោទពីបទ« ឃាតកម្ម និង លុបបំបាត់ភស្តុតាង » តាមបញ្ញត្តិមាត្រា ១៩៩ និង ៥៣១ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២០ក្នុង ភូមិ គ្រាំ កន្ទ្រោល ឃុំ ពាម ស្រុក សាមគ្គី មាន ជ័យ ខេត្ត កំ ពង់ ឆ្នាំង។

នាពេលសវនាការ ជនជាប់ចោទ ញ៉េប សុខុម បានឆ្លើយបដិសេធ ចំពោះការចោទ និង ការផ្តន្ទាទោស ដាក់គុក គុក កំណត់១២ ឆ្នាំ អំពីសំណាក់តុលាការខេត្តកំពង់ឆ្នាំង ពីព្រោះ គាត់មិនបានប្រព្រឹត្តដូចការចោទឡើយ ។

ញ៉េប សុខុម បាននិយាយថា ខ្លួន និង ជនរងគ្រោះ គឺជាបងប្អូនសាច់ថ្លៃ នឹងគ្នា ហើយក៏ជាគូស្នេហាលួចលាក់នឹងគ្នាផងដែរ។
ពួកគេមានទំនាក់ទំនងស្នេហា និង រួមភេទជាមួយគ្នា ដោយលួចលាក់ ជាង៥ ឆ្នាំ មកហើយ តែប្រពន្ធ ឬ ប្តីរបស់ជនរងគ្រោះ ( ប្តីជនរងគ្រោះ ពិការភ្នែក)
មិនបានដឹងអំពី ទំនាក់ទំនងស្នេហាលួចលាក់របស់ពួកគេ នោះឡើយ។

គាត់និយាយទៀតថា នៅថ្ងៃកើតហេតុ, ខ្លួន និង ជនរងគ្រោះ បានណាត់គា្ន និង ទៅជួបគ្នា នៅឯខ្ទមចំការរបស់ជនរងគ្រោះ នៅចុងភូមិ និង ជាកន្លែងស្ងាត់ ដើម្បីរួមរក្សមេត្រីនឹងគ្នា ដូចទម្លាប់ធម្មតាកន្លងមក។

គាត់បានបន្តថា ក៏ប៉ុន្តែ ខណៈពួកគេកំពុងតែរួមភេទជាមួយគ្នានោះ, ស្រាប់តែជម្ងឺចាស់ (ជម្ងឺបេះដូង) របស់ជនរងគ្រោះបានរើឡើង និង បណ្តាលឲ្យនាងត្រូវគាំងបេះដូងស្លាប់ភ្លាមៗ តែម្តងទៅ –ទោះបីជាគាត់ខិតខំជួយអន្តរាគម និង ជួយសម្រួលចលនា ដង្ហើមដល់នាងក៏ដោយ។

គាត់បានបន្ថែមថា បន្ទាប់ពីជនរងគ្រោះ ត្រូវបានស្លាប់ដោយសារជម្ងឺគាំងបេះដូង, ខ្លួនមានការភិតភ័យយ៉ាងខ្លាំង ពីព្រោះ ខ្លាចអ្នកភូមិឃើញ និង ចោទថា ខ្លួនជាអ្នកសម្លាប់ជនរងគ្រោះ, ខ្លួនក៏បែកគំនិត ដុតសាកសពរបស់ជនរងគ្រោះ ដើម្បីបំបាត់ភស្តុតាងតែម្តងទៅ។

ជនជាប់ចោទ ញ៉ែប សុខុម បានសំណូមពរដល់ក្រុមប្រឹក្សាចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ មេតា្តជួយ ជួយរកការពិត និង យុត្តិធម៌ ដល់រូបគាត់ផង។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃ ទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះ៕

ដោយ: រស្មី អាកាស

To Top