ព័ត៌មានជាតិ

ចាប់ខ្លួន មេប៉េអឹម ក្រុងក្រចេះ ក្រោយប្រើហិង្សា លើក្មេងស្រី២នាក់

ភ្នំពេញ៖ មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងក្រចេះ លោកទេព ហ៊ុយ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើហិង្សា ទៅលើក្មេងស្រី ជាកូនឈ្នួលបម្រើនៅផ្ទះ បណ្ដាលឱ្យរងរបួស ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ។នេះបើយោងតាម សេចក្ដីប្រកាសព័តមាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ថា ឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ ឋានន្តរសក្តិវរសេនីយ៍ត្រី មុខងារមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងក្រចេះ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ មូលហេតុ បុគ្គលនេះ បានប្រព្រឹត្តអំពើហិង្សាទៅលើក្មេងស្រីដែលជាកូនឈ្នួល (អ្នកបម្រើនៅផ្ទះ)។ ទន្ទឹមនឹងនោះ ក៏បានឃាត់ខ្លួនបុគ្គលដែលពាក់ព័ន្ធ នឹងការប្រព្រឹត្តបទល្មើសផងដែរ។

កន្លងទៅ កងរាជអាវុធហត្ថ បានដាក់ចេញនូវទិសស្លោក “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប” ជាមួយគ្នានោះដែរ ក្រោមការគ្រប់គ្រង ដឹកនាំ បញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលគ្រប់រូប ដែលប្រព្រឹត្តបទល្មើសត្រូវតែបង្ក្រាប និងអនុវត្តតាមច្បាប់៕

To Top