ព័ត៌មានជាតិ

លោក រស់ សុវាចា អំពាវនាវ សមត្ថកិច្ចចាត់វិធានការ អ្នកក្លែងថា ឲ្យបេក្ខជនប្រឡង បាក់ឌុប និងឌីប្លូម ជាប់ស្វ័យប្រវត្តិ

ភ្នំពេញ ៖ ក្រោយមានការផ្សាយ ដោយក្លែងបន្លំ ធ្វើជាលិខិតរបស់ក្រសួងថា ឲ្យសិស្សថ្នាក់ទី១២ និងទី៩ ជាប់ដោយស្វ័យប្រវត្តិនោះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា បានអំពាវនាវឲ្យសមត្ថកិច្ចចុះស្រាវជ្រាវ ហើយចាត់វិធានការ តាមផ្លូវច្បាប់ ។

ដើម្បីកុំឲ្យមានការយល់ច្រឡំបន្តទៀត ក្រោយបញ្ជាក់ពីព្រឹកថ្ងៃ២៨ តុលា ដែលក្រសួងអប់រំ យុវជន និងកីឡា បានច្រានចោលទាំងស្រុង ចំពោះលិខិតក្លែងក្លាយ ដែលផ្សាយថា សម្រេចឲ្យសិស្សប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសញ្ញាបត្រមធ្យម សិក្សាបឋមភូមិ (ឌីប្លូម) កំណត់ឲ្យជាប់ជាស្ថាពរ ដោយមិនកំណត់និទ្ទេសនោះ រសៀលថ្ងៃដដែលនេះ ក្រសួងបានចេញលិខិតជាផ្លូវការច្រានចោល ទាំងស្រុងថែមទៀត ។

តាមរយៈមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នារសៀលថ្ងៃ២៨ តុលានេះ លោក រស់ សុវាចា បានថ្លែងថា “ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់ សមត្ថកិច្ចពាក់ព័ន្ធ មេត្តាបន្តផ្តល់កិច្ចសហការស្រាវជ្រាវ ករណីព័ត៌មានក្លែងក្លាយ ដើម្បីចាត់វិធានការ ជាធរមាន” ។

លោកបន្តថា ក្រសួងបានកំណត់កាលបរិច្ឆេទ ប្រឡងដីប្លូមនៅថ្ងៃ១៥ វិច្ឆិកា និងប្រឡងបាក់ឌុប នៅថ្ងៃ៦ធ្នូ ខាងមុខនេះ។

ជាមួយគ្នានេះ លោកក៏បានស្នើឲ្យសិស្សានុសិស្ស ដែលត្រូវប្រឡង ក្នុងកម្រិតទាំង២នេះ ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា ទាំងពីចម្ងាយក្តី អនឡាញក្តី និងក្នុងថ្នាក់ក្តី ព្រមទាំងថែទាំសុខភាព ខណៈកម្ពុជា និងពិភពលោកទាំងមូល កំពុងប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ដើម្បីត្រៀមប្រឡង នាពេលខាងមុខ ដោយជោគជ័យ ៕

To Top
×