ព័ត៌មានជាតិ

ប្រមុខរដ្ឋាភិបាលអាស៊ាន ស្នើឥណ្ឌា បន្តគាំទ្រក្នុងកិច្ចសហប្រតិបត្តិការ អនុតំបន់ទន្លេមេគង្គ

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌា លើកទី១៨ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ប្រមុខរដ្ឋាភិបាលអាស៊ាន ស្នើឥណ្ឌា បន្តការគាំទ្រជាពិសេស ទៅលើកិច្ចសហប្រតិបត្តិការ នៅក្នុងអនុតំបន់ទន្លេមេគង្គ។ នេះបើយោងតាមហ្វេសប៊ុកផេក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាននិងឥណ្ឌា បានអនុម័តលើសេចក្តីប្រកាសរួម អាស៊ាននិងឥណ្ឌា ស្តីពីកិច្ចសហប្រតិបត្តិការ លើចក្ខុវិស័យអាស៊ាន ស្តីអំពីឥណ្ឌូប៉ាស៊ីហ្វិក។

ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា បាន លើកចំណុចមួយចំនួន ជាពិសេសបានមើលឃើញថា ទោះបីមានវិបត្តិកូវីដ១៩ក្តី តែកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងឥណ្ឌា នៅតែមានភាពល្អប្រសើរ និងមានការរីកចម្រើន។

ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា បានចាត់ទុកឆ្នាំ២០២២ខាងមុខនេះ ជាឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា ព្រោះជាខួប៣០ឆ្នាំ នៃដៃគូសន្ទនារវាងអាស៊ាន និងឥណ្ឌា។ ជាពិសេសក្នុងខួប ៣០ឆ្នាំនៃទំនាក់ទំនងនេះ ត្រូវជំរុញយ៉ាងណាឱ្យមានកម្មវិធី និងសកម្មភាពនានា ដើម្បីអបអរសាទរខួប ៣០ឆ្នាំនៃទំនាក់ទំនងនេះ។

ប្រមុខរដ្ឋាភិបាលអាស៊ាន បានស្វាគមន៍ចំពោះ ការគាំទ្ររបស់ឥណ្ឌា ចំពោះកិច្ចប្រឹងប្រែងរបស់អាស៊ាន ក្នុងការស្តារប្រទេសតំបន់អាស៊ានឡើងវិញ ពីវិបត្តិជំងឺកូវីដ១៩ និងបានអរគុណឥណ្ឌា ដែលបានផ្តល់វិភាគទាន ១លានដុល្លារ សម្រាប់មូលនិធិអាស៊ាន ឆ្លើយតបវិបត្តិជំងឺកូវីដ១៩នេះ។

ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា បានប្តេជ្ញានៅតែខិតខំជំរុញ និងពង្រឹងទៅលើ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ ថាមពល ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងសេដ្ឋកិច្ចឌីជីថល។ ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា បានលើកទឹកចិត្តឱ្យក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-ឥណ្ឌា បន្តជំរុញតួនាទីរបស់ខ្លួនក្នុងការ លើកតម្កើងការធ្វើពាណិជ្ជកម្ម រវាងតំបន់អាស៊ាន និងឥណ្ឌា។

ប្រមុខរដ្ឋាភិបាលអាស៊ាន ថ្លែងអំណរគុណដល់ឥណ្ឌា ដែលបានផ្តល់ការគាំទ្រក្នុងការ កសាងសមត្ថភាពរបស់អាស៊ាន តាមរយៈការបណ្តុះបណ្តាល ដោយផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត ១ពាន់កន្លែង សម្រាប់និស្សិតប្រទេសសមាជិកអាស៊ាន ដើម្បីទៅសិក្សានៅឥណ្ឌា។

ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា ទទួលស្គាល់នូវសារសំខាន់នៃ ការពង្រឹងកិច្ចសហប្រតិបត្តិការ លើការតភ្ជាប់អាស៊ាន។ ជាពិសេសត្រូវខិតខំជំរុញបន្ថែមទៀត នូវផែនការមេស្តីពីការ តភ្ជាប់អាស៊ានឆ្នាំ២០២៥។ ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា ក៏បានវាយតម្លៃខ្ពស់ និងផ្តល់សារសំខាន់ទៅលើទស្សនទាន អាស៊ានស្តីពីនយោបាយឥណ្ឌូប៉ាស៊ីហ្វិក។ ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា បានយល់ថា អាស៊ាន និងឥណ្ឌា ត្រូវជំរុញកិច្ចសហប្រតិបត្តិការគ្នា ធ្វើយ៉ាងណាឱ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រក្សាបានសន្តិភាព ស្ថិរភាព និងសន្តិសុខ។

នៅក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន បានស្នើឥណ្ឌា បន្តការគាំទ្រជាពិសេសទៅលើ កិច្ចសហប្រតិបត្តិការ នៅក្នុងអនុតំបន់ទន្លេមេគង្គ។ កិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា បានពិភាក្សាបញ្ហាតំបន់ មានដូចជាបញ្ហាសមុទ្រចិនខាងត្បូង និងវិបត្តិនៅមីយ៉ាន់ម៉ាផងដែរ៕

To Top