ភ្នំពេញ ៖ អង្គការមូលនិធិ ថែទាំសុខភាព អ្នកជំងឺអេដស៍ (AHF) តាមរយៈយុទ្ធនាការ ទាមទារឲ្យ មានការចាក់វ៉ាក់សាំង ទូទាំងពិភពលោក Vaccinate Our World ហៅកាត់ថា VOW បានលើកឡើងថា ដើម្បីជាការត្រៀម ក្នុងការតស៊ូមតិចុងក្រោយ មុនកិច្ចប្រជុំកំពូល G2០ នៅចុងខែតុលា ឆ្នាំ២០២១ ប្រព្រឹត្តទៅនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី និងបន្តខិតខំប្រឹងប្រែង ជំរុញឲ្យមេដឹកនាំ នៃបណ្ដាប្រទេស អ្នកមានលើពិភពលោក ធានាឲ្យបាននូវសិទ្ធិ ទទួលបានវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជាសកល។
![](https://dap-news.com/wp-content/uploads/2021/10/photo_2021-10-28_15-52-35-1-1024x682.jpg)
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី នៃអង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍ (AHF) បានអំពាវនាវថា លុះត្រាតែមេដឹកនាំG20 ប្តេជ្ញាចំពោះកិច្ច សហប្រតិបត្តិការ អន្តរជាតិ ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ ។ លោកថា គ្មានប្រទេសណា មានសុវត្ថិភាពទេ ទាល់តែប្រទេសទាំងអស់ ត្រូវចេះបានការពារ។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា គិតត្រឹមពាក់កណ្ដាលខែតុលានេះ មានជិតពាក់កណ្ដាល នៃប្រជាជន ពិភពលោក បានទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ហើយភាគច្រើនបានប្រើប្រាស់ ឬចាក់នៅក្នុង បណ្ដាប្រទេសក្រីក្រ។ ខណៈកម្ពុជា សម្រេចបាននូវ អាត្រាចាក់វ៉ាក់សាំង ដ៏ខ្ពស់ជាងបណ្ដាប្រទេសដទៃ នៅតែបន្តរងការ ឈឺចាប់ដោយសារ ជំងឺកូវីដ-១៩នៅឡើយ។
![](https://dap-news.com/wp-content/uploads/2021/10/photo_2021-10-28_15-52-41-1024x682.jpg)
លោក បានបន្ដថា ជាក់ស្ដែងមានតែ ៧ភាគរយ នៃប្រជាជនអាហ្វ្រិក ដែលបានទទួល ការចាក់វ៉ាក់សាំងកូវីដ-១៩ ហើយបណ្ដាប្រទេស មានប្រាក់ចំណូលទាប មានតែប្រជាជន ២.៥ ភាគរយប៉ុណ្ណោះ ដែលទទួលបានការ ចាក់វ៉ាក់សាំងដូសទី១ ។ ដូច្នេះហើយយុទ្ធនាការ VOW ជំរុញឲ្យបណ្ដាប្រទេសG20 ធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ ដើម្បីធានាឲ្យបាននូវការ ចាក់វ៉ាក់សាំង ឲ្យពិភពលោកទាំងមូល ។ សកម្មភាពតស៊ូមតិ របស់អង្គការ AHF ប្រចាំកម្ពុជា គ្រាន់តែជាព្រឹត្តិការណ៍មួយ ផ្នែកតូចរបស់ VOW ដែលវាផ្តោតសំខាន់លើប្រទេស ជាច្រើនក្នុងរយៈពេលប៉ុន្មាន ខែចុងក្រោយនេះ នៅមុនកិច្ចប្រជុំកំពូល G20 ។
![](https://dap-news.com/wp-content/uploads/2021/10/photo_2021-10-28_15-52-45-1024x682.jpg)
ជាងនេះទៅទៀត សកម្មជន ក៏កំពុងជំរុញ ឲ្យបង្កើនលទ្ធភាព សិក្សាពីលំដាប់ហ្សែន ដើម្បីតាមដានវីរុសបំប្លែងថ្មី និងកំពុងរៃអង្គាសប្រាក់ ចំនួន១០០ពាន់លានដុល្លារ ដែលគ្រប់គ្រាន់ ដើម្បីចាក់វ៉ាក់សាំង ពិភពលោក ក៏ដូចជា ប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការ អន្តរជាតិដែលជាមធ្យោបាយចម្បង ក្នុងការដោះស្រាយ ជំងឺរាតត្បាត និងការធ្វើសេចក្តីព្រាង អនុសញ្ញាសុខភាព សាធារណៈសកលថ្មីមួយ សំដៅបម្រើប្រព័ន្ធអភិបាលកិច្ចសុខភាព ទូទាំងពិភពលោក ឱ្យមានសមត្ថភាព ឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះការផ្ទុះឡើង នាពេលអនាគត។
![](https://dap-news.com/wp-content/uploads/2021/10/photo_2021-10-28_15-52-49-1024x682.jpg)
សូមជម្រាបថា អង្គការនិធិថែទាំសុខភាពអេដស៍ (AHF) ដែលជាអង្គការអេដស៍ ពិភពលោកធំជាងគេ នាពេលបច្ចុប្បន្នផ្តល់ការព្យាបាល និងផ្តល់សេវាកម្មវេជ្ជសាស្រ្ត ដល់អតិថិជន ជាង១,៦លាននាក់ នៅក្នុងប្រទេស ចំនួន៤៥ នៅទូទាំងពិភពលោក៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)