ព័ត៌មានជាតិ

កម្ពុជា ស្វាគមន៍សំណើ របស់ឥណ្ឌា កំណត់យកឆ្នាំ ២០២២ ជា «ឆ្នាំ មិត្តភាពអាស៊ាន-ឥណ្ឌា»

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ ចំពោះសំណើ របស់ឥណ្ឌា ក្នុងការកំណត់យកឆ្នាំ ២០២២ ជា «ឆ្នាំ មិត្តភាពអាស៊ាន-ឥណ្ឌា» ដើម្បីអបអរសាទរខួបទី៣០ នៃទំនាក់ទំនងដៃគូ សន្ទនាអាស៊ាន-ឥណ្ឌា ។

ថ្លែងក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌា លើកទី១៨ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងបរិការណ៍ នៃការកើនឡើង នូវនិន្នាការគាំពារនិយម និង បដិសកលភាវូបនីយកម្ម, កម្ពុជានៅតែមានការជឿជាក់ យ៉ាងមុតមាំ លើយន្តការពហុភាគីនិយម ជាពិសេសក្នុងបរិបទ នៃការដោះស្រាយ វិបត្តិនៃជំងឺ កូវីដ-១៩ និងការស្តារនិង ការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ។ ក្នុងន័យនេះ កម្ពុជាសូមសង្កត់ធ្ងន់ ពីសារៈសំខាន់ នៃការកសាងទំនុកចិត្តក្នុងតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការ ជាក់ស្ដែង ស្របតាមគោលបំណង និងគោលការណ៍ នៃទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និង គំនិតផ្តួចផ្ដើមមហាសមុទ្រ ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ឥណ្ឌា ។ កម្ពុជាក៏សូមសម្តែងនូវ ការគាំទ្រចំពោះការដាក់ចេញនូវ សេចក្តីថ្លែងការណ៍ រួមអាស៊ាន-ឥណ្ឌា ស្តីពីកិច្ចសហប្រតិបត្តិការ លើទស្សនវិស័យអាស៊ានស្តីពី ឥណ្ឌូ-ប៉ាស៊ីហ្វិក ។

ប្រមុខរដ្ឋាភិបាលកម្ពុជា បន្តថា កិច្ចសហប្រតិបត្តិការ អាស៊ាន-ឥណ្ឌា នឹងបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារឡើងវិញនូវ សកម្មភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម និង ការវិនិយោគ ។ ក្នុងស្មារតីនេះ កម្ពុជាសូមស្វាគមន៍ចំពោះគំនិតផ្តួចផ្ដើមរៀបចំ និងធ្វើឱ្យប្រសើរឡើង នូវកិច្ចព្រមព្រៀងនានា រវាងអាស៊ាន-ឥណ្ឌា ជាពិសេសការរៀបចំ កិច្ច ព្រមព្រៀងពាណិជ្ជកម្ម ទំនិញអាស៊ាន-ឥណ្ឌា (AITIGA) ឱ្យមានលក្ខណៈកាន់តែសាមញ្ញ និងសេរីជាងមុន ។

ក្នុងបរិការណ៍ដែលអាស៊ាន ក៏ដូចជាសកលលោកទាំងមូល បាននិងកំពុងទទួលរងនូវ ឥទ្ធិពលពី វិបត្តិនៃជំងឺកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលឥណ្ឌា ក្នុងការចូលរួមចំណែក ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។

ជាមួយគ្នាផងដែរ សម្ដេចតេជោ សូមចូលរួម ជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ សម្តែងនូវអំណរគុណ ចំពោះរដ្ឋាភិបាលឥណ្ឌា ដែលតែងតែគាំទ្រកិច្ចខិតខំ ប្រឹងរបស់អាស៊ាន ដើម្បីសម្រេចនូវ សមាហរណកម្មអាស៊ាន តាមរយៈ គំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (II) និង សូមលើកទឹកចិត្តឱ្យឥណ្ឌា បន្តគាំទ្រដល់ការអនុវត្ត ផែនការការងារដំណាក់កាលទី ៤ ឆ្នាំ ២០២១-២០២៥ នៃគំនិតផ្តួចផ្តើមនេះ ជាពិសេស ជុំវិញការអភិវឌ្ឍ វិស័យតភ្ជាប់ផ្នែករូបវន្ត និងឌីជីថលូបនីយកម្មក្នុងវិស័យអប់រំ ។

ប្រមុខរដ្ឋាភិបាលកម្ពុជា សូមស្វាគមន៍ ចំពោះសំណើ របស់ឥណ្ឌា ក្នុងការកំណត់យកឆ្នាំ ២០២២ ជា «ឆ្នាំ មិត្តភាពអាស៊ាន-ឥណ្ឌា» ដើម្បីអបអរសាទរខួបទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថាទំនាក់ទំនង អាស៊ាន-ឥណ្ឌា នឹងកាន់តែមានភាពរឹងមាំ ហើយក្នុងនាមជាប្រធាន អាស៊ាន នៅឆ្នាំ២០២២, កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការរៀបចំប្រារព្ធ និងអបអរសាទរ ឱកាសដ៏វិសេស វិសាលនេះ ៕

To Top
×