ព័ត៌មានជាតិ

តំបន់វិស្សមកាល តារាសាគរ ត្រៀមទទួលទេសចរ វ៉ាក់សាំង ខណៈព្រលានយន្តហោះ នឹងបើកជើងហោះហើរ សាកល្បង នៅដើមឆ្នាំ២០២២

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយ វិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បាន ដឹកនាំកិច្ចប្រជុំ ជាមួយតំណាងក្រុមហ៊ុន វិស្សមកាលតារាសាគរ ដើម្បីត្រៀម បើកទទួលទេសចរណ៍ វ៉ាក់សាំង នៅក្នុងតំបន់វិស្សមកាល តារាសាគរ នាចុងខែវិច្ឆិកាខាងមុខនេះ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា កិច្ចប្រជុំនេះបានធ្វើឡើង នៅតំបន់វិស្សមកាលតារាសាគរ ខេត្តកោះកុង ដោយមានការចូលរួម ពីលោក ឃឹម ច័ន្ទឌី អភិបាលរង ខេត្តកោះកុង តំណាងក្រុមហ៊ុន វិស្សមកាល តារាសាគរ, ប្រធានសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិចកម្ពុជា តំណាងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា, ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ មួយចំនួនទៀតផងដែរ ។

លើកឡើងក្នុងឱកាសនោះលោក ថោង ខុន ក៏បានណែនាំលម្អិតពីផែនការ របស់រាជរដ្ឋាភិបាល ក្នុងការត្រៀម បើកដំណើរការទទួលទេសចរណ៍វ៉ាក់សាំង ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិ ពីប្រភពទីផ្សារ ដែលមានសក្តានុពល និងមានហានិភ័យទាប និងការត្រៀម អភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព តាមគន្លងប្រក្រតីភាពថ្មី ស្របតាមទស្សនទាន «ប្រែក្លាយបញ្ហាប្រឈម ទៅជាកាលានុវត្តភាព» ដល់តំណាងក្រុមហ៊ុន និងមន្ត្រីជំនាញ នៅក្នុងតំបន់វិស្សមកាលតារាសាគរ ។

លោក ថោង ខុន ក៏បានណែនាំដល់ក្រុមហ៊ុន វិស្សមកាលតារាសាគរ ត្រូវខិតខំពង្រីកសេវាកម្មរបស់ខ្លួន ឱ្យបានកាន់តែសំបូរ បែបបន្ថែមទៀត ដើម្បីអាចទាក់ទាញ ភ្ញៀវទេសចរមកទស្សនា ឱ្យបានកាន់តែច្រើន ជាមួយនឹងសេវាកម្មល្អ និងមានតម្លៃសមរម្យ ដែលមិនត្រឹមតែទទួល នូវភ្ញៀវទេសចរអន្តរជាតិ នោះទេ ភ្ញៀវទេសចរផ្ទៃក្នុង ក៏អាចមកសម្សាន្តកន្លែង ដែលមានផាសុខភាព នេះផងដែរ ខណៈពេលបច្ចុប្បន្ននេះ ភ្ញៀវទេសចរផ្ទៃក្នុង ក៏ពុងតែចាប់ផ្តើមធ្វើដំណើរ កម្សាន្ត តាមតំបន់គោលដៅទេសចរ ផងដែរ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ស្របជាមួយនឹងការត្រៀម ទទួលទេសចរវ៉ាក់សាំង ក៏មិនត្រូវភ្លេចជាដាក់ខាត នូវការខិតខំពង្រឹងសុវត្ថិភាព ក្នុងទីតាំងរបស់ខ្លួនតាមរយៈការ សំអាត និងបាញ់ថ្នាំសំលាប់មេរោគឱ្យបានញឹកញាប់ តាមគោលដៅក្នុងតំបន់របស់ខ្លួនឱ្យមានផាសុខភាព ស្របតាមផែនការ «ស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី» ដែលក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាលបានដាក់ចេញ ពិសេសទទួលភ្ញៀវជាតិ និងអន្តរជាតិ ចាក់វ៉ាក់សាំងប៉ុណ្ណោះ ។

បន្ថែមពីនេះលោក ថោង ខុន ក៏បានជំរុញក្រុមហ៊ុនវិស្សមកាលតារាសាគរ ពន្លឿននូវការសាង សង់ព្រលានយន្តហោះអន្តរជាតិតារាសារគរនេះ ឱ្យបានឆាប់រហ័ស ដើម្បីឈានទៅបើកជើងហោះហើរ ក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិផងដែរ ពិសេសតភ្ជាប់ពីខេត្តសៀមរាបអង្គរ ដែលនឹងចាប់ផ្តើម ដំណើរការ នៅក្នុងខែមករា ឆ្នាំ២០២១ខាងមុខនេះផងដែរ ។

ជាការឆ្លើយតប តំណាងក្រុមហ៊ុន សាងសង់ ក៏បានប្តេជ្ញាខិតខំធ្វើឱ្យបាន ឆាប់រួចរាល់ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ខណៈបច្ចុប្បន្ននេះបានសាងសង់ ជិតរួចរាល់ហើយ នៅតែហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងអគារអ្នកដំណើរ តែប៉ុណ្ណោះ ។
ព្រលាននេះ នឹងត្រៀម បើកការទទួលជើងហោះហើរ សាកល្បងនៅដើមខែមករា ឆ្នាំ២០២២ខាងមុខនេះ នឹងអាចបើកជាផ្លូវការ នៅពាក់កណ្តាល ឆ្នាំ២០២២ ក្នុងនោះអគារនេះអាចមានលទ្ធភាព ទទួលអ្នកដំណើរចេញ-ចូល និងឆ្លងកាត់ ជិត១លាននាក់ ក្នុងមួយឆ្នាំផងដែរ ។

ទាក់ទងនឹងតំបន់វិស្សមកាលតារាសាគរវិញ តំណាងក្រុមហ៊ុន ក៏បានសន្យាខិតខំពង្រីកសេវាកម្ម ក្នុងតំបន់របស់ ខ្លួនឱ្យកាន់តែសំបូរបែប ជាមួយនឹងតម្លៃសមរម្យ ដែលអាចផ្តល់ភាពងាយ ស្រួលទាំងភ្ញៀវជាតិ និងអន្តរជាតិមកសម្សាន្ត ស្របជាមួយនឹងទីតាំង ដែលមានផាសុខភាពសម្រាប់ភ្ញៀវផងដែរ ។

ជាមួយនោះតំណាងក្រុមហ៊ុន ក៏បានថ្លែងអំណរ គុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំទប់ស្កាត់កូវីដ១៩ និងបានជ្រើសរើសតំបន់ តារាសាគរជាតំបន់ បើកទេសចរណ៍វ៉ាក់សាំង ។ ក្រុមហ៊ុនក៏បានប្ដេជ្ញាអនុវត្តគោល នយោបាយណែនាំ វិធានសុខាភិបាល និងវិធានទេសចរណ៍ ឱ្យក្លាយជាតំបន់ទេសចរណ៍វ៉ាក់សាំង ដែលមានសុវត្ថិភាព ដើម្បីផ្ដល់ទំនុកចិត្ត ដល់អ្នកទេសចរផងដែរ ៕

To Top